(ភ្នំពេញ)៖ ជុំវិញបញ្ហាជម្លោះរវាងមហាអំណាចអាមេរិក និងរុស្ស៊ី ដែលឈានដល់ដាក់ទណ្ឌកម្មមកលើរុស្ស៊ី ចំពោះការលូកលាន់ ចូលកិច្ចការផ្ទៃក្នុងរបស់អាមេរិក លើការបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំ២០១៦ ពីសំណាក់រុស្ស៊ី ដែលទង្វើនេះអាមេរិកមិនអាច ទទួលបាន។ ជាការឆ្លើយតបចំពោះទង្វើរបស់អាមេរិកនេះ ប្រធានាធិបតីរុស្ស៊ី លោក វ៉ា្លឌីមៀ ពូទីន បានប្រកាសបណ្តេញមន្ត្រីទូតអាមេរិក ៧៥៥នាក់ចេញពីប្រទេសរបស់ខ្លួន ដើម្បីជាការសងសឹក។
ជុំវិញបញ្ហានេះជម្លោះរវាងមហាអំណាចលំដាប់ពិភពលោកទាំងពីរនេះ ព្រោះតែលូកលាន់កិច្ចការផ្ទៃរបស់ខ្លួន, នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងសម្តេចនាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ចេញទស្សនៈដូច្នេះថា «ប្រទេសមហាអំណាចទាំងពីរ យល់ថា ការលូកដៃរបស់ប្រទេសដ៏ទៃ ក្នុងកិច្ចការនយោបាយផ្ទៃក្នុងរបស់ប្រទេសខ្លួន គឺជារឿងមួយដែលមិនអាចទទួលយកបានទេ សម្រាប់ប្រទេសអធិបតេយ្យមួយ។ ខ្ញុំយល់ថាជំហរនេះត្រឹមត្រូវ ហើយគួរអនុវត្តសម្រាប់ប្រទេសទាំងអស់ មិនថាប្រទេសតូច ឬប្រទេស មហាអំណាចទេ ហើយប្រទេសមហាអំណាចដូចជា សហរដ្ឋអាមេរិក រុស្សី និងមហាអំណាចផ្សេងទៀត គួរដឹកនាំអនុវត្តគោលជំហរនេះ ដោយខ្លួនជាឧទាហរណ៏»។
លោក ហ៊ុន ម៉ាណែត បានបញ្ចេញទស្សនៈរបស់លោកតាមរយៈ Facebook ផ្លូវការរបស់លោកនាព្រឹកថ្ងៃនេះយ៉ាងដូច្នេះថា៖ «សភាសហរដ្ឋអាមេរិកបានអនុម័ត ការដាក់ទណ្ឌកម្មថ្មីទៅលើប្រទេសរុស្សី។ មូលហេតុចំបងមួយ គឺដោយសារសហរដ្ឋអាមេរិក បានចោទប្រកាន់រុស្សីថា បានលូកដៃក្នុងរឿងនយោបាយផ្ទៃក្នុង របស់ប្រទេសអាមេរិក កាលពីពេលបោះឆ្នោតជ្រើសរើស ប្រធានាធិបតីនៅអាមេរិកកន្លងទៅនេះ។ រុស្សីបានបដិសេធទៅនឹងការចោទប្រកាន់នេះ ហើយបាន ឆ្លើយតបវិញ ជាមួយ នឹងការបណ្តេញមន្ត្រីការទូតអាមេរិកជាង ៧៥០នាក់ ចេញពីប្រទេសរុស្សីយ៉ាងយូរត្រឹមថ្ងៃទី១ កញ្ញា ខាងមុខនេះ»។
លោក ហ៊ុន ម៉ាណែត បានបន្តយ៉ាងដូច្នេះថា៖ «តើការពិតយ៉ាងណា ហើយអ្នកណាត្រូវ អ្នកណាខុសនោះយើងមិនអាចសន្និដ្ឋាន បានទេនៅពេលនេះ។ ប៉ុន្តែអ្វីដែលយើងអាចយល់បានក្នុងករណីនេះ គឺថាប្រទេស មហាអំណាចទាំងពីរយល់ថាការលូកដៃ របស់ប្រទេសដ៏ទៃក្នុងកិច្ចការនយោបាយផ្ទៃក្នុងរបស់ប្រទេសខ្លួន គឺជារឿងមួយដែលមិនអាចទទួលយកបានទេ សម្រាប់ប្រទេស អធិបតេយ្យមួយ។ ខ្ញុំយល់ថាជំហរនេះត្រឹមត្រូវ ហើយគួរអនុវត្តសម្រាប់ប្រទេសទាំងអស់ មិនថាប្រទេសតូច ឬប្រទេសមហាអំណាចទេ ហើយប្រទេសមហាអំណាចដូចជាសហរដ្ឋអាមេរិក រុស្សី និងមហាអំណាចផ្សេងទៀត គួរដឹកនាំអនុវត្តគោលជំហរនេះ ដោយខ្លួនជា ឧទាហរណ៏»។
សូមជំរាបថា លោក ពូទីន បានថ្លែងក្នុងបទសម្ភាស៍មួយជាមួយស្ថានីយ៍ទូរទស្សន៍រុស្ស៊ី ដែលចេញផ្សាយនាថ្ងៃអាទិត្យម្សិលមិញថា សហរដ្ឋអាមេរិកនឹងត្រូវតែធ្វើការ កាត់បន្ថយបុគ្គលិកទាំងផ្នែកការទូត រួមទាំងបច្ចេកទេសក្នុងចំនួន ៧៥៥នាក់ ឲ្យបានមុនថ្ងៃទី០១ ខែកញ្ញាខាងមុខ។ លោកប្រធានាធិបតីរុស្ស៊ីបានលើកឡើងថា «ដោយសារតែមនុស្សជាង១,០០០នាក់ រួមមានបុគ្គលិកផ្នែកកការទូត និងបច្ចេកទេសកំពុងតែបម្រើការងារនៅក្នុងប្រទេសរុស្ស៊ី បុគ្គលិក៧៥៥នាក់ ក្នុងចំណោមនោះត្រូវតែបញ្ឈប់សកម្មភាពរបស់ពួកគេ នៅក្នុងសហព័ន្ធរុស្ស៊ី»។ ប្រការនេះនឹងធ្វើឲ្យចំនួនបុគ្គលិកស្ថានទូតអាមេរិក នៅទីក្រុងម៉ូស្គូនៅសល់ប្រមាណ ៤៥៥នាក់ ដូចគ្នាទៅនឹងចំនួនបុគ្គលិកស្ថានទូតរុស្ស៊ីប្រចាំនៅឯទីក្រុងវ៉ាស៊ីនតោនដែរ។
កាលពីថ្ងៃសុក្រសប្តាហ៍មុន រដ្ឋាភិបាលទីក្រុងម៉ូស្គូបានបង្គាប់ឲ្យអាមេរិកកាត់បន្ថយបុគ្គលិកស្ថានទូតរបស់ខ្លួនខ្ទង់រយនាក់ តែពុំបានបញ្ជាក់ពីចំនួនជាក់លាក់ពិតប្រាកដនោះឡើយ (ពេលនេះបង្ហាញហើយ៧៥៥នាក់) និងបានឲ្យដឹងទៀតថា ខ្លួននឹងរឹបអូសអចលនទ្រព្យចំនួនពីរកន្លែងថែមទៀត ដែលជាសកម្មសិទ្ធិរបស់ស្ថានទូតអាមេរិក បន្ទាប់ពីសភាតំណាងរាស្រ្ត និងព្រឹទ្ធសភាអាមេរិក បានអនុម័តគាំទ្រ យ៉ាងពេញទំហឹងចំពោះសេចក្តីព្រាង ស្តីពីការដាក់ទណ្ឌកម្មបន្ថែមថ្មីលើរុស្ស៊ី។ ម៉្យាងវិញទៀតនោះ សេតវិមានបានបង្ហើបថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងចុះហត្ថលេខាអនុញ្ញាតលើសេចក្តីព្រាងនេះ៕