(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧នេះ បានបើកវគ្គបណ្ដុះបណ្ដាលដល់មន្ត្រីលេខាធិការដ្ឋានរាជធានី-ខេត្តរៀបចំការបោះឆ្នោត (លធ.ខប) តំណាងគណបក្សនយោបាយ និងអង្គការមិនមែនរដ្ឋាភិបាល ស្ដីពីការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ ក្រោមវត្តមានលោក គួយ ប៊ុនរឿន អនុប្រធាន គ.ជ.ប។
វគ្គបណ្ដុះបណ្ដាលនេះ មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៣១ ខែកក្កដា ដល់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧ នៅវិទ្យាស្ថានជាតិអប់រំ។
នៅរសៀលថ្ងៃទី០២ ខែសីហា ពិធីបិទវគ្គបណ្ដុះបណ្ដាលនេះ នឹងធ្វើឡើងក្រោមវត្តមានលោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប។
សូមជម្រាបថា យុទ្ធនាការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ នឹងចាប់ឡើងចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ដើម្បីយកទៅប្រើប្រាស់នៅពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ៕