(ក្រចេះ)៖ កម្លាំងសមត្ថកិច្ចចម្រុះបានឃាត់រថយន្ដសាំយ៉ុងដឹកឈើអារគ្មានច្បាប់អនុញ្ញាត ពីរដ្ឋបាលព្រៃឈើចំនួន៦គ្រឿង នៅចំណុចស្ពានព្រែឬស ភូមិហាន់ជ័យ ឃុំហាន់ជ័យ ស្រុកឆ្លូង ខេត្តក្រចេះ។

មន្រ្តីនគរបាលស្រុកឆ្លូង បានប្រាប់ភ្នាក់ងារ Fresh News នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧នេះថា កម្លាំងចម្រុះដែលចូលរួមបង្ក្រាប នោះរួមមាន នគរបាលស្រុកឆ្លូង ជំនាញរដ្ឋបាលព្រៃឈើឆ្លូង​ អាវុធហត្ថស្រុកឆ្លូង យោធាស្រុកឆ្លូង និងគណៈបញ្ជាការឯកភាពស្រុកឆ្លូង ដោយបានរួមសហការឃាត់រថយន្ដសាំយ៉ុងទាំង៦គ្រឿង ដឹកឈើគ្មានច្បាប់អនុញ្ញាត ដែលតែងតែបើកបរបង្កភាពភយ័ខ្លាចដល់ពលរដ្ឋ ធ្វើដំណើរតាមដងផ្លូវ ព្រោះរថយន្ដដឹកឈើទាំងនោះ បើកបរក្នុងល្បឿនយ៉ាងលឿន។

នគរបាលបន្តទៀតថា ឈើដែលកម្លាំងចម្រុះឃាត់បាននោះជាប្រភេទឈើ​ លេខ១ លេខ២ លេខ៣​ តែមិនទាន់ដឹងចំនួនម៉ែត្រគូបនោះទេ ព្រោះកម្លាំងកំពុងធ្វើការវាស់វែង ហើយឈើ និងរថយន្ដទាំងនោះ ត្រូវកម្លាំងរដ្ឋបាលព្រៃឈើ យកទៅរក្សាទុកនៅសង្កាត់ រដ្ឋបាលព្រៃឈើឆ្លូង។

ប្រជាពលរដ្ឋខេត្តក្រចេះ សាទរចំពោះសមត្ថកិចចម្រុះដែលធ្វើការបង្ក្រាបរថយន្ដដឹកឈើទាំងនោះ ជាពិសេសរថយន្ដដឹកឈើ នាពេលព្រឹកព្រលឹម ថា រថយន្ដទាំងនោះតែងតែបើកបរក្នុងល្បឿនយ៉ាងលឿន ធ្វើឲ្យពួកគាត់ភ័យខ្លាច ក្នុងការធ្វើដំណើរតាមដងផ្លូវ ជាពិសេស ពេលគាត់ដឹកកូនទៅសាលារៀន មានពេលខ្លះគេចពីរថយន្ដដឹកឈើទាំងនោះធ្លាក់ផ្លូវក៏មានដែរ៕