(កំពង់ធំ)៖ មន្ដ្រីអង្គការការពារព្រៃឈើ សត្វព្រៃ និងបរិស្ថាន ដែលដាក់កុងត្រូលជជុះជំរិតទារប្រាក់ពីប្រជាពលរដ្ឋ នៅស្រុកបារាយណ៍ ខេត្តកំពង់ធំនោះ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ធំ ចេញដីកាសម្រេចឲ្យជាប់ពន្ធនាគារហើយ។
ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ លោក អ៊ិត សុធា បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧នេះថា តុលាការបានសម្រេចឃុំខ្លួន ដាក់ពន្ធនាគារតាំងពីថ្ងៃម្សិលមិញមកម្ល៉េះ បន្ទាប់ពីលោកធ្វើការចោទប្រកាន់ពាក់ព័ន្ធការជំរិតទារប្រាក់ពីប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា កម្លាំងកងរាជអាវុធហត្ថស្រុកបារាយណ៍ ក្រោមការបញ្ជាពីលោកព្រះរាជអាជ្ញាខេត្ត បានចាប់ខ្លួនមន្ដ្រីអង្គការការពារព្រៃឈើ សត្វព្រៃ និងបរិស្ថាន នោះមែនដែលមានឈ្មោះ ស៊ន សាវុធ អាយុ៤២ឆ្នាំ ជាប្រធានសាខាខេត្តកំពង់ធំ។
លោក អ៊ិត សុធា បញ្ជាក់ថា ការចាប់ខ្លួនបុរសរូបនេះ ក្រោយមានការកុងត្រូលជជុះ និងជំរិតទារប្រាក់ពីប្រជាពលរដ្ឋនៅភូមិយាយទៀង ឃុំបល្ល័ង្ក ស្រុកបារាយណ៌ ដែលប្រជាពលរដ្ឋដឹកអុស ដឹកធ្យូង ឬដឹកកសិផល ពី៥,០០០រៀល ទៅ១០,០០០រៀល ហើយសកម្មភាពជំរិតទារប្រាក់នេះកើតឡើងយូរណាស់ហើយ ក៏លោកសម្រេចបញ្ជាឲ្យចាប់ខ្លួនតែម្ដង។
ក្រោយឃាត់ខ្លួនកម្លាំងអាវុធហត្ថដកហូតបាន បណ្ណ័បុគ្គលិកអង្កការការពារ សត្វព្រៃ និងបរិស្ថាន, លិខិតបញ្ជាបេសកកម្មអង្គការ, សំណើរសុំលើកផ្លាក (ប៉ាណូ) ដែលទាំងអស់នេះ ចេញដោយប្រធានអង្គការឈ្មោះ ទូច ណូរ៉ា, រថយន្ដ១គ្រឿង ម៉ាកកាមរីឆ្លាម ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2D-4049 និងសម្ភារៈ លុយ មួយចំនួនទៀត។
ជាមួយគ្នានេះ មន្ដ្រីមូលដ្ឋានបានស្នើឲ្យថ្នាក់ដឹកនាំខេត្ត និងថ្នាក់ដឹកនាំពាក់ព័ន្ធ មេត្តាជួយពិនិត្យមើលអង្គការដែលមាននៅក្នុងខេត្តផង ព្រោះថាកន្លងមកអង្គការទាំងនេះហើយ បានដាក់កុងត្រូលជជុះជំរិតទារប្រាក់ពីប្រជាពលរដ្ឋ ប៉ុន្ដែប្រជាពលរដ្ឋក៏បានតែងតែទម្លាក់កំហុស ក៏ដូចជាការចោទប្រកាន់ មកលើរាជរដ្ឋាភិបាលថា អនុញ្ញាតិឲ្យដាក់កុងត្រូលជជុះ។
ពាក់ព័ន្ធនឹងការជំរិតទារប្រាក់នេះដែរ កន្លងទៅថ្មីៗនេះ ព្រះរាជអាជ្ញាខេត្តកំពង់ធំ ក៏បានបញ្ជាឲ្យចាប់ជនសង្ស័យម្នាក់ដែរ ដែលយកឈ្មោះថ្នាក់ដឹកនាំ ទៅជំរិតទារប្រាក់ ពីប្រជាពលរដ្ឋរកស៊ីដឹកអុស និងកសិផល បន្តិចបន្តួច។ បុគ្គលរូបនេះមានឈ្មោះ ឆេង សុខអេង ហៅសង្ហា ត្រូវបានឃាត់ខ្លួន នៅចំណុចភូមិកំពុងស្ដេច ឃុំក្រវ៉ា ស្រុកបារាយណ៍ ហើយក៏ត្រូវតុលាការសម្រេចឃុំខ្លួនផងដែរ៕