(ភ្នំពេញ)៖ ស្ត្រីចំណាស់ជាអ្នករុញរទេះ លក់បាយ និងបបរម្នាក់លក់តាមចិញ្ចើមផ្លូវ ខណៈកំពុងតែរៀបចំលាងឆ្នាំង ដាក់អង្ករដាំបាយលក់ស្រាប់តែមានអាការៈងងឹត មុខដួលសន្លប់ ត្រូវបានបុគ្គលិកហាងនំប៉័ងនៅជិតនោះ រត់ទៅជួយព្រោងព្រាត និងត្រូវបានរថយន្តរបស់កងពលតូច «ង៧០» នៃអង្គភាពលេខ៧១១ ដឹកយកទៅសង្គ្រោះ បន្ទាន់នៅ ឯមណ្ឌលសុខភាពពោធិ៍ចិនតុងទាន់ពេលវេលា។
ហេតុការណ៍ខាងលើនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧នេះ ចំណុចមុខហាងនំប៉័ងយីហោ «តាំងប៊ុន៣» តាមបណ្តោយផ្លូវជាតិលេខ៣ ភូមិថ្នល់បំបែក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមមន្ត្រីនគរបាល បានឲ្យដឹងថា ស្ត្រីចំណាស់ដែលបានដួលសន្លប់នោះមានឈ្មោះ អ៊ឹ ជូ អាយុ៥៨ឆ្នាំ មុខរបរលក់ដូរ នៅតាមដងផ្លូវនិងមានទីលំនៅ ខណ្ឌច្បារអំពៅ។
មន្ត្រីនគរបានដដែលបានបន្តថា ដំណើរឿងនៅមុនពេលកើតហេតុ ស្ត្រីរងគ្រោះរូបនោះ បានកំពុងតែរៀបចំធ្វើម្ហូប និងដាំបាយដើម្បីលក់ ខណៈនោះស្ត្រីចំណាស់ខាងលើនោះ កំពុងកាន់ឆ្នាំងដាក់អង្ករដាំបាយ ក៏ស្រាប់តែងងឹតមុខដួល ទាំងកំរោលទៅនិងដីតែម្តង ក្រពប់អង្ក បន្លែ និងរបស់របររប៉ាត់រប៉ាយពេញដី បង្កឲ្យមានការភ្ញាក់ផ្អើល បុគ្គលិកលក់នំប៉័ងចេញមកជួយជាច្រើននាក់។
ភ្លាមៗនោះ កម្លាំងនគរបាលបានទំនាក់ទំនងទៅកាន់រថយន្តសង្គ្រោះ របស់កងពលតូចលេខ ង៧០ នៃអង្គភាព ៧១១ ដឹកយកស្ត្រីរងគ្រោះទៅ ព្យាបាលនៅឯមន្ទីរពេទ្យបង្អែក
ពោធិ៍ចិនតុងផងដែរ៕