(កំពង់ធំ)៖ លោកបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអំពាវនាវដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិទាំងអស់ ប្រសិនបើបានទៅទស្សនាតំបន់ប្រាសាទសំបូរព្រៃគុក តំបន់បេតិកភណ្ឌពិភពលោកក្នុងខេត្តកំពង់ធំ សូមជួយចូលទិញផលិតផល​របស់ប្រជាសហគមន៍ នៅសហគមន៍ទេសចរណ៍ និងមជ្ឈមណ្ឌលលក់ទំនិញរបស់សហគមន៍សំបូរព្រៃគុកផង ដើម្បីជួយលើកទឹកចិត្តឲ្យពួកគាត់មានកម្លាំងចិត្តក្នុងការបង្កើត និងបង្កើនផលិតផលសហគមន៍បន្ត និងជួយបង្កើនជីវភាពរស់នៅរបស់ពួកគាត់ផងដែរ។

លោករដ្ឋមន្រ្តីបានបរិយាយពីផលិតផលជាច្រើនរបស់ប្រជាសហគមន៍ នៅតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងនោះរួមមាន៖ គ្រាប់ស្វាយចន្ទី ទឹកសណ្តែក ក្រណាត់ ក្រម៉ា ផលិតផលអំពីសូត្រ ផ្តៅ កញ្ច្រែងរំពាក់ វត្ថុអនុស្សាវរីយ៍ផ្សេងៗជាដើម។ ផលិតផលទាំងនោះសុទ្ធ​តែបានផលិត​ទៅតាមស្តង់ដារជាតិ-អន្តរជាតិ ប្រកបដោយគុណភាព និងមានអនាម័យល្អត្រឹមត្រូវ។ កន្លែងតាំងលក់ផលិតផលសហគមន៍ទាំងនោះ គឺនៅ​ខាង​ក្រោយការិយាល័យផ្ដល់ព័ត៌មានទេសចរណ៍តំបន់ប្រាសាទសំបូរព្រៃគុក ខាងស្ដាំដៃ ជាប់ខាងលិចឈៀងខាង​ជើងស្ពានអូរគ្រោះកែ។

មិនត្រឹមតែមានលក់ និងតាំងបង្ហាញផលិតផលសហគមន៍ប៉ុណ្ណោះទេ ទីតាំងខាងលើ ក៏មានអាហារដ្ឋានដ៏ឈ្ងុយឆ្ងាញ់ពិសេសផងដែរ ដែលបន្លែ ផ្លែឈើ ត្រី សាច់ និងគ្រឿងផ្សំម្ហូបអាហារភាគច្រើនសុទ្ធតែធម្មជាតិ ពិសេសគឺមាន់ស្រែតែម្ដង ដែលអ្នករាជធានីភ្នំពេញ ក៏ដូចជាប្រជាពលរដ្ឋទូទៅនិយមចូលចិត្ត។

លោក ថោង ខុន បានបន្តថា ការជួយទិញផលិផលរបស់ប្រជាសហគមន៍ នៅតំបន់ប្រាសាទសំបូរព្រៃគុក ពិតជាបានចូលរួមចំណែក​យ៉ាងសំខាន់ ដល់ការលើកទឹកចិត្តក្នុងការអភិរក្សសម្បត្តិបេតិកភណ្ឌវប្បធម៌ និងធម្មជាតិនៅតំបន់នោះ និងជួយបង្កើនជីវភាពរស់​នៅរបស់ប្រជាសហគមន៍ និងកាត់បន្ថយចំណាកស្រុកថែមទៀតផង។

គួរបញ្ជាក់ថា សហគមន៍ទេសចរណ៍សំបូរព្រៃគុក ត្រូវបានចងក្រងបង្កើតឡើងនៅឆ្នាំ២០១៤ ក្រោមកិច្ចសហការរវាងក្រសួងទេសចរណ៍ និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងក្របខណ្ឌជំនួយដល់គម្រោងកាត់បន្ថយភាពក្រីក្រ តាមរយៈវិស័យទេសចរណ៍ ដែលក្នុងនោះមានការបណ្តុះបណ្តាល និងការបង្កើតផលិតផលតាមស្តង់ដារអន្តរជាតិ ដូចជា ការបកសំបក និងវេចខ្ចប់គ្រាប់ស្វាយចន្ទី ការផលិតទឹកសណ្តែក ផលិផលអំពីតម្បាញសូត្រ អាហារដ្ឋានជាដើម។ បច្ចុប្បន្នសហគមន៍នេះ កំពុងដំណើការល្អ និងកំពុងរីករាយត្រៀមទទួលបម្រើទេសចរជាតិ-អន្តរជាតិ ដែលទៅទស្សនាតំបន់ប្រាសាទសំបូរព្រៃគុក។

លោករដ្ឋមន្រ្តីក៏បានណែនាំដល់ប្រជាពលរដ្ឋដែលរស់នៅតាមផ្លូវចូល ចាប់ពីផ្លូវបំបែកទៅខេត្តព្រះវិហារ ត្រូវរៀបចំភូមិ លំនៅឋានរបស់ខ្លួន ឲ្យមានអនាម័យស្អាតល្អ ទាំងនៅលើផ្ទះ ក្រោមផ្ទះ ជុំវិញផ្ទះ លម្អ ដោយដាំផ្កា មានរបងមុខផ្ទះ មានក្លោងទ្វារចូលផ្ទះជាដើម ព្រមទាំងរៀបចំឲ្យទទួលសេវាម្ហូបអាហារ បន្លែ ផ្លែឈើធម្មជាតិ ដែលតាមរយៈសេវាទាំងនេះ ប្រជាពលរដ្ឋសហគមន៍នឹង​ទទួលបាន​ចំណូលច្រើនបន្ថែមទៀត ក្រៅពីការផលិតផលិតផលសិប្បកម្មអនុស្សាវរីយ៍ផ្សេងៗ ដែលពួកគាត់កំពុងអនុវត្តសព្វថ្ងៃ៕