(ភ្នំពេញ)៖ ទីបំផុត! គណបក្ស សម រង្ស៊ី ដែលនឹងមានតែឈ្មោះ នៅថ្ងៃអនាគតនោះ បានសម្រេចផ្លាស់ប្តូរឈ្មោះជា «គណបក្សភ្លើងទៀន» វិញ ដើម្បីឱ្យស្របតាមច្បាប់ស្តីពីគណបក្សនយោបាយថ្មី។ នេះបើតាមការបញ្ជាក់របស់ សោ ចាន់ដេត សមាជិកព្រឹទ្ធសភា និងជាមន្រ្តីជាន់ខ្ពស់គណបក្សសមរង្ស៊ី ដែលបានបញ្ជាក់ប្រាប់ Fresh News នៅរសៀល ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧នេះ។
ទោះជាយ៉ាងណា លោក សោ ចាន់ដេត បានបដិសេធមិនផ្តល់ព័ត៌មានលម្អិត អំពីការប្តូរឈ្មោះនេះនោះទេ ដោយសារតែលោក ជាប់រវល់ក្នុងការចុះទៅកាន់មូលដ្ឋាន។
សូមបញ្ជាក់ថា ការសម្រេចប្តូរឈ្មោះថ្មីរបស់ គណបក្ស សម រង្ស៊ី បានធ្វើឡើងបន្ទាប់ពី វិសោធនកម្មច្បាប់គណបក្សនយោបាយ បានចូលជាធរមាន កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ កន្លងទៅនេះ ដែលប្រកាសឱ្យប្រើប្រាស់ដោយ ប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ។
ក្រោមច្បាប់ថ្មីនេះ គណបក្សនយោបាយដែលប្រើប្រាស់ឈ្មោះ ឬរូបរបស់រូបវន្តបុគ្គល ជាសញ្ញាសម្គាល់ ឬរូបគណបក្សនោះ ត្រូវតែធ្វើការផ្លាស់ប្តូរនៅក្នុងអំឡុងពេល៩០ថ្ងៃ បើមិនដូច្នោះទេ គណបក្សទាំងនោះ នឹងប្រឈមនឹងមុខច្បាប់។
មាត្រា៤៨ថ្មី (ស្ទួន) បានចែងថា៖ «ចំពោះគណបក្សនយោបាយណាដែលមានឈ្មោះ ឬសញ្ញាសម្គាល់គណបក្សជាឈ្មោះ ឬរូបភាពរបស់រូបវន្តបុគ្គល ត្រូវធ្វើការផ្លាស់ប្តូរឈ្មោះ ឬសញ្ញាសម្គាល់ឱ្យស្របតាមបទបញ្ញត្តិនៃច្បាប់នេះ ក្នុងរយៈពេល៩០ថ្ងៃ យ៉ាងយូរ គិតចាប់ពីថ្ងៃដែលច្បាប់នេះចូលជាធរមាន»៕