(តាកែវ)៖ ព្រះវិហារថ្មីមួយ និងសមិទ្ធផលនានា វត្តបុទុមសុរិយាហៅ (វត្តក្រពើទើ) ស្ថិតក្នុងឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ បានប្រារព្ធពិធីបញ្ចុះបឋមសិលា និងសមិទ្ធផលនានាដែលត្រូវសម្ភោធដាក់ឲ្យប្រើប្រាស់នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧នេះ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដោយមានការចូលរួមពីលោក ម៉ុក ម៉ារ៉េត អ្នកតំណាងរាស្ត្រមណ្ឌលតាកែវ, លោក ម៉ៅ ហាវណ្ណាល់ ប្រធានក្រុមការងារគណៈអចិន្ត្រៃយ៍គណៈពង្រឹងស្រុកសំរោង, លោក ជា វាន់ដេត អ្នកតំណាងរាស្ត្រ, លោក កឹម រ័ត្នពិសិដ្ឋ នាយករងខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី ព្រមទាំងមន្ត្រីអមដំណើជាច្រើនរួបទៀត។
នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានថ្លែងថា វត្តបុទុមសុរិយាហៅ វត្តក្រពើទើ គឺជាទីអារាមមួយក្នុងចំណោមវត្តទាំង៣៩ ក្នុងស្រុកសំរោង ដែលទទួលរងគ្រោះការបំផ្លិចបំផ្លាញស្ទើរគ្មានសស់ក្នុងរបបប្រល័យពូជសាសន៍ប៉ុល ពត ដូចវត្តនានានៅទូទាំប្រទេសដែរ ជាភព្វសំណាងក្រោយថ្ងៃ៧ មករា ១៩៧៩ បានកសាងសមិទ្ធផលឡើងវិញ និងមានការរីកចម្រើនជាបន្តបន្ទាប់ មានកុដ ព្រះវិហារ សាលាធម្មសភា ស្រះទឹក ចេតីយ៍ របង ក្លោងទ្វារ អណ្តូងទឹក និងផ្លូវប៉េងតុង។ល។ ព្រះវិហារ និងសមិទ្ធផលនានា ចំណាយថវិកាសាងសង់អស់៧៥៩៩០៧ដុល្លាអាមេរិក។
នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានបន្តថា ព្រះវិហារថ្មីដែលរៀបចំបញ្ចុះបឋមសិលា និងសមិទ្ធផលនានាដែលត្រូវសម្ភោធដាក់ ឲ្យប្រើប្រាស់នាពេលនេះ បានប្រារព្ធធ្វើឡើងស្របពេលដែលនៅទូទាំងប្រទេសជាតិទាំមូល ទទួលបាននូវសុខសន្តិភាពយ៉ាងបរិបូរណ៍ គ្រប់ល្ហកពេញផ្ទៃប្រទេសប្រជពលរដ្ឋគ្រប់រូបទទួលបានសុខសន្តិភាព និងស្ថេរភាពយ៉ាងពេញលេញក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាស់វៃ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងកាសំណេះសំណាលជាមួយ សមាជិកបក្សជាង១២០០នាក់នោះផងដែរ ។
នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានគូសបញ្ជាក់យ៉ាងច្បាស់ថា សន្តិភាពមានតម្លៃពុំអាចកាត់ថ្លៃបានឡើយ ប្រជាពលរដ្ឋ មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ ព្រះសង្ឃ លោកគ្រូអ្នកគ្រូ និងក្មួយសិស្សានុសិស្ស ត្រូវចូលរួមថែរក្សាសន្តិភាពនេះ ឲ្យបានស្ថិតស្ថេរ គង់វង្ស និងប្រឆាំង ចំពោះរាល់សកម្មភាពបំពានទាំឡាយណា ដែលមានបំណងមិនល្អឈានដល់ការបំផ្លាញ សន្តិភាព ស្ថេរភាព និងសេចក្តីសុខរបស់ប្រជាពលរដ្ឋ និងសង្គមជាតិ។
ក្នុងឱកាសនោះនាយឧត្តមសេនីយ៍កិត្តិបណ្ឌិតហ៊ីង ប៊ុនហៀង បានពាំនាំអំណោយដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រគេនវត្តបុទុមសុរិយានូវបច្ច័យ៤០លានរៀល និងស៊ីម៉ង់ត៍១០តោនក្នុងនោះប្រគេនទិសកណ្តាល១លានរៀល និង៨ទិសទៀត ក្នុង១ទិស៥០ម៉ឺនរៀល ព្រមទាំងបានចែកជូនវត្ថុអនុស្សាវរីយ៍ជូនដល់ សមាជិកបក្ស មន្ត្រីក្រុមប្រឹក្សាឃុំ លោកតាលោកយាយជី លោកគ្រូអ្នកគ្រូ យុវជន សិស្សានុសិស្ស និងកងកម្លាំងមានសមត្ថកិច្ចផងដែរ៕