(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ឬហៅកាត់ថា (GMAC) និងអង្គការពលកម្មអន្តរជាតិ នៃគម្រោងរោងចក្រកាន់តែប្រសើរ (ILO-BFC) រួមសហការគ្នា ក្នុងការធ្វើពង្រាងយុទ្ធសាស្រ្ត អភិវឌ្ឍន៍វិស័យកាត់ដេរ និងស្បែកជើងកម្ពុជា ក្នុងរយៈពេលវែងពីឆ្នាំ២០១៨-២០២៥ ដើម្បីរក្សាកំណើនខ្ពស់ ដើម្បីបង្កើនគុណភាពផលិតផល ក្នុងឧស្សាហកម្មនេះ យ៉ាងហោចណាស់ឲ្យបាន៥០ភាគរយ នៅត្រឹមឆ្នាំ២០២៥។
យោងតាមសេចក្តីព្រាងផែនការយុទ្ធសាស្ដ្រ ២០១៨-២០២៥ នឹងផ្តោតសំខាន់លើបញ្ហាប្រឈមសំខាន់ៗមួយ នៃឧស្សាហកម្មនេះដូចជា បញ្ហាធាតុចូល និងតម្លៃថ្លៃដើមខ្ពស់ បញ្ហាទំនាក់ទំនងឧស្សាហកម្ម បញ្ហាផលិតកម្ម និងសមត្ថភាពផលិត បញ្ហាបរិយាកាសអាជីវកម្មបរិស្ថាន បញ្ហាខាងក្រៅនិងការប្រកួតប្រជែង។
លោក កាំង ម៉ូនីកា អគ្គលេខាធិការរងនៃសមាគមរោងចក្រកាត់ដេរកម្ពុជា បានស្វាគមន៍ចំពោះផែនការនេះ ដោយនិយាយថា វាគឺជាកម្លាំងចលករថ្មីមួយ សម្រាប់ឧស្សាហកម្មនេះ ក្នុងការមានយុទ្ធសាស្រ្តច្បាស់លាស់ និងគោលនយោបាយ ក្នុងការឆ្លើយតបដើម្បីរក្សាកំណើនរបស់ខ្លួន ក៏ដូចជាបង្កើនធនធានមនុស្ស នៃឧស្សាហកម្មនេះ ដើម្បីបង្កើតឱ្យមានការប្រកួតប្រជែង កាន់តែខ្លាំងឡើង។
លោកបានលើកឡើងថា «វាជាការងាររួមគ្នារវាងរដ្ឋាភិបាល GMAC និង ILO-BFC ។ យើងអាចនិយាយបានថា រដ្ឋាភិបាលកំពុងខិតខំប្រឹងប្រែង បង្កើតនូវគោលនយោបាយយុទ្ធសាស្ត្រ រយះពេលវែងនេះដើម្បីគាំទ្រ និងអភិវឌ្ឍវិស័យកាត់ដេរ និងស្បែកជើងនេះឲ្យមានកំណើនប្រកបដោយស្ថេរភាព សមាគមរោងចក្រកាត់ដេរកម្ពុជា សូមកោតសរសើរដល់កិច្ចប្រឹងប្រែង របស់រដ្ឋាភិបាលលើបញ្ហានេះ»។
លោកបន្តទៀតថា «គោលនយោបាយចម្បងនេះ នឹងជួយកាត់បន្ថយនូវការចំណាយថ្លៃដើមខ្ពស់ និងបង្កើនប្រសិទ្ធភាពនៃឧស្សាហកម្ម ដែលរួមបញ្ចូលការអភិវឌ្ឍជំនាញ ដើម្បីបង្កើនខ្សែសង្វាក់ផលិតកម្ម និងដើម្បីបង្កើនផលិតភាពផលិតកម្ម ។ ហើយគោលនយោបាយនេះ ក៏នឹងផ្តោតសំខាន់ទៅលើការកែលម្អ នូវទំនាក់ទំនងវិជ្ជាជីវៈ ដោយនាំមកនូវបរិយាកាសផលិតកម្ម ដែលមានស្ថេរភាព និងសន្តិភាពក្នុងន័យកាត់បន្ថយចំណាយ»។
ការស្ទង់មតិនៃពង្រាងនេះ បានចាប់ផ្តើមប្រហែល៣ សប្តាហ៍មុនរួចមកហើយ។ បច្ចុប្បន្ននេះវាត្រូវបានគេរៀបចំឡើងដើម្បីប្រមូលព័ត៌មាន និងទិន្នន័យគ្រប់គ្រាន់ ជាមូលដ្ឋានសម្រាប់យុទ្ធសាស្ត្រ។ នេះបើយោងតាមលោកមូនីកា បានឱ្យដឹងថា គោលនយោបាយត្រូវបានបញ្ចប់នៅដំណាច់ឆ្នាំ។
បើយយោងតាមយុទ្ធសាស្ដ្រឆ្នាំ២០១៨-២០២៥នេះ ក៏នឹងផ្តោតលើនិន្នាការសកលលោក និងឱកាសនៃឧស្សាហកម្មកាត់ដេរ បានបន្តដាក់សំពាធបន្ថែមទៀត លើឧស្សាហកម្មកាត់ដេរ និងស្បែកជើងរបស់កម្ពុជា ហើយវិធានការយុទ្ធសាស្រ្ត គឺត្រូវរៀបចំជាពិសេស ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនោះ ដោយពិចារណាអំពីរយៈពេលខ្លី និងរយៈពេលមធ្យមក៏ដូចជា ទស្សនវិស័យរយៈពេលវែង។
គួររំលឹកផងដែរថា កាលដើមខែកក្កដានេះ វិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរកម្ពុជារបស់ GMAC បានបើកវគ្គបណ្តុះបណ្តាលជាលើកដំបូងរបស់ខ្លួន ក្នុងការផ្តល់នូវការបណ្តុះបណ្តាលជំនាញ ដល់សិស្សដែលកំពុងធ្វើការ នៅក្នុងឧស្សាហកម្មនេះ។
យោងតាមអគ្គនាយកដ្ឋានគយ និងកាត់ដេរកម្ពុជា (GDCE) បានឱ្យដឹងថាការនាំចេញសម្លៀកបំពាក់និងស្បែកជើងរបស់ប្រទេសកម្ពុជាបានកើនឡើង ៧.២ ភាគរយស្មើនឹង ៧.៣ពាន់លានដុល្លារនៅឆ្នាំ ២០១៦ (កើនឡើងពី ៦.៨ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៥) ។
វិស័យនេះនៅតែជាផ្នែកសំខាន់បំផុតនៃការនាំចេញរបស់កម្ពុជាដោយការនាំចេញសម្លៀកបំពាក់និងស្បែកជើងមានចំនួន ៧៨ ភាគរយនៃការនាំចេញសរុបរបស់ប្រទេសនៅឆ្នាំ២០១៦៕