(ភ្នំពេញ)៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧នេះ បានចេញប្រតិកម្មខ្លាំងៗ ទៅនឹងការបង្ហោះ Facebook របស់លោក ផែង វណ្ណៈ ដែលបានផ្សព្វផ្សាយថា មន្ត្រីនៅទីស្តីការគណៈរដ្ឋមន្រ្តី ឬមន្រ្តីរាជរដ្ឋាភិបាល បានប្រើប្រាស់រថយន្តបិទកញ្ចក់ខ្មៅ ដែលភ្ជាប់ជាមួយនឹង រូបភាពរថយន្តទាំងអស់នោះចតនៅលើលានចំណតនៅទីស្តីការគណៈរដ្ឋមន្រ្តី។
លោក ផៃ ស៊ីផាន បានបញ្ជាក់ថា «ខ្ញុំសូមជម្រាបជូនថា ការលើកឡើងរបស់លោកនេះ អាចចាត់ទុកបានថា មិនត្រឹមតែការវាយប្រហារផ្ទាល់ចំពោះតែមន្រ្តីបំពេញ ការងារទាំងអស់នោះទេ ក៏ប៉ុន្តែជាការប្រមាថ និងវាយប្រហារមកលើស្ថាប័នរដ្ឋ (ទីស្តីការគណៈរដ្ឋមន្រ្តី) ដែលធ្វើឱ្យមតិសាធារណៈយល់ខុសថា ទីស្តីការគណៈរដ្ឋមន្រ្តី ចូលរួមជាមួយនឹងជនប្រព្រឹត្ត និងបំពានច្បាប់»។
លោក ផៃ ស៊ីផាន ក៏បានបញ្ជាក់ទៀតថា ទីស្តីការគណៈរដ្ឋមន្រ្តីជាស្ថាប័នក៏ដូចជាចំណាត់ការរបស់ ឧបនាយករដ្ឋមន្រ្តីប្រចាំការ ប៊ិន ឈិន រដ្ឋមន្រ្តីស្តីទីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្រ្តី ដោយដាច់ខាតមិនចូលរួមគាំទ្រ និងការពារដល់ជនទាំងឡាយណា ដែលប្រព្រឹត្តរំលោភច្បាប់នោះទេ។ លោកថ្លែងទៀតថា «យើងសូមគាំទ្រ ដោយឥតលក្ខខណ្ឌ ចំពោះមន្រ្តីនគរបាលចរាចរណ៍អនុវត្តច្បាប់ ក្នុងកិច្ចចាត់វិធានការប្រឆាំងរាល់បុគ្គលទាំងឡាយណា ដែលប្រព្រឹត្តផ្ទុយ និងច្បាប់ជាធរមាន»។
ខាងក្រោមនេះ ជាលិខិតចំហររបស់ លោក ផៃ ស៊ីផាន៖