(ភ្នំពេញ)៖ លោក ង៉ាន់ ចំរើន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានប្រតិបត្តិលេខាធិការដ្ឋាន គណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍ នៅថ្នាក់ក្រោមជាតិ តាមបែបលទ្ធប្រជាធិបតេយ្យ (គ.ជ.អ.ប) នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧នេះ បានអះអាងថា សហភាពអឺរ៉ុប ហៅកាត់ថា EU នឹងផ្ដល់ថវិកាបន្ថែមប្រមាណ២លានដុល្លារ សម្រាប់មូលនិធិអភិវឌ្ឍនៅថ្នាក់ក្រោមជាតិ ទៅឲ្យក្រុង-ស្រុក នៅក្នុងឆ្នាំ២០១៧នេះ។
ការអះអាងបែបនេះ បានធ្វើឡើងក្នុងឱកាសដែល លោក ង៉ាន់ ចំរើន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញបើកវគ្គសិក្ខាសាលាស្ដីអំពី «ការពិនិត្យ និងពិគ្រោះយោបល់ អំពីស្ថានភាពនៃការអនុវត្តការងារ នៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ» ដែលរៀបចំធ្វើឡើងរយៈពេល២ថ្ងៃ ចាប់ថ្ងៃទី៣១ ខែកក្កដានេះ ដល់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧។
លោក ង៉ាន់ ចំរើន ថ្លែងយ៉ាងដូច្នេះថា «សហភាពអ៊ឺរ៉ុប មានបំណងចង់ជួយដល់ផ្នែកអភិវឌ្ឍ របស់ក្រុង-ស្រុក ឆ្នាំនេះលោកមានផែនការផ្ដល់ថវិកា ប្រហែល២លានដុល្លារបន្ថែម នៅលើមូលនិធិក្រុង-ស្រុក ដែលបានបែងចែកអំពីថវិការបស់ជាតិ ដើម្បីឲ្យក្រុង-ស្រុកមានលទ្ធភាពច្រើន ក្នុងការងារអភិវឌ្ឍ នៅក្នុងមូលដ្ឋានរបស់ខ្លួន...ចឹងឥលូវយើងកំពុងធ្វើការជាមួយ ក្រសួងហរិញ្ញវត្ថុ ដើម្បីរៀបចំទម្លាក់ថវិកាទៅឲ្យក្រុង-ស្រុក»។
លោក ង៉ាន់ ចំរើន បានបញ្ជាក់ថា ជាទូទៅ ផ្អែកតាមមូលនិធិក្នុងស្រុកក្នុងឆ្នាំ២០១៧ ដែលមានចំនួនប្រហែលជាង៣០លានដុល្លារ ដែលបែងចែក ទៅការថ្នាកជាតិ ទៅឲ្យក្រុង-ស្រុកនីមួយៗ ដោយក្នុងនោះ មានថវិកាជាមធ្យមជិត២០ម៉ឺនដុល្លារ តែគ្រាន់ថាថវិកានោះ ប្រហែល៧០% បានចំណាយ ទៅលើប្រាក់បៀវត្ស៍ ក៏ដូចជាចំណាយរដ្ឋបាល ដូច្នេះមួយក្រុង-ស្រុក នៅសល់តែប្រហែលជាមិនដល់៣០% ក្នុងការអនុវត្តគំរោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាបញ្ហាសង្គមមួយចំនួនក្នុងក្រុង-ស្រុក។
អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានបន្ដទៀតថា ដោយសារតែមានបញ្ហានេះ ទើបបានជា EU ដាក់បន្ថែមថវិកាឲ្យ២ម៉ឺនដុល្លារទៀត មានន័យថា ក្រុង-ស្រុកខ្លះធំ ឡើងជិត៣០ម៉ឺនដុល្លារ និងក្រុង-ស្រុកខ្លះតូច ឡើងជិត១៥ម៉ឺនដុល្លារ វាអាស្រ័យទៅតាមទំហំនៃក្រុង-ស្រុក។
លោកបន្តថា ការបែងចែក ត្រូវផ្អែកទៅលើប្រព័ន្ធបែងចែក ដោយផ្អែកទៅលើលក្ខណៈវិនិច្ឆ័យចំនួន៣ រូមមានទី១៖ផ្អែកទៅលើចំនួនប្រជាពលរដ្ឋ, ទី២៖ផ្អែកទៅលើអត្រាភាពក្រីក្រ និងទី៣៖ផ្អែកទៅលើអត្រាចែងដោយស្មើគ្នា។
សូមជម្រាបថា សិក្ខាសាលាខាងលើនេះ មានគោលបំណងពិនិត្យស្ថានភាព នៃការអនុវត្តតួនាទី ភារកិច្ចរបស់រដ្ឋបាល ក្រុង ស្រុក ខណ្ឌ តាមក្របខ័ណ្ឌគតិយុត្តពាក់ព័ន្ធ នឹងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងដើម្បីក្ដាប់បាននូវបញ្ហាប្រឈមនានា ក្នុងការអនុវត្តកម្មវិធី ជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ដែលមានចូលរួមពីអភិបាលរងរាជធានី ខេត្តប្រធានក្រុមប្រឹក្សា ក្រុង ស្រុក ខណ្ឌ អភិបាលក្រុង ស្រុក ខណ្ឌ និងអ្នកពាក់ព័ន្ធនានា ប្រមាណជាង៤៥០នាក់។
សិក្ខាសាលានេះ នឹងពិភាក្សាលើប្រធានបទពាក់ព័ន្ធសំខាន់ៗរួមមាន១៖ ការផ្ដេរមុខងារ, ២៖ការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្ស, ៣៖ ការគ្រប់គ្រងហិរញ្ញវត្ថុក្រុង ស្រុក, ៤៖ ប្រព័ន្ធផែនការក្រុង ស្រុក ខណ្ឌ, ៥៖ ការផ្ដល់សេវារដ្ឋបាលនៅថ្នាក់ក្រុង ស្រុក ខណ្ឌ ការិយាល័យច្រក ចេញចូលតែមួយ, ៦៖ ទំនាក់ទំនងអន្ដររដ្ឋបាល និងការគាំទ្រឃុំ សង្កាត់, ៧៖ ការងារគណនេយ្យភាព សង្គមរបស់រដ្ឋបាលស្រុក និងប្រព័ន្ធទិន្នន័យព័ត៌មានសម្រាប់ការគ្រប់គ្រងរបស់ក្រុង ស្រុក ខណ្ឌ និងសង្គមរបស់រដ្ឋបាលស្រុក និងប្រព័ន្ធទិន្នន័យព័ត៌មានសម្រាប់ការគ្រប់គ្រងរបស់ក្រុង ស្រុក ខណ្ឌ និង ៨៖ ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានក្នុងភាពជាដៃគូ។
នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០១៧ស្អែកនេះ នឹងមានការរៀបចំវេទិកាសំណួរ-ចម្លើយ ដោយមានការអញ្ជើញវាគ្មិនសំខាន់ៗមកពី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមុខងារ សាធារណៈ ក្រសួងផែនការ និងក្រសួងមហាផ្ទៃ ដើម្បីវាគ្មិន (Panel) ក្នុងវេទិកាសំណួរ-ចម្លើយនេះ៕