(បាត់ដំបង)៖ ស្ត្រីចំណាស់ម្នាក់ ត្រូវបានក្រុមអាជីវករឃាត់ខ្លួន បន្ទាប់ធ្វើសកម្មភាពលួចទ្រព្យសម្បត្តិនៅក្នុងផ្សារ១៣មករា (ផ្សារថ្មី) បន្ទាប់ពីបានធ្វើសកម្មភាព លួចត្រូវម្ចាស់តូបតាមទាន់ នាវេលាម៉ោង១០៖២៥នាទី ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧នេះ។
សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា នាវេលាម៉ោង១០៖២៥នាទីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧នេះថា ស្ត្រីវ័យចំណាស់ម្នាក់នេះ បានធ្វើសកម្មភាពលួចអាវឈុតរាត្រីថៃ បានចំនួន២ដុំស្មើ នឹងចំនួន២៤អាវ ខណៈម្ចាស់តូបជនរងគ្រោះ កំពុងតែលក់ដូរមើលមិនទាន់ បន្ទាប់ពីបានធ្វើសកម្មភាពរួច ម្ចាស់តាមទាន់នៅមាត់ច្រកទ្វារចេញផ្សារ រួចបាននាំគ្នាផ្អើលឆោឡោចាប់ប្រគល់ឲ្យនគរបាល ប្រចាំការក្នុងតែម្តង។
សមត្ថកិច្ចបានបញ្ជាក់ថា ស្រ្តីជាជនសង្ស័យម្នាក់ ដែលអាជីវករបានចាប់ខ្លួន ប្រគល់ឲ្យសមត្ថកិច្ចនោះមានឈ្មោះ រួន រុំ អាយុ៦៣ឆ្នាំ មានទីលំនៅខេត្តកំពង់ឆ្នាំង តែបច្ចុប្បន្នរស់នៅពិតប្រាកដ ជាស្រ្តីមេម៉ាយប្តីស្លាប់មានកូន៣នាក់ ទុកឲ្យម្តាយរស់នៅតែលតោលម្នាក់ឯង។
ចំណែកជនរងគ្រោះមានឈ្មោះ សុភ័ក្រ ភេទស្រី អាយុ៣៤ឆ្នាំ លក់ខោអាវក្នុងផ្សារកើតហេតុ មានទីលំនៅភូមិអូរមុនី ឃុំអន្លងវិល ស្រុកសង្កែ ខេត្តបាត់ដំបង។
បន្ទាប់ពីក្រុមអាជីវករលក់ដូរឃាត់ខ្លួនជនសង្ស័យហើយក៏បានប្រតាយតប់គ្នាហើយជនសង្ស័យក៏បានដកកាំបិត-សដែលខ្លួនទុកក្នុងថង់ មកចាក់ចំដៃជនរងគ្រោះចំកំភួនដៃ ហើយសមត្ថកិច្ចផ្សារ ទៅទាន់ក៏ចុះឃាត់ខ្លួនយកមកសាកសួរ រួចបញ្ជូនឲ្យទៅមន្រ្តីនគរបាលក្រុង បាត់ដំបង ដើម្បីចាត់បន្តតាមច្បាប់៕