(ព្រះវិហារ)៖ នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧នេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានចាប់ផ្តើមធ្វើការជួសជុល ផ្លូវ៩កន្លែង ប្រវែង១៤៣៨០ម៉ែត្រស្ពាន១ និងលូ៧ប្រអប់១កន្លែង ឡើងវិញបន្ទាប់ពីរងការខូចខាតដោយសារជំនន់ទឹកភ្លៀងកន្លងមក ក្នុងគោលបំណងបម្រើការធ្វើចរាចរណ៍ជូនប្រជាពលរដ្ឋ ឲ្យមានភាពងាយស្រួលវិញ។
លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា បន្ទាប់ពី គ្រោះទឹកជំនន់ រយះពេលប៉ន្មានថ្ងៃជាប់គ្នា បានធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធនានា មានដូចជាផ្លូវ ស្ពាន លូ បានរងការខូចខាតដោយសារ ទឹកហូរច្រោះ បណ្តាលឲ្យបាក់ ស្រុតហើយកន្លែងខ្លះទៀត បានកាត់ផ្តាច់មិនអាចធ្វើចរាចរណ៍បាន។
លោក សំ លាងទ្រី បានបន្តថា ក្នុងគោលបំណងគិតគូរដល់ផលប្រយោជន៍ ប្រជាពលរដ្ឋស្របតាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គណៈកម្មការអន្តរក្រសួងរួមមាន៖ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មន្ទីរសាធារណការ និងដឹកជញ្ជូន និងកងវិស្វកម្មសម្តេចតេជោសៀមរាប ដឹកនាំដោយនាយឧត្តមសេនីយ៍ ខេង សាមេធ អគ្គស្នងការរង នគរបាលជាតិ បានចុះសិក្សា ផ្លូវនានាក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ដែលរងការខូចខាត ដោយជំនន់ទឹកភ្លៀងដើម្បីធ្វើការជួសជុល ឡើងវិញ។ បន្ទាប់ពីក្រុមគណៈកម្មការអន្តរក្រសួង បានចុះពិនិត្យចប់សព្វគ្រប់ បានបើកកិច្ចប្រជុំមួយដើម្បីគិតគូររកខ្ទង់ថវិកាយកមកធ្វើការ ជួសជុល។ ក្នុងនោះគណៈកម្មការបានសម្រេចឲ្យមន្ទីរសាធារណការខេត្ត អាចធ្វើការជួសជុលផ្លូវដែលរងការខូចខាតតិចតួច ដោយចំណាយថវិការបស់ខេត្ត ដែលជាកញ្ចប់ថវិការបស់មន្ទីរ។
លោក សំ លាងទ្រី បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រោមការបញ្ជា ដឹកនាំផ្ទាល់របស់លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃនេះមន្ទីរសាធារណការ និងដឹកជញ្ជូន បានដាក់គ្រឿងចក្រធ្វើការជួសជុលផ្លូវ ដែលរងការខូចខាតដោយទឹកជំនន់ឡើងវិញដាក់ឲ្យប្រជាពលរដ្ឋប្រើប្រាស់បណ្តោះអាសន្ន។ ផ្លូវដែលយើងធ្វើការជួសជុលឡើងវិញនៅពេលនេះមាន៩ខ្សែរ ស្មើនេង១៤៣៨០ម៉ែត្រ ស្ពាន១កន្លែង លូ៧កន្លែង និងលូរប្រអប់១កន្លែងផងដែរ៕