(ភ្នំពេញ)៖ លោក ឈាង សុវណ្ណរតនា ប្រធានស្ថាបនិកសមាគមយុវជនស្ម័គ្រចិត្តខ្មែរ បានប្រកាសជំហរយ៉ាងមុតមាំក្នុងការចូលរួមគាំទ្រ និងអភិវឌ្ឍន៍វិស័យកីឡាជាតិ ពិសេសកីឡាតេរ៉ាតេដូកម្ពុជា ដែលជាជំហានចាប់ផ្ដើមមុនគេ ស្របពេលប្រភេទកីឡាអូឡាំពិកមួយនេះ កំពុងត្រៀមខ្លួនចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី២៩ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី១៩-៣០ ខែសីហា ឆ្នាំ២០១៧ខាងមុខ។
ថ្លែងក្នុងពិធីសំណេះសំណាល និងផ្ដល់រង្វាន់លើកទឹកចិត្តដល់ក្រុមកីឡាករ-កីឡាការិនី ដណ្ដើមបានមេដាយក្នុងព្រឹត្តិការណ៍ Thai Open 2017 និងជើងឯកការ៉ាតេដូអាស៊ីអាគ្នេយ៍ លើកទី៦ ឆ្នាំ២០១៧ នៅឥណ្ឌូនេស៊ី កាលពីពេលថ្មីៗ នៅថ្ងៃទី៣០ ខែកក្កដានេះ លោក ឈាង សុវណ្ណរតនា បាននិយាយថា ស្របពេលវិស័យកីឡាកម្ពុជា កំពុងមានការរីកចម្រើន និងមានការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល កីឡាករ-កីឡាការិនី ពិសេសថ្នាលយុវជនគប្បីត្រូវខិតខំហ្វឹកហាត់ ដើម្បីដណ្ដើមកិត្តិយសជូនជាតិ ។ ជាងនេះទៅទៀត ត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀន។
មិនតែប៉ុណ្ណោះ ប្រធានស្ថាបនិកសមាគមយុវជនស្ម័គ្រចិត្តខ្មែរខាងលើ ក៏បានគាំទ្រ និងលើកទឹកចិត្ត សម្រាប់អត្តពលិកត្រៀមចូលរួមកីឡាស៊ីហ្គេម លើកទី២៩ នាពេលឆាប់ៗខាងមុខផងដែរ ។ លោកបញ្ជាក់ថា ក្នុងនាមសិស្សគុនកីឡាការ៉ាតេដូម្នាក់ លោកនឹងជួយក្រុមកីឡាការ៉ាតេដូទៅតាមលទ្ធភាពរបស់ខ្លួន ដើម្បីជាការរួមចំណែកលើកទឹកចិត្ត ចំពោះការខិតខំរបស់កីឡាករ-កីឡាការិនីម្នាក់ៗ ។ ដូច្នេះលោកបានត្រៀមថវិកាមួយចំនួនជាស្រេច ដើម្បីផ្ដល់ជូនអ្នកដណ្ដើមបានមេដាយពីព្រឹត្តិការណ៍កីឡាប្រចាំតំបន់អាស៊ាននេះ ប៉ុន្ដែការផ្ដល់ជូនប៉ុន្មាន គឺអាស្រ័យលើការដណ្ដើមបានមេដាយជាក់ស្ដែង។
គួរបញ្ជាក់ថា ស៊ីហ្គេមឆ្នាំនេះ កម្ពុជាបានត្រៀមបញ្ជូនអត្តពលិក ២៤ប្រភេទកីឡាទៅចូលរួម ក្នុងនោះក៏មានក្រុមកីឡាករ-កីឡាការិនីផ្នែកកីឡាការ៉ាតេដូកម្ពុជា ចំនួន ៧នាក់ផងដែរ ។ លោក ឡាច ចន្ធរិទ្ធី គ្រូបង្វឹកក្រុមកីឡាការ៉ាតេដូជម្រើសជាតិកម្ពុជា បានឲ្យដឹងថា អត្តពលិកទាំង ៧នាក់ សុទ្ធសឹងជាកីឡាករវ័យក្មេង និងមានសមត្ថភាព ហើយពួកគេបានត្រៀមលក្ខណៈសម្បត្តិរួចជាស្រេច ដើម្បីចូលរួមប្រយុទ្ធក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ។ តែចំពោះការដណ្ដើមបានមេដាយ ឬអត់ លោកមិនទាន់ដឹងនោះទេ គ្រាន់តែលោករំពឹងថា កូនសិស្សខ្លួននឹងតស៊ូដល់ទីបញ្ចប់ ដើម្បីកិត្តិយសគ្រួសារ និងជាតិរបស់ខ្លួន៕