Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គ.ជ.ប៖ នៅសល់ពលរដ្ឋជាង២លាននាក់ទៀត ដែលមិនទាន់ចុះឈ្មោះបោះឆ្នោត

31-07-2017 10:40

(ភ្នំពេញ)៖ លោក គួយ ប៊ុនរឿន អនុប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងថា គិតមកដល់ពេលនេះ ប្រជាពលរដ្ឋប្រមាណជាង២លាននាក់ ដែលមិនទាន់ចុះឈ្មោះបោះឆ្នោត រាប់ទាំងអ្នកទើបគ្រប់អាយុបោះឆ្នោត និងអ្នកគ្រប់អាយុហើយ តែមិនទាន់ចុះឈ្មោះបោះឆ្នោត និងអ្នកផ្លាស់ប្តូរទីលំនៅ។

លោកអនុប្រធានថ្លែងបែបនេះ ក្នុងវគ្គបណ្ដុះបណ្ដាល ដល់មន្រ្តីលេខាធិការដ្ឋានរាជធានី-ខេត្តរៀបចំការបោះឆ្នោត (លធ.ខប) តំណាងគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិល ស្ដីពីការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ នៅវិទ្យាស្ថានជាតិអប់រំ នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧។

លោក គួយ ប៊ុនរឿន ថ្លែងយ៉ាងដូច្នេះថា «យើងចុះឈ្មោះបោះឆ្នោតលើកនេះ ចុះតែអ្នកមិនទាន់បានចុះទេ អីចឹងគោលដៅមាន៣៖ មានអ្នកទើបគ្រប់អាយុបោះឆ្នោត អ្នកដែលមានសិទ្ធិហើយ តែមិនទាន់បានចុះឈ្មោះ និងអ្នកផ្លាស់ទីលំនៅ។ យើងប៉ាន់ស្មានលើកមុន អ្នកគ្រប់អាយុនៅសល់ប្រហែល១លាននាក់ អ្នកទើបគ្រប់អាយុគិតត្រឹមថ្ងៃបោះឆ្នោតប្រហែល៥០ម៉ឺននាក់ ហើយអ្នកដែលផ្លាស់ប្ដូរ ទីលំនៅប្រហែល៦០ម៉ឺននាក់ទៀត អីចឹងយើងគិតទៅប្រហែល ២លានជាង ដែលត្រូវធ្វើការចុះឈ្មោះថ្មី»

លោកបញ្ជាក់ថា ការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ ថ្មីនេះ គឺដើម្បីបំពេញបន្ថែមទៅលើបញ្ជីឈ្មោះបោះឆ្នោតចាស់ ឆ្នាំ២០១៦។ កាលពីឆ្នាំ២០១៦ ប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោតមានប្រមាណ ៩.៦លាននាក់ ប៉ុន្តែប្រជាពលរដ្ឋដែលទៅចុះឈ្មោះបោះឆ្នោត មានតែប្រមាណ ៧.៨លាននាក់ប៉ុណ្ណោះ ស្មើនឹង៨១.៣៨ភាគរយ។

សូមជម្រាបថា ការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ នឹងចាប់ឡើងចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ដើម្បីយកទៅប្រើប្រាស់ នៅពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ នៃរដ្ឋសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ។

គ.ជ.ប ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលគ្រប់អាយុបោះឆ្នោត ហើយមិនទាន់ចុះឈ្មោះក្នុងបញ្ជីបោះឆ្នោត ត្រូវត្រៀមខ្លួនទៅចុះ ឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នា ដើម្បីទទួលបានសិទ្ធិបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៦ ឆ្នាំ២០១៨ខាងមុខ៕