(ភ្នំពេញ)៖ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានទទួលជួបគណៈប្រតិភូ នៃជំនាញការអតីតយុទ្ធជន និងក្រុមគ្រួសារអតីតយុទ្ធជនវៀតណាម ដែលបានមកចូលរួមរំដោះប្រជាជនកម្ពុជា ចេញពីរបបខ្មែរក្រហមនាឆ្នាំ១៩៧៩ ដែលមានចំនួន១៤០នាក់ បានមកទស្សនកិច្ចនៅកម្ពុជា នាឱកាសប្រារព្ធខួប៥០ឆ្នាំនៃ ទំនាក់ទំនងការទូត កម្ពុជា-វៀតណាម។
ប្រតិភូដឹកនាំដោយលោក វ៉ូ ម៉ៅ ប្រធានសមាគមមិត្ដភាព វៀតណាម-កម្ពុជា បានប្រព្រឹត្ដទៅនាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ នៅទីស្ដីការគណៈរដ្ឋមន្ដ្រី ក្នុងគោលបំណង ដើម្បីសិក្សាស្វែងយល់ពីការអភិវឌ្ឍ រីកចម្រើន នៃប្រទេសជាតិ និងធ្វើការផ្លាស់ប្ដូរនូវបទពិសោធន៍ពីគ្នាទៅវិញទៅមក យូរអង្វែងទៅថ្ងៃអនាគត។
នៅចំពោះមុខប្រតិភូអតីតយុទ្ធជនវៀតណាម លោកស្រី ម៉ែន សំអន បានថ្លែងថា នៅពេលថ្មីៗនេះ ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន បានទទួលស្វាគមន៍យ៉ាងកក់ក្តៅ នៃដំណើរទស្សនកិច្ចរបស់លោក ង្វៀន ហ៊្វូជុង អគ្គលេខាធិការគណៈកម្មាធិការ មជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម ដែលបានមក បំពេញទស្សនកិច្ចនៅកម្ពុជា។ ហើយនៅពេលនេះ យើងបានទទួលស្វាគមន៍អតីតយុទ្ធជន អតីតកម្មាភិបាល ជំនាញការ និងព្រមទាំងកូន និងប្រពន្ធរបស់អតីតយុទ្ធជនវៀត ណាមដែលបានពលីជីវិតនៅទឹកដីកម្ពុជា ក្នុងបុព្វហេតុ រំដោះប្រជាជន និងរំដោះប្រទេសកម្ពុជាឲ្យរួចចាកផុតពីរបបខ្មែរក្រហម។
លោកស្រី ម៉ែន សំអន បានបញ្ជាក់ថា «ប្រទេសកម្ពុជា នាពេលនេះ ខុសពីពេលមុន ខណៈដែលបងៗអតីតយុទ្ធជន បានមកជួយរំដោះកម្ពុជា ពីរបបប៉ុលពត។ បច្ចុប្បន្ន កម្ពុជា មានសុខសន្តិភាព មានការអភិវឌ្ឍរីកចម្រើន។ កម្ពុជានៅតែបន្តថែរក្សាចំណងមិត្តភាព នៃប្រទេសទាំងពីរឲ្យកាន់តែរឹងមាំបន្តទៀត។ រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន បាននាំមកនូវសុខសន្តិភាព ស្ថេរភាព និងមានការអភិវឌ្ឍលើគ្រប់វិស័យ។ កម្ពុជាបានឆ្លងកាត់នូវព្រឹត្តការណ៏ធំៗ រួមមាន៖ ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ ទទួលបានជោគជ័យ ហើយបានត្រៀមរៀបចំការបោះឆ្នោតជ្រើសរើស ព្រឹទ្ធសភា និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៦ នាឆ្នាំ២០១៨ ខាងមុខនេះទៀត»។
លោកស្រី ម៉ែន សំអន បានបន្តទៀតថា កម្ពុជាមានកំណើនសេដ្ឋកិច្ចរង្វង់៧% ហើយបានកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនយ៉ាងច្រើន។ រាជរដ្ឋាភិបាល បាន បន្តខិតខំជំរុញកំណើនសេដ្ឋកិច្ចបន្ថែមទៀត និងថែរក្សាស្ថេរភាពព្រមទាំងជំរុញការនាំចេញផលិតផលវិស័យកាត់ដេរ ទៅទីផ្សារក្រៅប្រទេស និងពង្រីការអភិវឌ្ឃ វិស័យកសិកម្ម ឧស្សាហកម្ម និងបន្តរកទីផ្សារលក់កសិផលរបស់ប្រជាកសិករកម្ពុជា ឲ្យបានច្រើនបន្ថែមទៀត ជាពិសេសការនាំចេញផលិតផលកសិកម្មទៅទីផ្សារក្រៅប្រទេស ដែលមានតម្លៃសមរម្យ។
លោក វ៉ូ ម៉ៅ ប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា បញ្ជាក់ថា នៅក្នុងឱកាសរំលឹកខួប៥០ឆ្នាំ នៃទំនាក់ទំនងការទូត កម្ពុជា-វៀតណាម នាពេលថ្មីៗនេះ ថ្នាក់ដឹកនាំជាន់ខ្ពស់ នៃប្រទេសកម្ពុជា បានអញ្ជើញទៅប្រទេសវៀតណាម ចូលរួមការរំលឹកខួប៥០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។
លោកបន្ដថា «ក្នុងនាមលោកតំណាងឲ្យប្រជាជនវៀតណាម ក៏ដូចជាសមាគមមិត្ដភាពវៀតណាម-កម្ពុជា លោកសូមអគុណចំពោះដំណើរទស្សនកិច្ចផ្លូវការរបស់លោក ង្វៀន ហ៊្វូជុន អគ្គលេខាធិការមជ្ឃឹមបក្សកុម្មុយនិស្តវៀតណាម មកកម្ពុជា គឺដើម្បីបន្តពង្រឹងទំនាក់ទំនងមិត្តភាពកម្ពុជា-វៀតណាមឲ្យកាន់តែរឹងមាំបន្ថែមទៀត។ ដំណើរទស្សន កិច្ចរបស់កម្មាភិបាល អតីតយុទ្ធជន និងក្រុមគ្រួសាររបស់អតីតយុទ្ធវៀតណាម នៅកម្ពុជា មានការទទួលស្វាគមន៏យ៉ាងកក់ក្តៅ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន។ ថ្ងៃនេះតំណាងឲ្យក្រុមគ្រួសារ និងអតីតយុទ្ធជនវៀតណាម ដែលបានពលីជីវិតនៅកម្ពុជា លោកសូមសម្តែងនូវការចំណាប់អារម្មណ៍ ដោយក្ដីគោរពស្រឡាញ់ ចំពោះប្រជាជនកម្ពុជា ដែលបានសហការយ៉ាងល្អ ជាមួយបងប្អូនប្រជាជនវៀតណាម ដើម្បីរួមគ្នារំដោះ ប្រទេសជាតិមាតុភូមិឲ្យចាកផុតពីរបបប្រល័យពូជសាស្ដ្រប៉ុលពត។ ពេលនេះខ្ញុំបាន ឃើញប្រទេសកម្ពុជា មានសុខសន្តិភាព និងមានការអភិវឌ្ឍរីកចម្រើនយ៉ាងខ្លាំងក្រោម ការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។ ប្រជាជនកម្ពុជា មានភាពរស់រាយរាក់ទាក់ ប្រជាជនកម្ពុជារស់នៅ ក្នុងសុខសន្តិភាព។ ក្នុងនាមតំណាងឲ្យប្រជាជនវៀតណាម លោកសូមសន្យា និងបន្តថែរក្សាចំណងមិត្តភាព កម្ពុជា-វៀត
ណាម ឲ្យនៅតែស្ថិតស្ថេរជាបងប្អូនតែមួយជារៀងរហូត»៕