(ភ្នំពេញ)៖ ផលិតកម្ម មហាហង្ស បានចាប់ផ្ដើមចេញថតភាពយន្តខ្នាតធំ ថ្មីមួយទៀតហើយ មានចំណងជើងថា «អនុស្សាវរីយ៍ថ្ងៃចូលឆ្នាំ» ដែលជាប្រភេទភាពយន្ត បែបមនោសញ្ចេតនា កំប្លែង ឌឺដង ដោយត្រូវចាយទុនផលិតប្រមាណជាង ៣០ម៉ឺនដុល្លារ បន្ទាប់ពីផលិតកម្មមួយនេះ ទទួលបានជោគជ័យជាបន្តបន្ទាប់ ក្នុងការដាក់បញ្ចាំងភាពយន្តជាច្រើន នាពេលកន្លងមក។ ពិធីក្រុងពាលីថតជាផ្លូវការ ត្រូវបានធ្វើឡើងនៅល្ងាចថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅឯភូមិគ្រិះរបស់លោក អ៊ិន សុភិន ដែលជាចាងហ្វាងផលិតកម្ម មហាហង្ស ផ្ទាល់ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
លោក អ៊ិន សុភិន ជាផលិតករ និងជាចាងហ្វាងផលិតកម្ម «មហាហង្ស» បានថ្លែងប្រាប់ឲ្យដឹងថា នេះគឺជាស្នាដៃទី១ ដែលផលិតកម្មរបស់លោក បានសហការផលិតរឿង «អនុស្សាវរីយ៍ថ្ងៃចូលឆ្នាំ» ជាមួយអ្នកជំនាញ និងតារាសម្ដែងមកពី ៣ ប្រទេសរួមគ្នា ក្នុងតំបន់អាស៊ី មានដូចជាប្រទេសកម្ពុជា ប្រទេសឡាវ និង ប្រទេសថៃ លោកបានបន្ថែមទៀតថា «ការចំណាយលុយច្រើនបែបនេះ មិនមែនជាការជះលុយមកផលិតទេ តែជាការយកលុយមកផលិត ដើម្បីឲ្យរឿងមួយមានគុណភាព យើងធ្វើទៅដើម្បីឲ្យក្លាយ ជាខ្សែភាពយន្តខ្នាតធំ១ ហើយគឺជាខ្សែភាពយន្តមួយ ចង់បញ្ជាក់ពីសម្ព័ន្ធភាព សហភាព សហប្រតិបត្តិការគ្នា រវាងអាស៊ានទាំង១០»។
លោក អ៊ិន សុភិន បានថ្លែងបញ្ជាក់ថា ជាការពិត ការផលិតរឿងពីមួយទៅមួយ ផលិតកម្មមហាហង្ស មានខិតខំប្រឹងប្រែងពង្រឹងទៅលើគុណភាព ឲ្យកាន់តែប្រសើរឡើង រហូតដល់តារាសម្ដែង និងផលិតករបរទេសក៏ចាប់អារម្មណ៍ ចង់សហការជាគ្នា ដើម្បីផលិតរឿងថ្មីៗជាបន្តទៀត។ ជាក់ស្ដែងដូចជាពេលនេះ យើងបានអញ្ជើញ តារាសម្ដែងដ៏ល្បីរបស់ប្រទេសថៃ គឺនាង ណាតតាទីដា ដាំរ៉ុងវិសិដ្ឋផេត មកសម្ដែងរួមគ្នាជាមួយតារាខ្មែរយើង ដែលជាការប៉ះគ្នាជាលើកដំបូង និងក្លាយជារសជាតិថ្មីមួយទៀតរបស់ទស្សនិកជន ដែលតែងតែគាំទ្រស្នាដៃផលិតរបស់ ផលិតកម្ម មហាហង្ស នាពេលកន្លងមក។
គួរបញ្ជាក់ថា រឿង «អនុស្សាវរីយ៍ថ្ងៃចូលឆ្នាំ» នេះចូលរួមសម្ដែង ដោយតារារូបសង្ហាលោក ខាត់ វ៉ៃហាំង បានចាប់ដៃគូរសម្ដែងជាតួឯក ជាមួយតារាសម្ដែងថៃ នាង ណាតតាទីដា ដាំរ៉ុងវិសិដ្ឋផេត និងតារាកម្ពុជា-ថៃ ជាច្រើនរូបទៀត ហើយគ្រោងនឹងចេញថត ក្នុងពេលឆាប់ៗខាងមុខនេះ។ រឿងភាពយន្តខ្នាតធំនេះ នឹងដាក់បញ្ចាំង៣ ប្រទេសរួមគ្នាក្នុងខែ វិច្ឆិកា ឆ្នាំ ២០១៧ មានប្រទេសកម្ពុជា ថៃ ឡាវ និង ប្រទេសមួយចំនួនទៀត ក្នុងតំបន់អាស៊ី៕