(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក គឹម សន្ដិភាព បានប្រាប់បណ្ដាញសារព័ត៌មាន Fresh News នៅមុននេះបន្ដិចថា ជនដែលបង្ហោះព័ត៌មានតាម Facebook ថា មានជនជាតិវៀតណាមចាប់ក្មេងវះយកគ្រឿងក្នុង នៅស្រុកសំរោង ខេត្តតាកែវ បង្កឲ្យមានភាពចលាចលក្នុងសង្គមនោះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លូនបានហើយ នៅល្ងាចថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧នេះ និងកំពុងធ្វើការសួរនាំ។
លោក គឹម សន្តិភាព បានថ្លែងថា បុរសដែលត្រូវនៅពេលនេះមានឈ្មោះ លី ឆៃយ៉ា អាយុ៣០ឆ្នាំ ដែលជាម្ចាស់គណនី Facebook ឈ្មោះ «La chhaya»។ នៅពេលនេះជនខាងលើ បាននិងកំពុងឃាត់ខ្លួន សាកសួរនៅប៉ុស្ដិ៍រដ្ឋបាលឃុំខ្វាវ ដើម្បីចាត់ការតាមនីតិវិធីបន្ដទៀត។ នេះបើតាមមន្រ្តីនគរបាលខេត្តតាកែវ បានបញ្ជាក់បន្ថែម។
ជាមួយនឹងព័ត៌មានខាងលើនេះ លោក គឹម សន្តិភាព បានបញ្ជាក់យ៉ាងដូច្នេះថា «គិតមកដល់ពេលនេះ តាមព័ត៌មានពីតំណាងអយ្យការតាមរាជធានីខេត្ត ទូទាំងប្រទេស គឺពុំទាន់មានករណីបទល្មើស ចាប់ក្មេងដើម្បីវះយកសរីរាង្គនៅឡើយនោះទេ គឺផ្ទុយពីព័ត៌មានបំពុលនានា ដែលបាននឹងកំពុងផ្សព្វផ្សាយ នៅលើបណ្តាញសង្គម។ នៅពេលនេះតាមព័ត៌មានដែលទទួលបាន តំណាងអយ្យការអមសាលាដំបូងខេត្តតាកែវ បានសម្រេចឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតហើយ ពាក់ព័ន្ធនឹងការផ្សព្វផ្សាយព័ត៌មាន បំពុលលើបណ្តាញសង្គមរបស់ខ្លួន ទាក់ទងនឹងករណីចាប់ក្មេងនេះ ដែលនេះជាករណីថ្មីមួយទៀត បន្ទាប់ពីករណីកាលពី ម្សិលមិញ នៅខេត្តកំពង់ធំ»។
បើតាមលោក គឹម សន្តិភាព បានបន្តបញ្ជាក់ទៀតថា តំណាងអយ្យការទូទាំងប្រទេស បានកំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ពិនិត្យស្រាវជ្រាវ និងអនុវត្តច្បាប់យ៉ាងម៉ឹងម៉ាត់ ចំពោះការផ្សព្វផ្សាយព័ត៌មាននានា ដែលមានចរិកទុច្ចរិតបង្កឲ្យមានការភ័យខ្លាច និងចលាចលក្នុងសង្គម និងសូមអំពាវនាវឲ្យ បញ្ឈប់ជាបន្ទាន់ នូវការផ្សព្វផ្សាយព័ត៌មាន ដែលពុំមែនជាការពិតបែបនេះ។
ជាមួយគ្នានេះលោកក៏សូមអំពាវនាវបងប្អូនដែលទទួលបានព័ត៌មាននានាទាក់ទងនឹងករណីនេះ សូមផ្តល់ព័ត៌មានដល់សមត្ថកិច្ចក្រសួងមហាផ្ទៃ តាមរយៈលេខទូរស័ព្ទ 031 201 2345 , 031 601 2345។ ជាមួយគ្នានេះស្នងការនគរបាលខេត្តតាកែវ ក៏បានបង្ហោះការបកស្រាយនៅលើទំព័រ Facebook របស់ខ្លួនព្រមទាំងប្រកាសឲ្យប្រជាពលរដ្ឋ ប្រញ៉ាប់រាយការណ៍មក សមត្ថកិច្ចតាមរយៈលេខទូរស័ព្ទ 097 7780 005 បើសិនជាមានករណីនេះកើតឡើងតាមមូលដ្ឋាន។
សូមបញ្ជាក់ថា ព័ត៌មានថា ជនជាតិវៀតណាមចូលមកចាប់ក្មេងខ្មែរវះយកគ្រឿងក្នុង (ក្រលៀន, ភ្នែក...) រយៈពេលចុងក្រោយនេះ បានក្លាយទៅជាប្រធានបទ ដ៏ក្ដៅគគុកមួយ នៅក្នុងសង្គម ជាពិសេសធ្វើឲ្យឪពុកម្ដាយជាច្រើននាក់ ព្រួយបារម្ភពីបញ្ហានេះ រហូតអ្នកខ្លះមិនឲ្យកូនទៅរៀនទៀតផង។
ស្នងការដ្ឋាននគរបាលខេត្តតាកែវ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧នេះ បានបញ្ជាក់ឱ្យដឹងថា ករណីនេះជាការយល់ច្រឡំតែប៉ុណ្ណោះ៕