(ភ្នំពេញ)៖ ស្រាបៀរ Tiger និងអង្គការ WWF រួមគ្នាប្រារព្ធទិវា GLOBAL TIGER DAY ដែលកិច្ចសហការនេះ ជាព្រឹត្តិការណ៍សំខាន់មួយទៀត ដើម្បី លើកកម្ពស់ការយល់ដឹង អំពីការប្រយុទ្ធប្រឆាំងនឹងការជួញដូរសត្វខ្លាធំ ។
ស្រាបៀរថៃហ្គ័រ និងអង្គការ WWF ក៏បានអំពាវអំនាវ ដល់មនុស្សនៅទូទៅពិភពលោក ចូលរួមអបអរទិវាសត្វខ្លាធំ ដែលប្រព្រឹត្តទៅជារៀងរាល់ឆ្នាំ នៅថ្ងៃទី ២៩ ខែកក្កដា ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងការជួញដូរសត្វខ្លាធំដោយខុសច្បាប់ តាមរយៈការចូលរួមក្នុងយុទ្ធនាការ #3890Tigers (3890tigers.com) ដែលជាយុទ្ធនាការលើប្រព័ន្ធឌីជីថល ដែលលាតត្រដាងពីសិល្បៈ និងការច្នៃប្រឌិត ដើម្បីបង្កើនការយល់ដឹងជាសកលអំពីស្ថានភាពរបស់សត្វខ្លាធំ។
សត្វខ្លាធំ ស្ទើរតែជិតផុតពូជនៅទូទាំងពិភពលោក។ ចំនួនសត្វខ្លាធំបានធ្លាក់ចុះ ៩៦ភាគរយ នៅក្នុងរយៈពេលមួយសតវត្សរ៍ចុងក្រោយនេះ ចាប់ពីចំនួន ១០០,០០០ក្បាល រហូតដល់៣,៨៩០ ក្បាលសព្វថ្ងៃនេះ។ ការជួញដូរសត្វខ្លាធំដោយខុសច្បាប់ គឺជាហេតុផលសំខាន់មួយដែលកំពុងធ្វើឲ្យបាត់បង់សត្វខ្លាធំ។
ជារៀងរាល់ឆ្នាំ សត្វខ្លាធំជាង១០០ក្បាលត្រូវបានសម្លាប់ និងផ្នែករបស់សត្វខ្លាធំត្រូវបានដាក់លក់រកប្រាក់ចំណេញ ដែលភាគច្រើនជួញដូរតាមរយៈសហគ្រាសឧក្រិដ្ឋជនអន្តរជាតិ។យុទ្ធនាការ 3890Tigers គឺជាផ្នែកមួយនៃកិច្ចសហការជាសាកលរយៈពេលប្រាំមួយឆ្នាំរវាងស្របៀរថៃហ្គ័រ និងអង្គការ WWF ក្នុងការគាំទ្រដល់ការប្តេជ្ញាចិត្តជាសកល Tx2 ដែលធ្វើឡើងដោយបណ្តារដ្ឋាភិបាលនៃប្រទេសចំនួន១៣ ដែលមានសត្វខ្លាធំ ក្នុងគោលបំណងបង្កើនចំនួនសត្វខ្លាធំរបស់ពិភពលោកឲ្យបាន ៦,០០០ក្បាល ត្រឹមឆ្នាំ២០២២ ។កិច្ចសហការរយៈពេលប្រាំមួយឆ្នាំនេះ បានចាប់ផ្តើមនៅឆ្នាំ២០១៧ ដោយទទួលបានអំណោយបរិច្ចាគជាទឹកប្រាក់ ១លានដុល្លារអាមេរិក ពីស្រាបៀរថៃហ្គ័រ។
លោក ហ៊ុយ វុទ្ធី នាយកផ្នែកទំនាក់ទំនងកិច្ចការសហគ្រាស នៃក្រុមហ៊ុនស្រាបៀរថៃហ្គ័រ បានថ្លែងថា «យើងមិនអាចស្រមៃមើលពិភពលោកមួយ ដែលមិនមានវត្តមានសត្វខ្លាធំនោះទេ ដូច្នេះ ការអភិរក្សជារឿងចាំបាច់ ហើយវាជាកិត្តិយសសម្រាប់យើង ដែលបានចាប់ដៃគូជាមួយអង្គការ WWF គាំទ្រកិច្ចប្រឹងប្រែងអភិរក្សនេះ។ ក្នុងអំឡុងយុទ្ធនាការ 3890 Tigers រយៈពេលពីរខែកន្លងមកនេះ យើងបានឃើញយុវជនជាច្រើនបានចូលរួម និងប្រកាសជំហរបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរសត្វខ្លាធំ។ ថ្ងៃនេះគឺជាព្រឹត្តិការណ៍សំខាន់មួយទៀត សម្រាប់កិច្ចសហការរបស់យើង ក្នុងការលើកកម្ពស់ការយល់ដឹងអំពីការប្រយុទ្ធប្រឆាំងនឹងការជួញដូរសត្វខ្លាធំ និងជម្រុញយុវជនឲ្យចូលរួមកាន់តែច្រើនថែមទៀត»។
លោក Seng Teak នាយកអង្គការ WWF ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា «សត្វខ្លាធំ ជាប្រភេទសត្វឆើតឆាយនិងមានអំណាច ដែលជាទីស្រលាញ់ចូលចិត្តនៃមនុស្សជាច្រើន ហើយចាត់ទុកវា ជាសម្បត្តិជាតិនិងពិភពលោក។ យើងសុំឲ្យសាធាណជនទូទៅចូលរួមកាពារសត្វខ្លាធំ តាមរយៈការអំពាវអំនាវឲ្យអ្នកបរិភោគបញ្ឈប់ការទិញសាច់សត្វព្រៃ និងសូមឲ្យរដ្ឋាភិបាលកម្ពុជាបង្ក្រាបឲ្យមានប្រសិទ្ធភាព លើការដាក់អន្ទាក់នៅក្នុងតំបន់ព្រៃការពារ ។ ការដាក់អន្ទាក់ គឺជាឃាតករលាក់មុខសំលាប់ជីវិតសត្វព្រៃ រួមទាំងសត្វខ្លាធំផងដែរ ហើយវាកំពុងតែធ្វើឲ្យអន្តរាយដល់ចំនួនសត្វព្រៃនៅប្រទេសកម្ពុជា និងទូទាំងពិភពលោក»។
សូមចូលរួមក្នុងយុទ្ធនាការនេះ ដោយចូលទៅកាន់គេហទំព័រ៖ 3890tigers.com និងលាតត្រដាងពីសិល្បៈ ក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរសត្វខ្លាធំដោយខុសច្បាប់៕