(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្ដីប្រកាសថា ចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧ ស្អែកនេះទៅ ក្រុមការងារចល័តរបស់ គណៈកម្មការផ្ដល់ភាពស្របច្បាប់ នៃក្រសួងការងារ និងបណ្ដុះបណ្ដាវិជ្ជាជីវៈ នឹងចាប់ផ្ដើមយុទ្ធនាការ១០០ថ្ងៃ ចុះបើកផ្ដល់លិខិតឆ្លងដែន/លិខិតធ្វើដំណើរ និងបណ្ណ OCWC ដល់ពលករខ្មែរនៅថៃ ចំនួន ១៦ម៉ឺននាក់ ដែលធ្វើលិខិតទាំងនេះហើយ ប៉ុន្តែមិនទាន់ទទួលបាន ដើម្បីសម្រួលឲ្យពួកគេ ទទួលបានសិទ្ធិស្របច្បាប់ពេញលេញ ក្នុងការធ្វើការ និងរស់នៅប្រទេសថៃ។
តាមសេចក្ដីប្រកាសដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា «ភាគីថៃបានឯកភាពតាមសំណើរបស់កម្ពុជា ក្នុងការរៀបចំយុទ្ធនាការ១០០ថ្ងៃ បើកផ្ដល់លិខិតឆ្លងដែន/លិខិតធ្វើដំណើរ និងបណ្ណ OCWC ដល់ពលករកម្ពុជាឲ្យបានចំនួន ១៦ម៉ឺននាក់ ដែលបានធ្វើការបញ្ជាក់អត្តសញ្ញាណ ជាមួយគណៈកម្មការផ្ដល់ភាពស្របច្បាប់រួចហើយ នាពេលកន្លងមក ទោះបីជាពលករបានធ្វើការផ្លាស់ប្ដូរនិយោជក ឬក្រុមហ៊ុនខុសពីឯកសារដើមក៏ដោយ»។
យុទ្ធនាការនេះ នឹងចាប់ផ្ដើមឡើង ចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧ តទៅ ដោយគណៈកម្មការនឹងបញ្ជូន ក្រុមចល័តចំនួន ៤ក្រុមបន្ថែមទៀត ដើម្បីចុះបើកផ្ដល់តាមរោងចក្រធំៗទាំង២០០រោងចក្រ ដែលមានប្រើប្រាស់ពលករខ្មែរលើសពី ៧០នាក់។ ចំពោះកម្រៃសេវាផ្លូវការ ក្នុងការបើកផ្ដល់សំណុំឯកសារទាំងនេះមានចំនួន ៩៥០បាត។
ក្រៅពីការចែកលិខិតឆ្លងដែនដែលនៅសេសសល់ ក្នុងយុទ្ធនាការ១០០ថ្ងៃនេះ ក្រសួងការងារ និងក្រសួងពាក់ព័ន្ធ ក៏នឹងបើកការធ្វើលិខិតឆ្លងដែនថ្មី ជូនពលករមិនទាន់មានលិខិតឆ្លងដែនផងដែរ។ ការធ្វើលិខិតឆ្លងដែនលើកនេះ គឺឆាប់រហ័សជាងពេលមុន ពោលគឺធ្វើតែមួយថ្ងៃបានតែម្តង ជាមួយតម្លៃ ២,៣៥០បាត ស្មើនឹងជាង ៦៨ដុល្លារអាមេរិក ហើយគ្រោងធ្វើឲ្យបាន ៥០០នាក់ ក្នុងមួយថ្ងៃទៀតផង។
លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ បានរំឭកថា កាលពីឆ្នាំ២០១៥ កន្លងទៅ ក្រសួងការងារ និងក្រសួងពាក់ព័ន្ធ ធ្លាប់បានចុះទៅធ្វើលិខិតឆ្លងដែនជូនពលករកម្ពុជាដល់ទឹកដីថៃ រួចម្តងមកហើយ ដើម្បីជួយឲ្យពួកគេទទួលបានសិទ្ធិជាពលករស្របច្បាប់។ ការធ្វើលិខិតឆ្លងដែននាពេលនោះបានចំនួន ២៣ម៉ឺននាក់ តែប្រគល់បានតែ ៧ម៉ឺននាក់ប៉ុណ្ណោះ ដោយឡែក ១៦ម៉ឺននាក់ផ្សេងទៀត មិនទាន់ប្រគល់ឲ្យនៅឡើយទេ។
សូមបញ្ជាក់ថា ពលករកម្ពុជាដែលកំពុងបម្រើការងារនៅប្រទេសថៃ មានចំនួន ១,០៥០,០០០នាក់ ក្នុងចំណោមពលករទាំងនោះ មានពលករជាង ៧០ម៉ឺននាក់ ជាពលករស្របច្បាប់ ខណៈដែលជាង៣០ម៉ឺននាក់ទៀត នៅពុំទាន់មានភាពស្របច្បាប់នៅឡើយ។
ការបើកយុទ្ធនាការសម្របសម្រួលជូនពលករខ្មែរ ឲ្យទទួលបានសិទ្ធិស្របច្បាប់ទាំងនេះ ធ្វើឡើងក្រោយពេលរាជរដ្ឋាភិបាលថៃ បានចេញច្បាប់ថ្មីមួយ មានការដាក់ទោសធ្ងន់ធ្ងរដល់ពលករបរទេស ដែលធ្វើការខុសច្បាប់នៅប្រទេសរបស់ខ្លួន និងថៅកែជនជាតិថៃទាំងឡាយណា ដែលទទួលយក ពលករបរទេសធ្វើការ ដោយមិនមានច្បាប់អនុញ្ញាត។ ប៉ុន្ដែទោះជាយ៉ាងណាច្បាប់ថ្មីនេះ ត្រូវបានពន្យារពេលអនុវត្តរហូតដល់ទៅ ៦ខែ ដើម្បីទុកឱកាសឲ្យពលករទាំងអស់បំពេញឯកសារស្របច្បាប់៕