(ភ្នំពេញ)៖ តារាសម្ដែងប្រុសស្រី ក្នុងរឿងភាគ ចំនួន២ គឺរឿង «ចម្ការម្លប់ស្នេហ៍» និងរឿង«ជីវិតនាងរចនា» ដែលកំពុងតែចាក់ផ្សាយ នៅក្នុងស្ថានីយទូរទស្សន៍ កងយោធពលខេរៈភូមិន្ទ ប៉ុស្ដិ៍លេខ៥ ត្រូវបានផលិតករមកពីប្រទេសថៃ សម្ដែងការកោតសរសេរ បន្ទាប់ពីពួកគេ បានបង្ហាញវត្តមាន និងទេពកោសល្យសម្ដែង បានយ៉ាងល្អ ដែលជាចំណុចមួយ បង្ហាញឲ្យឃើញថា វិស័យភាពយន្ត កំពុងតែឆ្ពោះ ទៅរកភាពរីកចម្រើន ល្បីល្បាញដូចទៅនឹងបណ្ដាប្រទេសផ្សេងៗ ជាច្រើនទៀត។
អ្នកផលិតកម្មវិធីកម្សាន្ត ប្រចាំនៅប៉ុស្ដិ៍លេខ៥ លោក ហួង តារាមុន្នី បានអះអាងថា ជាគោលការណ៍ផលិតករថៃ ដែលប៉ុស្ដិ៍លេខ៥ ចំណាយលុយឲ្យចុះមកផលិតរឿងឲ្យប៉ុស្ដិ៍លេខ៥ គឺមានក្នុងរយៈពេលកំណត់មួយ ប៉ុន្តែមកពីខាងអ្នកផលិតដោយផ្ទាល់ ពេញចិត្តសមត្ថភាពរបស់តារាខ្មែរ និងចង់បន្តការងារជួយផលិតភាពយន្តភាគ របស់ប៉ុស្ដិ៍លេខ៥ឲ្យកាន់តែល្អបន្ថែមទៀត ទើបបានផ្ដល់ការយោគយល់ ហើយបន្តការងារផលិតមួយនេះ ដោយគ្មានកំណត់ដែលលោកបានហៅការផ្លាស់ប្ដូរជំហរនោះថា ដោយសារតែតារាខ្មែរកាន់តែផ្ដល់ ទំនុកចិត្តឲ្យផលិតករថៃសប្បាយចិត្ត នឹងការងារ។
ផលិតករភាពយន្ត ប៉ុស្ដិ៍លេខ៥បានសរសើរដោយចំហរថា តារាសម្ដែងនៅក្នុងប្រទេសកម្ពុជាកាន់តែ បានឈានឡើងក្នុងការសម្ដែងភាពយន្ត បើទោះជាតារាភាគច្រើន មិនបានឆ្លងកាត់ការបង្វឹក បែបអាជីពដូចគ្នា នឹងតារាសម្ដែងរបស់ប្រទេសថៃផ្ទាល់។ ក្នុងនោះតារាដែលបានសម្ដែងក្នុងរឿង«ចម្ការម្លប់ស្នេហ៍» និងក្នុងភាពយន្តភាគរឿង «ជីវិតនាងរចនា» គឺសុទ្ធតែត្រូវបានសរសើរថាសម្ដែងបានល្អ។
លោក ហួង តារាមុន្នី បានសរសើរថា តួសម្ដែងភាគច្រើនក្នុងរឿង ដែលខាងផលិតករថៃចាត់ចែងដឹកនាំ មិនសូវកើតមានបញ្ហាជុំវិញរឿង មកសម្ដែងយឺត និងបោះបង់ការងារកណ្ដាលទីនោះទេ។ ផ្ទុយទៅវិញ គឺមានតែបំពេញការងារបានល្អ ដោយក្រៅពីមានការយោគយល់អធ្យាស្រ័យ គឺតារាខ្មែរភាគច្រើន ក៏មានសមត្ថភាពសម្ដែងខ្ពស់ ដោយមិនធ្វើឲ្យផលិតករឈឺក្បាលនោះដែរ។ ផលិតករថៃសរសើរមិនដាច់នោះទេ នៅពេលនិយាយដល់ការសម្ដែងក្នុងរឿង «ចម្ការម្លប់ស្នេហ៍» និងរឿង«ជីវិតនាងរចនា» ដែលទើបតែបានថតចប់ និងត្រៀមដាក់បញ្ចាំង នៅលើកញ្ចក់ទូរទស្សន៍ប៉ុស្ដិ៍លេខ ក្នុងចន្លោះម៉ោងមាស។
ដោយសារតែលើកទឹកចិត្តតួសម្ដែង និងចង់ចងភ្ជាប់ទំនាក់ទំនង កាន់តែល្អជាមួយផលិតករខ្មែរ និងថៃនោះហើយ ដែលប៉ុស្ដិ៍លេខ៥ រមែងចំណាយប្រាក់ជប់លៀងជាទ្រង់ទ្រាយធំ នៅភោជនីយដ្ឋានទន្លេបាសាក់២ គ្រប់ពេលបញ្ចប់ការសម្ដែង ដោយបញ្ជាក់ថា ការចំណាយមួយលើកៗ គឺច្រើនឲ្យសមនឹងការប្រឹងប្រែង របស់តារាខ្មែរ។ នោះជាការចំណាយមួយយ៉ាងមានន័យ ហើយដោយសារតែការចង់ភ្ជាប់ទំនាក់ទំនងរវាងគ្នា នឹងគ្នានេះហើយ ដែលលោកយល់ថា ជាមូលហេតុធ្វើឲ្យការសម្ដែងក្នុងរឿងទាំង២ ខាងលើទទួលបានជោគជ័យ៕