Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមប្រឹក្សាធម្មនុញ្ញ ចេញសេចក្តីថ្លែងការណ៍ថ្កោលទោស និងបដិសេធយ៉ាងដាច់អហង្ការ ចំពោះការមួលបង្កាច់ ដោយចេតនាទុច្ចរិតរបស់បុគ្គល ប្រ៊ែដ អាដាម (Video inside)

31-07-2017 11:50

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧នេះ បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោស និងបដិសេធយ៉ាងដាច់អហង្ការ ចំពោះការមួលបង្កាច់ ដោយចេតនាទុច្ចរិតរបស់បុគ្គល ប្រ៊ែដ អាដាម នាយកប្រតិបត្តិទទួលបន្ទុកកិច្ចការតំបន់អាស៊ី របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ​ Human Rights Watch ដែលបានលើឡើងតាមវិទ្យុអាស៊ីសេរី ធ្វើឲ្យប៉ះពាល់មកលើស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញ និងស្ថាប័នកំពូលៗដទៃរបស់កម្ពុជា។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ ដែលបណ្តាញសារព័ត៌មាន Fresh News ទើបទទួលបាននៅមុននេះ។

ក្រុមប្រឹក្សាធម្មនុញ្ញបានសង្កត់ធ្ងន់ថា «ការលើកឡើងរបស់ លោក ប្រ៊ែដ អាដាម នេះ ជាការរំលោភលើឯករាជ្យ អធិបតេយ្យ រំលោពលើករដ្ឋធម្មនុញ្ញ និងកិច្ចការផ្ទៃក្នុង របស់ព្រះរាជាណាចក្រកម្ពុជា។ ក្រុមប្រឹក្សាធម្មនុញ្ញសូមថ្កោលទោស និងបដិសេធយ៉ាងដាច់អហង្ការចំពោះ ការមួលបង្កាច់ដោយចេតនាទុច្ចរិតរបស់បុគ្គលនេះ ដែលបានរំលោភបំពានធ្ងន់ធ្ងរ ដល់ស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញ និងធ្វើឲ្យមានការភាន់ច្រឡំ ដល់សាធារណមតិជាតិ និងអន្តរជាតិ»

ការចេញបដិសេធយ៉ាងដាច់ខាត របស់ក្រុមប្រឹក្សាធម្មនុញ្ញនេះបន្ទាប់ពីបុគ្គល ប៊្រែដ អាដាម បានផ្តល់បទសម្ភាសន៍ដល់វិទ្យុអាស៊ីសេរីថា កងទ័ពកម្ពុជាជាង៥០០នាក់ ត្រូវបានជួលឲ្យថតខ្សែភាពយន្តរបស់អ្នកស្រី អេនជេលីណា ជូលី ហើយបុគ្គលរូបនេះបានចោទប្រកាន់ថា កងទ័ពទាំងជាង៥០០នាក់ គឺស្ថិតក្រោមមេដឹកនាំផ្តាច់ការទៀតផង។

ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ឈុំ សុជាតិ ក៏បានច្រានចោលទាំងស្រុង ចំពោះការចោទប្រកាន់គ្មានមូលដ្ឋានរបស់បុគ្គល ប្រ៊ែដ អាដាម ដោយលោកអះអាងថា កងទ័ពកម្ពុជាមានការដឹកនាំត្រឹមត្រូវ លើកិច្ចការពារសន្តិសុខ និងសណ្តាប់ធ្នាប់របស់ជាតិ គ្មានពេលវេលាទៅថតខ្សែភាពយន្តនោះឡើយ។

សូមអានខ្លឹមសារលម្អិត នៃសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ​ ខាងក្រោមនេះ៖