(ភ្នំពេញ)៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បាន-ចុះអនុស្សារណៈនៃការយោគយល់គ្នា ជាមួយ អង្គការសាម៉ារីតាន់ភឺស ដោយផ្តោតសំខាន់លើការបង្ការ និងការពារ ដើម្បីចូលរួមកាត់បន្ថយ ភាពក្រីក្រ និងភាព ងាយរងគ្រោះ របស់ប្រជាពលរដ្ឋ ដោយការធ្វើចំណាកស្រុក ដោយប្រថុយប្រថាន។
ពិធីចុះអនុស្សារណៈនេះ ធ្វើឡើងរវាង លោក សួង ម៉េងឡុង អនុរដ្ឋលេខាធិការ តំណាងឲ្យលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច ជាមួយនឹង តំណាង អង្គការសាម៉ារីតាន់ភឺស ដែលរៀបចំធ្វើនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ នៅទីស្តីការក្រសួង។
លោក សួង ម៉េងឡុង បានលើកឡើងថា ការចុះអនុស្សារណៈនៃការយោគយល់គ្នា ជាមួយ អង្គការសាម៉ារីតាន់ភឺស ដោយផ្តោតសំខាន់លើការបង្ការ និងការពារ ដើម្បីចូលរួមកាត់បន្ថយ ភាពក្រីក្រ និងភាព ងាយរងគ្រោះ របស់ប្រជាពលរដ្ឋ ដោយការធ្វើចំណាកស្រុក នឹងផ្តល់ផលប្រយោជន៍ជាច្រើនដល់ប្រជាពលរដ្ឋកម្ពុជាកាន់តែច្រើនឡើងៗ និងអាច សម្រូលឲ្យបងប្អូនប្រជាពលរដ្ឋចំណាកស្រុកកាន់តែមានសុវត្ថិភាពជាងមុន។
លោក សួង ម៉េងឡុង ក៏បានថ្លែងអំណរគុណ ដល់អង្គការសាម៉ារីតាន់ភឺស ដែលបានចាប់ដៃគូជាមួយ ក្រសួងសង្គមកិច្ច ធ្វើសកម្មភាពនេះ ឲ្យបានល្អបន្ថែមទៀត ហើយ ក្រសួងសន្យាថា នឹងនៅតែចង់បានអង្គការនេះ សហការជាមួយគ្នា ធ្វើកិច្ចការជាបន្តបន្ទាប់ទៀត។
ក្នុងអនុស្សារណៈនេះ មានរៀបចំគម្រោង៣សំខាន់ៗ ដែលកំពុងតែធ្វើប្រតិបត្តិការ និងបន្តសកម្មសភាព ជុំវិញការធ្វើ ចំណាកស្រុក ដោយសុវត្ថិភាព។ គម្រោងទាំង៣នោះរួមមាន៖
គម្រោងទី១៖ លើកកម្ពស់ការយល់ដឹងពីការធ្វើចំណាកស្រុកដោយសុវត្ថិភាព ដោយអនុវត្តនៅក្នុងស្រុកថ្មពួក ស្រុកស្វាយចេក ហើយកំពុងបន្តទៀត ទៅកាន់ស្រុកម៉ាឡៃ ស្រុកអូរជ្រៅ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
គម្រោងទី២៖ មជ្ឈមណ្ឌលផ្តល់ជំនួយផ្នែកចំណាយស្រុក ដោយធ្វើការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីប្រតិបត្តិការ ជួយអ្នកធ្វើដំណើរចេញចូលដែលមានទីតាំងនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងច្រកទ្វារអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង។
គម្រោងទី៣៖ បង្ការ និងទប់ស្កាត់ ការធ្វើចំណាកស្រុកដែលមិនសុវត្ថិភាព ដែលគម្រោងនេះ អនុវត្តនៅក្នុង ខេត្តបន្ទាយមានជ័យ ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ នៃជនចំណាកស្រុក ដែលចេញស្វែងរកការងារធ្វើ ដោយប្រថុយប្រថាន និងដើម្បីឲ្យប្រជាពលរដ្ឋនៅតាមភូមិគោលដៅ ចុះឈ្មោះ ក្នុងការអនុវត្តកម្មវិធីបង្កើនមុខរបរ ចិញ្ចឹមជីវិត ឯក្រុមជួយខ្លួនឯងផ្នែកហិរញ្ញវត្ថុ។
នៅក្នុងពិធីចុះហត្ថលេខាបន្តសកម្មភាពការងាររវាងក្រសួងសង្គមកិច្ច និងអង្គការសាម៉ារីតាន់ភឺស លោក តូច ចាន់នី អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេស នៃក្រសួងសង្គមកិច្ច បានលើកឡើងថា អង្គការសាម៉ារីតាន់ភឺស គឺជាដៃគូដែលល្អ និងសំខាន់សម្រាប់ការសហការការងារ នាពេលខាងមុខនេះ ដើម្បីសម្រូលដល់ការធ្វើ ចំណាក ស្រុក។
លោក តូច ចាន់នី បានបញ្ជាក់ថា បញ្ហាចំណាកស្រុករបស់ប្រជាជនកម្ពុជា នៅតែជាបញ្ហាប្រឈម។ លោក បាន ស្នើឲ្យដៃគូពាក់ព័ន្ធ ត្រូវអនុវត្តសកម្មភាពការងារ ទៅតាមកិច្ចព្រមព្រៀង ឲ្យបានត្រឹមត្រូវ ហើយការអនុវត្ត មិនមែន តែភាគីអង្គការនោះទេ ខាងភាគីក្រសួងក៏ត្រូវតែពិនិត្យ និងអនុវត្តឲ្យបានត្រឹមត្រូវដូចគ្នា និងត្រូវចេះតាមដាន សកម្មភាពការងារ និងជួយកែតម្រូវគ្នាទៅវិញទៅមក ដើម្បីឈានដល់ការងារ ប្រកបដោយរលូន និងជោគជ័យ។
គួរបញ្ជាក់ថា អង្គការសាម៉ារីតាន់ភឺស គឺជាអង្គការមិនមែនរដ្ឋាភិបាលគ្រីស្ទបរិស័ទដែលមាន និងកំពុងផ្តល់ ជំនួយសង្រ្គោះ ដល់ប្រជាជនក្រីក្រនៅទូទាំងពិភពលោក ចាប់តាំងពីឆ្នាំ១៩៧០មក។ អង្គការសម៉ារីតាន់ ភឺស បានជួយសោះស្រាយតម្រូវការជនរងគ្រោះ ដោយសារសង្រ្គាមភាពក្រីក្រ គ្រោះធម្មជាតិ ជំងឺ និងគ្រោះទុរភិក្ស។ អង្គការម៉ារីតាន់ ភឺស បានឆ្លើយតបយ៉ាងឆាប់រហ័ស និងសមស្រប និងបានបំពេញការងារ យ៉ាងសកម្មនៅច្រើនជាង១០០ប្រទេស នៅទូទាំងពិភពលោក។ ទោះបីជាជំនួយគាំទ្រ ដ៏ច្រើនលើសលុបក៏ដោយ ក៏អង្គការម៉ារីតាន់ ភឺស បានសហការជាមួយដៃគូ ដោយជោគជ័យជាមួយម្ចាស់ជំនួយនានា ដូចជា UASID CIDA DFID UNICEF WEP និង UNHCR ។
អង្គការសម៉ារីតាន់ ភឺស បានសហការជាមួយក្រសួងសង្គមកិច្ច ចំនួន៣លើក រួចមកហើយរួមមាន៖
១៖ ចាប់តាំងពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០០៦ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០០៩
២៖ ចាប់ពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១០ ដល់ថ្ងៃតី១៤ ខែតុលា ឆ្នាំ២០១៣
៣៖ ចាប់ពីថ្ងៃទី០២ ខែកក្កដា ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៣៕