(ភ្នំពេញ)៖ លោក ហន សុខេមរិន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៣១ ខែកក្កដា នេះ បានសម្រេចឃុំខ្លួនបុរសចំណាស់ម្នាក់ ដែលរំលោភសេពសន្ថវៈក្មេងស្រីអាយុ៩ឆ្នាំ បន្ទាប់ពីជនសង្ស័យត្រូវបានលោក ងិន ពេជ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ពីបទ «រំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ» តាមមាត្រា២៣៩ និងមាត្រា២៤១ នៃក្រមព្រហ្មទណ្ឌ។
សមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍រំលោភសេពសន្ថវ:នេះ បានកើតឡើងកាលពីរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ នៅក្នុងព្រៃដីឡូតិ៍គ្មានលេខ ភូមិព្រែកធំ២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ នៅគ្រាដែលកុមារីរងគ្រោះបានដើរទៅទិញទឹកកក។ ពេលមកដល់ចំណុចកើតហេតុ ស្រាប់តែជួបជនសង្ស័យ ពេលនោះជនសង្ស័យ បានចាប់កុមារីរងគ្រោះចូលក្នុងព្រៃ រួចលេងប្រដាប់ភេទកុមារីរងគ្រោះ និងរំលោភរហូតបានសម្រេច។
ក្រោយកើតហេតុ កុមារីរងគ្រោះបាននិយាយរឿងហេតុទាំងអស់ប្រាប់ម្តាយ ហើយក៏នាំកុមារីរងគ្រោះទៅពិនិត្យសុខភាព នៅមណ្ឌលសុខភាពក្បាលកោះ គ្រូពេទ្យប្រាប់ថា មានស្នាមដាច់រលាត់ រួចក៏មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលក្បាលកោះ។
ក្រោយពីទទួលពាក្យបណ្ដឹង របស់ម្តាយកុមារីរងគ្រោះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យតែម្តង៕