(ព្រះសីហនុ)៖ ក្រុមជនសង្ស័យ ជាមុខសញ្ញាចោរឆក់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ចំនួន៦នាក់ ដែលរត់មកលាក់ខ្លួន និងត្រៀមធ្វើសកម្មភាព ប្រព្រឹត្តបទល្មើសនៅលើដែនដីកោះរ៉ុង ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ រដ្ឋបាលសង្កាត់កោះរ៉ុង បង្ក្រាបបាន។
មន្ដ្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧នេះ នៅចំណុចភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងព្រះសីហនុ។
បើតាមកម្លាំងនគរបាល ជនសង្ស័យដែលឃាត់ខ្លួនបានទាំង៦នាក់នេះ ទី១៖ឈ្មោះ ជី វឌ្ឍនៈ, ទី២៖ឈ្មោះ ជី សន្តដា, ទី៣៖ឈ្មោះ ហ៊ួរ លីហួ, ទី៤៖ឈ្មោះ ឡូយ អ៊ីនយ៉ា, ទី៥៖ឈ្មោះ គឹម សាន់ឃែ និងទី៦៖ឈ្មោះ ហង្ស វីរៈ។
ក្រោយពេលឃាត់ខ្លួនភ្លាម ជនសង្ស័យទាំង៦នាក់ ត្រូវបានបញ្ជូនដោយដឹកតាមអូរប័រ យកទៅស្នងការខេត្តដើម្បីកសាងសំណុំរឿងចាត់បន្ដ៕