(ភ្នំពេញ)៖ វិទ្យាស្ថានបណ្ដុះបណ្ដាល វិស័យកាត់ដេរដំបូងគេបង្អស់ នៅកម្ពុជា (CGTI) បានដំណើរការបណ្ដុះបណ្ដាល កម្មករកម្មការិនីក្នុង
វិស័យកាត់ដេរកម្ពុជាហើយ ដោយសិស្ស៨៧នាក់ដំបូង បានបញ្ចប់ការសិក្សាដោយជោគជ័យ និងត្រៀមបណ្ដុះបណ្ដាលសិស្ស
ថ្មីបន្ដទៀត នៅពាក់កណ្ដាល ខែ​សីហាខាងមុខនេះ។

ថ្លែងនៅក្នុងកិច្ចសម្ភាសន៍ ជាមួយ​អង្គភាពព័ត៌មាន Fresh News លោក Andrew Tey នាយកវិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យ​កាត់ដេរ បានបញ្ជាក់ឲ្យដឹងថា វិទ្យាស្ថានទើបតែបញ្ចប់ការបណ្ដុះបណ្ដាល ជំនាញរយៈពេលខ្លីជូនដល់កម្មករ កម្មការិនីកាត់ដេរ៨៧​នាក់ ខណៈនៅសប្ដាហ៍ទី២ និងទី៣ ខែសីហាខាងមុខនេះ វិទ្យាស្ថាននឹងបន្ដបណ្ដុះបណ្ដាល កម្មករ-កម្មការិនីជាង១០០នាក់​ថែមទៀត។

នាយកវិទ្យាស្ថានដដែលរូបនេះ បានបន្ថែមទៀតថា ចំពោះការសិក្សាវគ្គឌីប្លូម៉ា សម្រាប់សិស្សដែលបញ្ចប់សិក្សាសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឬបរិញ្ញាប័ត្រ នឹងចាប់ផ្ដើមនៅខែកញ្ញា ឆ្នាំ២០១៧ ខាងមុខនេះ ដែលមានរយៈពេលសិក្សាជាង៣ខែ។

លោក Andrew Tey បានថ្លែងបញ្ជាក់ឲ្យដឹងទៀតថា កម្មវិធីបណ្ដុះបណ្ដាលនៅក្នុងវិទ្យាស្ថាននេះ គឺយកមកពីដៃគូដែលជាវិទ្យាស្ថាន ដែលបណ្ដុះបណ្ដាលវិស័យកាត់ដេរ ដ៏ល្បីក្នុងប្រទេសសង្ហិបុរី ហើយសម្រាប់អត្ថប្រយោជន៍ កម្មករ-កម្មការិនីកាត់ដេរ ដែលបានចូល​មក​សិក្សានៅក្នុងវិទ្យាស្ថាន នឹងធ្វើឲ្យពួកគាត់ទទួលបាននូវជំនាញច្បាស់លាស់ និងស្គាល់ច្បាស់ពីខ្លួនឯង ថាតើត្រូវចាប់ផ្ដើមធ្វើ​ការងារពីចំណុចណា ទៅកាន់ចំណុចណា ហើយត្រូវអភិវឌ្ឍន៍ខ្លួនឯងយ៉ាងដូចម្ដេច?។

បន្ថែមលើសពីនេះ នាយកវិទ្យាស្ថានដដែលរូបនេះ បានបញ្ជាក់ថាវិទ្យាស្ថានបណ្ដុះបណ្ដាល វិស័យកាត់ដេរនៅកម្ពុជា មិនត្រឹមតែបណ្ដុះបណ្ដាលនូវជំនាញវិជ្ជាជីវៈ ពាក់ព័ន្ធនឹងវិស័យកាត់ដេរនោះទេ ពោលគឺបណ្ដុះបណ្ដាល ភាពជាអ្នកដឹកនាំ ដែល​នឹងជួយឲ្យពួកគាត់ អាចយល់ដឹងថា អ្វីទៅជាផលិតភាព ហើយធ្វើយ៉ាងម៉េច ដើម្បីឲ្យប្រតិកម្មដែលដំណើរការអាចទទួលបាន
សមិទ្ធផល​ខ្ពស់។

សូមជម្រាបថា វិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរ ស្ថិតក្រោមការគ្រប់គ្រង់ របស់សមាគមរោងចក្រកាត់ដេរកម្ពុជា ដែលទទួលបានកម្ចី ពី​ទីភ្នាក់​ងារអភិវឌ្ឍន៍បារាំង ទឹកប្រាក់៣លានដុល្លារ ក្នុងគោលបំណង ដើម្បីបង្កើននូវចំណេះដឹង ជំនាញរបស់កម្មករ-កម្មការិនីកម្ពុជា ដែលបម្រើ​ការងារ ក្នុងវិស័យកាត់ដេរ៕

សូមទស្សនាកិច្ចសម្ភាសន៍ របស់អង្គភាពព័ត៌មាន Fresh News ជាមួយនាយកវិទ្យាស្ថានបណ្ដុះបណ្ដាល វិស័យកាត់ដេរ លោក ​​Andrew Tey ដូចខាងក្រោម៖