(ភ្នំពេញ)៖ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ ម្សិលមិញនេះ ចៅសង្កាត់រងទី២ នៃសង្កាត់ទួលសង្កែទី២ បានធ្វើរបាយការណ៍ជូន លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ អំពីករណី លោក លោក សំ ជឿន ចៅសង្កាត់ទួលសង្កែទី២មកពីគណបក្សសង្រ្គោះជាតិ បានដាក់ហិបមូលនិធិប្រមូលលុយពី ប្រជាពលរដ្ឋ ។
តាមរបាយការណ៍របស់ លោក អ៊ុក ខេមា ចៅសង្កាត់រងទី២ នៃសង្កាត់ទួលសង្កែទី២ បានឱ្យដឹងថា កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ នៅក្នុងសាលាសង្កាត់ទួលសង្កែទី២ ដែលដឹកនាំដោយ លោក សំ ជឿន និងបក្សពួកបានដាក់ហិបមួយ ដែលបានសរសេរបិទលើហិបនោះថា មូលនិធិសប្បុរសជន (សម្រាប់ចំណាយផ្សេងៗក្នុងសង្កាត់) ហើយការដាក់ហិបនេះ លោក សំ ជឿន មិនបានពិភាក្សា និងប្រជុំក្រុមប្រឹក្សាសម្រេចឡើយ។
សូមបញ្ជាក់ថា ចំពោះករណីនេះ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានបញ្ចេញនូវប្រតិកម្មធ្ងន់ៗ និងព្រមានខ្លាំងៗថា នឹងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះភាពមិនប្រក្រតីរបស់ លោក សំ ជឿន ចៅសង្កាត់មកពីគណបក្សសង្រ្គោះជាតិរូបនេះ ពាក់ព័ន្ធនឹងការរៀបចំហិបមូលនិធិ ដើម្បីប្រមូលលុយពី ប្រជាពលរដ្ឋនៅមូលដ្ឋាននាពេលនេះ។
លោកបានចាត់ទុកថា ការធ្វើបែបនេះរបស់ចៅសង្កាត់ទួលសង្កែថ្មី រំលោភលើច្បាប់ នៃលិខិតបទដ្ឋានគតិយុត្តនានា ក្នុងការគ្រប់គ្រង រដ្ឋបាលឃុំ-សង្កាត់៕