(ប៉ៃលិន)៖ ខេត្តប៉ៃលិន ជាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ស្ថិតនៅទិសពាយព្យនៃប្រទេសកម្ពុជា ក្នុងតំបន់ខ្ពង់រាប, ខេត្តមួយនេះត្រូវបានគេចាត់ទុកថា ជាខេត្តដែលសំបូរ ដោយធនធានរ៉ែធម្មជាតិច្រើនប្រភេទ ជាពិសេសត្បូងពេជ្រ។
ប៉ុន្តែរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្តប៉ៃលិនត្រូវគេនិយាយថា ការធ្វើជំនួញ និងការប្រកបមុខរបរអាជីវកម្មត្បូងសម្រាប់ប្រជាពលរដ្ឋ រស់នៅក្នុងខេត្ត មិនសូវកាក់កប និងមានការថយចុះទៅវិញ ដោយសារតែរ៉ែត្បូងកាន់តែក្រខ្សត់ទៅៗ មិនសំបូរដូចពីមុននោះឡើយ។
ប្រជាពលរដ្ឋប្រកបមុខរបររែង និងជីករុករករ៉ែត្បូងមួយចំនួនធំ បានបោះបង់ចោល ដោយផ្លាស់ប្តូរទៅរកការប្រកបមុខរបរធ្វើស្រែចំការវិញ ហើយ បច្ចុប្បន្ននេះ គេមើលឃើញមានតែប្រជាពលរដ្ឋ និងក្រុមហ៊ុនមួយចំនួនតូច ដែលបានកំពុងធ្វើសកម្មភាពធ្វើអាជីកម្មរ៉ែត្បូង នៅខេត្តប៉ៃលិន ដែលបញ្ហានេះហើយ នាំឱ្យតម្លៃទីផ្សារត្បូងនៅខេត្តប៉ៃលិន មានតម្លៃខ្ពស់។
ត្បូងប៉ៃលិន ត្រូវបានអ្នកជំនាញរកស៊ីត្បូង ចាត់ចំណាត់ថ្នាក់ជាត្បូងល្អជាងគេ នៅក្នុងចំណោមត្បូងនានា នៅតាមបណ្តាខេត្តមួយចំនួន នៃប្រទេសកម្ពុជា។ ត្បូងប៉ៃលិន មានពីរប្រភេទ គឺត្បូងទទឹម (ពណ៌ក្រហម) និងត្បូងកន្តៀង (ពណ៌ខៀវ) ដែលមានគុណភាពទទួលស្គាល់ នៅលើពីភពលោកផងដែរ។
ប្រជាពលរដ្ឋដែលរែងរកត្បូង នៅក្នុងស្ទឹងប៉ៃលិន បានប្រាប់ឱ្យដឹងថា ឥឡូវនេះត្បូងមិនសំបូរ ដូចពីមុននោះទេ។ ការរែងត្បូងរបស់ ពួកគាត់បានចំនួនតិចតួច ហើយមានតែត្បូងតូចៗប៉ុណ្ណោះ។ ប៉ុន្តែដោយសារតែទំនេរ ពីការងារធ្វើស្រែចំការ ពួកគាត់ក៏នាំគ្នាមករែងត្បូង តាមដងស្ទឹងខេត្តប៉ៃលិន និងនៅតាមរណ្តៅដែលបន្សល់ទុកពីការជីករុករ៉ែត្បូង របស់ក្រុមហ៊ុនថៃ ដែលចូលមកយករ៉ែត្បូងក្នុងតំណាក់កាល ប្រទេសមានសង្រ្គាម។ ដើម្បីបានកំរ៉ៃក្នុងការខ្លះផ្គត់ផ្គង់ជីវភាព។
កុងសែទិញត្បូង និងអ្នកលក់ត្បូងវិញ បានប្រាប់ឱ្យដឹងដែរថា តម្លៃត្បូងខេត្តប៉ៃលិនមានហាងឆេងខ្ពស់ ដោយសារត្បូងនៅខេត្តប៉ៃលិន កាន់តែក្រខ្សត់ ភាគច្រើនពួកគាត់ទិញបាន ពីអ្នករែងត្បូងតែគ្រាប់តូចៗ ហើយគ្រាប់ធំៗ បើមានភ្ញៀវកុម្មង់ទិញ គឺគាត់ទៅយកពីថៃមកវិញ ពីព្រោះថៃបានទិញ និងចូលមកជីករុករកត្បូងពីប៉ៃលិនបានច្រើន កាលពីសម័យសង្រ្គាម និងក្រោយសង្រ្គាម។
ពួកគាត់បានបន្តថា ត្បូងសព្វថ្ងៃនេះពួកគាត់លក់ដាច់គួរសម គឺភាគច្រើនភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងកំសាន្តខេត្តប៉ៃលិន នាំគ្នាទិញទុកធ្វើគ្រឿងអលង្ការ ដោយពួកគាត់អះអាងថា ត្បូងដែលលក់នៅខេត្តប៉ៃលិន ជាត្បូងពិតប្រាកដ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក សុខ សួន អនុប្រធានមន្ទីររ៉ែ និងថាមពលខេត្តប៉ៃលិន ប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ ថា ខេត្តប៉ៃលិន ការធ្វើអាជីវកម្មរ៉ែត្បូងមានការធ្លាក់ចុះ មានប្រជាពលរដ្ឋមួយចំនួនតូច នាំគ្នាប្រកបមុខរបរ និងមានក្រុមហ៊ុន មួយប៉ុណ្ណោះ កំពុងធ្វើអាជីវកម្មជីករុករករ៉ែត្បូង ដោយស្របច្បាប់។ ចំណែកអាជីវកម្មរ៉ែត្បូង តាមរូបភាពខុសច្បាប់ត្រូវបានបញ្ឈប់ អស់ហើយ។
លោកថា រ៉ែត្បូងនៅខេត្តប៉ៃលិន ពិបាកមិនសូវមាននោះទេ រ៉ែត្បូងខេត្តប៉ៃលិន ត្រូវបានរងការជីករុករកស្ទើរអស់ទៅហើយ នៅក្នុងតំណាក់ កាលក្រុមហ៊ុនថៃ ចូលមកធ្វើអាជីវកម្ម កាលប្រទេសធ្លាក់ក្នុងសង្រ្គាម គ្រប់គ្រងដោយអតីតខ្មែរក្រហមនិងតំណាក់កាលប្រទេសទទួលបាន សុខសន្តិភាព ក្រោយសមាហរណកម្ម នៅចន្លោះឆ្នាំ១៩៩៩ រហូតដល់ឆ្នាំ២០០៣។
លោកបញ្ជាក់ឱ្យដឹងទៀតថា ត្បូងខេត្តប៉ៃលិន ត្បូងទន្ទឹម និងត្បូងកណ្តៀងធំៗ បច្ចុប្បន្ននេះត្រូវបានកុងសែ កុម្មង់ទិញពីខេត្តច័ន្ទបុរី ប្រទេសថៃនោះមកវិញ ដោយសារតែត្បូងទាំងនោះ គេរក្សាទុកបានច្រើន នៅពេលពេលក្រុមហ៊ុនថៃ ចូលមកជីករុករកត្បូងនៅខេត្តប៉ៃលិន កាលពីប្រទេសកម្ពុជាធ្លាក់ក្នុងសង្រ្គាម និង ក្រោយសមារណកម្ម។
សូមបញ្ជាក់ថា រ៉ែត្បូងនៅខេត្តប៉ៃលិន ដែលនៅសេសសល់ និងមានការអភិរក្សគេចផុត ពីការជីករុករកពីក្រុមអាណាធិបតេយ្យ គឺមានភាគច្រើននៅសល់ច្រើន ក្នុងតំបន់ភ្នំយ៉ាត ដែលជាភ្នំស្ថិតនៅចំកណ្តាលទីក្រុងប៉ៃលិន ហើយភ្នំយ៉ាតកាលពីកន្លងទៅថ្មីៗនេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ដាក់ចូលជាតំបន់អភរក្សសម្បត្តិ បេតិកភ័ណ្ឌវប្បធម៌ធម្មជាតិ ដើម្បីទុកបំរើឱ្យវិស័យទេសចរណ៍ សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិមកទស្សនាកំសាន្ត៕