(ភ្នំពេញ)៖ ក្រោយទទួលបានការណែនាំពីលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ នាយករដ្ឋរដ្ឋបាលខណ្ឌលោក សន សោភ័ណ្ឌ បានចេញមកប្រកាសថា ប្រជាពលរដ្ឋប្រមាណ ជា៦ពាន់នាក់ ដែលមកពីតាមភូមិនានា ក្នុងសង្កាត់ទាំង៧ នៃខណ្ឌឫស្សីកែវ ប្រាកដជាទទួលបានការពិនិត្យព្យាបាលជំងឺផ្សេងៗទូទៅ ដោយមិនមានបង់ថ្លៃសេវាសាធារណៈ នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ខាងមុខនេះ។
លោក សន សោភ័ណ្ឌ លើកឡើងបែបនេះនៅពេលដែលដឹកនាំលោក ឡេង ច័ន្ទវិសិទ្ធិ ប្រធានការិយាល័យហិរញ្ញវត្ថុខណ្ឌ សហការជាមួយលោក លី ចាន់សុភក្ដី អនុប្រធានសម្ព័ន្ធគ្រូពេទ្យសហភាព សហព័ន្ធយុវជនកម្ពុជា តំណាងប្រធានសម្ព័ន្ធគ្រូពេទ្យ សហភាពសហព័ន្ធយុវជនកម្ពុជាលោក ហេង សុខគង់ រួមនិងសមាជិកសមាជិកា ជាច្រើននាក់ទៀត នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ បានចុះទៅត្រួតពិនិត្យទីតាំងតាមបន្ទប់នីមួយៗ ក្នុងការត្រៀមលក្ខណៈឲ្យបានល្អត្រឹមត្រូវជាមុនសិន ដើម្បីពិនិត្យព្យាបាលជំងឺទូទៅ ជូនប្រជាពលរដ្ឋចំនួន៦ពាន់នាក់ ដែលមកពីតាមបណ្ដាភូមិនានា ក្នុងសង្កាត់ទាំង៧ នៃខណ្ឌឫស្សីកែវ ដោយឥតគិតថ្លៃ ដែលនិងដំណើរការឡើងនៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ខាងមុខ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងសាលានូបៃ នៃព្រះវិហ៊ារឥស្លាមថ្មី គីឡូម៉ែត្រលេខ៩ ភូមិ៣ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ក្នុងសកម្មភាពសហការចុះពិនិត្យទីតាំង ដើម្បីត្រៀមលក្ខណៈ ក្នុងការពិនិត្យព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋចំនួន៦ពាន់នាក់ ខាងលើនេះដែរលោក លី ចាន់សុភក្ដី អនុប្រធានសម្ព័ន្ធគ្រូពេទ្យសហភាព សហព័ន្ធយុវជនកម្ពុជា តំណាងលោក ហេង សុខគង់ ប្រធានសម្ព័ន្ធគ្រូពេទ្យ សហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថា ក្រុមគ្រូពេទ្យជំនាញៗ មកពីសម្ព័ន្ធគ្រូពេទ្យសហភាព សហព័ន្ធយុវជនកម្ពុជា និងត្រៀមលក្ខណៈ ដើម្បីពិនិត្យព្យាបាលជំងឺ ជូនប្រជាពលរដ្ឋចំនួន៦ពាន់នាក់ ដោយចាំបាច់ ត្រូវជ្រើសរើសរកទីតាំងឲ្យបានល្អ និងធំទូលាយ ព្រោះបើក្នុងការពិនិត្យទៅលើអ្នកជំងឺផ្សេងៗ ហើយបានរកឃើញថា អាចប្រឈមការវះកាត់ គឺត្រូវមានបន្ទប់ និងការបិទបាំងឲ្យបានត្រឹមត្រូវជាមុនសិន ពិសេសចំពោះជំងឺរោគស្ត្រីផ្សេងៗ។
ជាមួយគ្នានោះ នាយករដ្ឋបាលខណ្ឌ លោក សន សោភ័ណ្ឌ សូមអំពាវដល់ប្រជាពលរដ្ឋ ជាកម្មករ-កម្មការិនី ក្រោយសម្រាកពីការងារ អាចមកពិនិត្យព្យាបាលជំងឺទូទៅបាន ដោយមិនមានបង់ថ្លៃសេវា និងមានក្រុមគ្រូពេទ្យជុំនាញៗ ចាំពិនិត្យព្យាបាលជូន ដែលមកពីសម្ព័ន្ធគ្រូពេទ្យសហភាព សហព័ន្ធយុវជនកម្ពុជា ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងសាលានូបៃ នៃព្រះវិហ៊ារឥស្លាមថ្មី គីឡូម៉ែត្រលេខ៩ ភូមិ៣ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ និងចាប់ផ្ដើមប្រប្រត្តទៅនៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ខាងមុខ៕