(ភ្នំពេញ)៖ ទាហានប្រទេសអ៉ឺរ៉ាក់ចំនួន២៧នាក់ បានបញ្ចប់ការហ្វឹកហ្វឺនជំនាញ សកម្មភាពកម្មភាពកម្ចាត់មីននៅកម្ពុជា ដោយជោគជ័យ បន្ទាប់ពីចំណាយពេលវេលាសិក្សារយៈពេល២០ថ្ងៃ នៅទីតាំងសំខាន់ៗរបស់មជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់)។
ការហ្វឹកហ្វឺនពីសកម្មភាពកម្ចាត់មីន របស់ទាហានអ៉ឺរ៉ាក់ បានបញ្ចប់ដោយជោគជ័យនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ បន្ទាប់ពីពួកគេបាន សិក្សានៅទីតាំងបញ្ជាការដ្ឋានស៉ីម៉ាក់ ខេត្តកំពង់ឆ្នាំង ខេត្តបាត់ដំបង ទស្សនាសារមន្ទីរសន្តិភាពនៅខេត្តសៀមរាប និងបញ្ជាការដ្ឋាន ស៉ីម៉ាក់ខេត្តកំពង់ចាម។
លោក ហេង រតនា អគ្គនាយកស៉ីម៉ាក់ បានលើកឡើងថា អង្គភាពស៉ីម៉ាក់ ពិតជាមានមោទនភាព ដែលរដ្ឋាភិបាលជប៉ុនផ្តល់ជំនួយ ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រការហ្វឹកហ្វឺនប្រទេសមានបញ្ហាគ្រាប់មីនដទៃ ក្នុងពិភពលោក ក្នុងបុព្វហេតុមនុស្សធម៌ និងការអភិវឌ្ឍ។
លោកបញ្ជាក់ទៀតថា តាមការរាយការណ៍របស់មន្ត្រីអ៉ឺរ៉ាក់ ដែលឆ្លងកាត់វគ្គហ្វឹកហ្វឺនេះ ពួកគាត់ពិតជាបានរៀនសូត្របច្ចេកទេស យ៉ាងច្រើន និងជាពិសេសពួកគាត់បានសំណូមពរឲ្យស៉ីម៉ាក់ បន្តជួយលើជំនាញបច្ចេកទេសសំខាន់ៗដទៃទៀត ដែលជាការចាំបាច់បំផុត សំរាប់ពួកគាត់ធានាសុវត្ថិភាពជូនប្រជាជន និងការអភិវឌ្ឍន៍ឲ្យបានឆាប់រហ័សបំផុត ក្រោយសង្គ្រាមត្រូវបានបញ្ចប់។
លោក ហេង រតនា បានលើកឡើងទៀតថា «ពួកគាត់មកពីប្រទេសមានសង្គ្រាម គឺតែងតែកោតសរសើរ មិនដាច់ពីមាត់អំពីសុខសន្តិភាព និងការអភិឌ្ឍន៍យ៉ាងឆាប់រហស័របស់កម្ពុជា ដែលខុសពីក្តីស្រមៃទាំងស្រុងរបស់គាត់ កាលមិនទាន់ស្គាល់កម្ពុជា។ ពួកគាត់គិតថា ប្រទេសកម្ពុជាប្រហែលសំបូរ ទៅដោយអ្នកសុំទាន គ្មានលំនៅដ្ឋានដើរដេក តាមចិញ្ចើមថ្នល់យ៉ាងច្រើន តែពេលមកដល់កម្ពុជា ពួកគាត់ភ្ញាក់ផ្អើល និងមានក្តីរំភើបខុសពីការស្មាន។ នេះជាសំដីពិតរបស់ពួកគាត់! អ្នកកំពុងរស់នៅក្នុងសង្គ្រាម ពិតជាសំដីចង់បាន សន្តិភាពណាស់!! សន្តិភាពពិតជាពិបាកកើតឡើងណាស់ នៅពេលមានសង្គ្រាមកើតឡើងហើយនោះ»។
សូមជម្រាបថា ការមកហ្វឹកហ្វឺន និងចែករំលែកបទពិសោធន៍ ដើម្បីពន្លឿនល្បឿនដោះស្រាយវិបត្តិក្រោយ សង្គ្រាមនៅប្រទេសអ៉ីរ៉ាក់នេះ ទទួលបានការគាំទ្រពីរដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយៈទីភ្នាក់ងារផ្តល់ជំនួយអន្តរជាតិជប៉ុន (JICA)។
លោក ហេង រតនា បានបង្ហាញអំពីប្រវត្តិប្រទេសអ៉ីរ៉ាក់ថា អ៉ីរ៉ាក់ស្ថិតនៅតំបន់អាស៉ីខាងលិច មានផ្ទៃដី៤៣៧,០៧២គីឡម៉ែត្រក្រឡា មានប្រជាជនសរុបជាង៣៨លាននាក់ មានចំណូលមធ្យម១៦,៥៥០ដុល្លារម្នាក់/មួយឆ្នាំ (ឆ្នាំ២០១៧)។
សង្គ្រាមឆាបឆេះឡើងនៅថ្ងៃទី២០ ខែមិនា ឆ្នាំ២០០៣ ដោយឈ្លានពានចូលទឹកដីអ៉ីរ៉ាក់ ដឹកនាំដោយសហរដ្ឋអាមេរិក ក្រោមមូលហេតុ ចោទប្រកាន់ថា អ៉ីរ៉ាក់មានផលិតអាវុធប្រល័យលោក តែក្រោយមករកមិនឃើញអាវុធប្រល័យលោក ដូចបានចោទប្រកាន់ឡើយ។ សង្គ្រាមឈ្លានពាននេះ មានរយៈពេល៨ឆ្នាំ៨ខែ និង២៨ថ្ងៃ (២០ មិនា ២០០៣-១៨ ធ្នូ ២០១១)។
សង្គ្រាមបានឆ្លងចូល ជាសង្គ្រាមស៉ីវិល និងសង្គ្រាមសាសនាផ្ទៃក្នុង និងអន្តរជាតិ ក្នុងការបង្កើតរដ្ឋអ៉ីស្លាម (ISIS)។ សង្គ្រាមជិត១៥ឆ្នាំ មកនេះ បានធ្វើឲ្យប្រទេសអាស៉ីមួយនេះ ក្លាយជាផេះផង់ សមុទ្រឈាម និងទឹកភែ្នកដែលមានមនុស្សស្លាប់ប្រមាណ៥០០,០០០នាក់។ ក្តីសង្ឃឹមនៃពន្លឺសន្តិភាពពេញលេញ ស្ថិតនៅវែងឆ្ងាយ ក្នុងនោះមានគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមច្រើនអនេក ស្ថិតនៅគំរាម កំហែងអាយុជីវិតប្រជាជនអ៉ីរ៉ាក់រាល់ថ្ងៃ៕