(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក គួច ចំរើន នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧នេះ បានចាត់ឲ្យក្រុមការងារយកអំណោយផ្ដល់ជូន ប្រជាពលរដ្ឋចំនួន០៤គ្រួសារ ដែលរងគ្រោះដោយការបាក់ស្រុតច្រាំង នៅភូមិគរគី ឃុំកោះអណ្ដែត ស្រុកស្រីសន្ធរ។
ក្រុមការងាររបស់លោកអភិបាលខេត្តកំពង់ចាម ដែលយកអំណោយប្រគល់ប្រជាពលរដ្ឋទាំង០៤គ្រួសារនោះ បានឲ្យដឹងថា ទី១៖គ្រួសារឈ្មោះ ភី ស្រីល័ក្ខ អាយុ៣៥ឆ្នាំ,ទី២៖ គ្រួសារឈ្មោះ ហ៊ី ឆៃលាង អាយុ៧៥ឆ្នាំ, ទី៣៖គ្រួសារឈ្មោះ បោ ភារម្យ អាយុ២៩ឆ្នាំ និងទី៤៖គ្រួសារឈ្មោះ សេង ម៉េងហួត អាយុ២៨ឆ្នាំ ដោយមួយគ្រួសារទទួលបាន ថវិកា៥០០,០០០រៀល។ គ្រួសារទាំង០៤ ដែលរងគ្រោះដោយការបាក់ស្រុតច្រាំងនេះ បច្ចុប្បន្នកំពុងរៀបចំជួសជុលផ្ទះឡើងវិញផងដែរ។
សូមជម្រាបថា គ្រួសារទាំង០៤នេះ ស្ថិតក្នុងចំណោមគ្រួសារទាំង០៦ ដែលកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧កន្លងទៅ លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម បានចុះទៅផ្ទាល់ដោយប្រគល់អំណោយបាន០២គ្រួសារ រួចមកហើយ។
សម្រាប់គ្រោះធម្មជាតិមួយនេះ ត្រូវបានអភិបាលខេត្តកំពង់ចាម អះអាងថា កើតឡើងជារាងរាល់ឆ្នាំ ដោយបាក់ស្រុតច្រាំងបន្តិចៗម្តង នៅពេលទឹកឡើងខ្លាំង និងទឹកស្រកទៅវិញ។ តែយ៉ាងណាក៏ដោយនោះ លោកអភិបាលខេត្ត បានប្រាប់ទៅអាជ្ញាធរ និងមន្ត្រីជំនាញ ត្រូវចុះត្រួតពិនិត្យតាមដានជាប្រចាំ ដើម្បីរាយការណ៍ជូនលោក ត្រៀមអន្តរាគមន៍ជួយប្រជាពលរដ្ឋ៕