(ភ្នំពេញ)៖ នគរបាលប៉ុស្ដិ៍ស្វាយប៉ាក និងនគរបាលប៉ុស្ដិ៍ប៉ុស្ដិ៍ទួលសង្កែ ខណ្ឌឫស្សីកែវ បានបើកការស្រាវជ្រាវជាបន្តបន្ទាប់ រហូតឈានទៅដល់បើកការបង្ក្រាប៣គោលដៅ ស្មើក៣ករណីផ្សេងគ្នា រយៈពេលមួយថ្ងៃ ឃាត់ខ្លួនបានក្រុមជួញដូរ និងប្រើប្រាស់គ្រឿងញៀន៤នាក់ និងដកហូតបានថ្នាំញៀន៦កញ្ចប់ធំ ដាវកែច្នៃ២ដើម សម្ភារប្រើប្រាស់មួយចំនួន។
ក្នុងរយៈពេលមួយថ្ងៃ នៃប្រតិបត្តិការបង្ក្រាបក្រុមជួញដូរ និងប្រើប្រាស់គ្រឿងញៀនខាងលើនេះ បានធ្វើឡើងតាំងពីរសៀល រហូតដល់ល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧ នៅត្រង់ចំណុចផ្លូវលំ ក្រុម១ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក និងនៅចំណុចបន្ទប់ជួលលេខ១ និងលេខ២B លើផ្លូវរថភ្លើង ស្ថិយក្នុងក្រុម១៧ ភូមិដើមខ្វិត និងភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
មន្ត្រីនគរបាលបានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនទី១-ឈ្មោះ តាំ ស្ការិយ៉ា ភេទប្រុស អាយុ១៨ឆ្នាំ ជាខ្មែឥស្លាម មុខរបរមិនពិតប្រាកដ ស្នាក់នៅ ភូមិ(ឃ) សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ (ជាអ្នកជួញដូរ)។ ទី២-ឈ្មោះ ហេង ភារម្យ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលលេខ១ ផ្លូវរថភ្លើង ក្រុម១៧ ភូមិដើមខ្វិត សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ (ជាអ្នកជួញដូរ)។ ទី៣-ឈ្មោះ ឡុង សំអាត ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប ស្នាក់នៅបន្ទប់ជួលលេខ២B ផ្លូវរថភ្លើង ក្រុម១៧ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ (ជាអ្នកជួញដូរ)។ ទី៤-ឈ្មោះ សូ ថារ៉េត ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល លើផ្លូវរថភ្លើង ក្រុម១៧ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ (ជាអ្នកប្រើប្រាស់)។
មន្ត្រីនគរបាលបានឲ្យដឹងទៀតថា បន្ទាប់ពីមានកិច្ចសហការណ៍ស៊ើបអង្កេត កំណត់បាននូវទីតាំង ពេលវេលា និងអត្តសញ្ញាណរបស់ក្រុមជួញដូរ និងប្រើប្រាស់គ្រឿងញៀន ទើបប្រើបច្ចេកទេសតាមជុំនាញ រហូតមកដល់វេលាកើតហេតុខាងលើ ទើបឈានដល់ប្រតិបត្តិការបង្ក្រាប នូវគោលដៅជុំហ៊ានដំបូងក្នុង១ករណី ចំពោះជនសង្ស័យម្នាក់ឈ្មោះ តាំ ស្ការិយ៉ា និងដកហូតបានថ្នាំញៀន១កញ្ចប់ធំ រួចក៍បន្តប្រតិបត្តិការបង្ក្រាបចំគោលដៅ១ករណីទៀត និងឃាត់ខ្លួនបានជនសង្ស័យឈ្មោះហេង ភារម្យ និងដកហូតបានក្រាមសថ្លាជាថ្នាំញៀន៤កញ្ចប់ធំ និងបន្តវាយគោលដៅទី៣ ជាករណីចុងក្រោយ ឃាត់ខ្លួនបានជនសង្ស័យឈ្មោះ ឡុង សំអាត និងឈ្មោះ សូ ថារ៉េត ២នាក់បន្ថែមទៀត ដកហូតបានថ្នាំញៀន១កញ្ចប់ធំល្មម រួមជាមួយថង៉សម្រាប់ច្រកគ្រឿងញឿនមួយចំនួន ដាវកែឆ្នែចំនួន២ដើម និងឧបករណ៍ប្រើប្រាស់ផងដែរ។
បច្ចុប្បន្ន ក្រុមជនសង្ស័យ ដែលជាប់ពាក់ព័ន្ធជួញដូរ និងប្រើប្រាស់គ្រឿងញៀនទាំង៤នាក់ រួមជាមួយវត្ថុតាង ត្រូវបានឃុំខ្លួនសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនិតិវិធី៕