(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ឈុំ សុជាតិ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧នេះ បានច្រានចោលនូវការចោទប្រកាន់នានារបស់ ប្រ៊ែដ អាដាម (Brad Adams) នាយកអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Right Watch ហើយប្រកាសប្រឆាំងដាច់ខាតចំពោះមន្រ្តីសិទ្ធិមនុស្សរូបនេះ ដែលបានប្រមាថមើលងាយ ធ្ងន់ធ្ងរដល់កងយោធពលខេមរភូមិន្ទកម្ពុជា។
ប្រតិកម្ម និងការច្រានចោលរបស់អ្នកនាំពាក្យក្រសួងការពារជាតិ បានធ្វើឡើងបន្ទាប់ពីវិទ្យុអាស៊ីសេរី នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧នេះ បានដកស្រង់សម្តីរបស់ ប្រ៊ែដ អាដាម ដែលរិះគន់អ្នកស្រី អិនជេលីណា ជូលី ដែលថា សហការជាមួយកងយោធពលខេមរភូមិន្ទចំនួន៥០០នាក់ ដើម្បីថតភាពយន្ត «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ»។
តាមរយៈវិទ្យុអាស៊ីសេរី ដែលដកស្រង់បន្តពីទស្សនាវត្តីញូយ៉ក ប្រ៊ែដ អាដាម បានវាយប្រហារមកលើកងទ័ពកម្ពុជាថា ជាកងទ័ពរបស់ខ្មែរក្រហម ហើយបានរិះគន់ថា កងទ័ពបច្ចុប្បន្ននេះ បានបម្រើជនផ្តាច់ការ ហើយលោកស្រី អិនជេលីណា ជូលី មិនគួរសហការជាមួយកងទ័ពទាំងនោះទេ។
នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អះអាងថា ការចោទប្រកាន់របស់ ប្រ៊ែដ អាដាម មកលើកងទ័ពកម្ពុជាពេលនេះ មិនអាចទទួលយកបានឡើយ ជាពិសេសការចោទប្រកាន់ថា មេដឹកនាំ រដ្ឋមន្រ្តីការពារជាតិ រួមទាំងកងទ័ពកម្ពុជាជាខ្មែរក្រហម។
លោក ឈុំ សុជាតិ បានបន្តទៀតយ៉ាងដូច្នេះថា៖ «ការលើកឡើងបែបនេះ គឺជាការប្រមាថធ្ងន់ធ្ងរ ដល់កងយោធពលខេមរភូមិន្ទ ដែលជារដ្ឋអធិបតេយ្យមួយ ដែលយើងមាន អំណាចពេញលេញ ក្នុងការបំពេញភារកិច្ចរបស់ខ្លួន។ ទោះបីជាយើងមិនបានចូលរួមថតភាពយន្តនេះ ប៉ុន្តែកងទ័ពកម្ពុជា គឺមានសិទ្ធិក្នុងការចូលរួមផ្សេងៗ។ ប្រ៊ែដ អាដាម បានតាំងខ្លួនជាអ្នកសិទ្ធិមនុស្ស ប៉ុន្តែបែរជានិយាយមាក់ងាយដល់ សិទ្ធិរបស់កងទ័ពកម្ពុជាទៅវិញ»។
ទោះជាយ៉ាងណា លោក ឈុំ សុជាតិ បានយល់យ៉ាងច្បាស់ អំពីគំនិតទុច្ចរឹតរបស់ លោក ប្រ៊ែដ អាដាម មកលើរាជរដ្ឋាភិបាលកម្ពុជា ដោយថា មន្រ្តីសិទ្ធិមនុស្សរូបនេះ តែងតែឆ្លៀតវាយប្រហារមកលើរាជរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជនកម្ពុជាជានិច្ច ហើយមិនដែលបានមើលឃើញនូវចំណុចល្អ របស់រាជរដ្ឋាភិបាលកម្ពុជានោះទេ។
សូមបញ្ជាក់ថា លោក ប្រ៊ែដ អាដាម ធ្លាប់ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា បណ្តេញចេញពីប្រទេសកម្ពុជា កាលពីប៉ុន្មានឆ្នាំមុន។ កន្លងទៅមន្រ្តីរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា បានចាត់ទុកថា ការវាយប្រហារជាបន្តបន្ទាប់របស់ ប្រ៊ែដ អាដាម មកលើរាជរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជនកម្ពុជា គ្រាន់តែជាការសងសឹកតែប៉ុណ្ណោះ៕