(ភ្នំពេញ)៖ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សេចក្ដីជូនដំណឹងប្រកាសជ្រើសរើសនិស្សិត ឲ្យចូលរៀនថ្នាក់អនុបណ្ឌិត ផ្នែកប្រែប្រួលអាកាសធាតុ ជំនាន់ទី១ ដែលសិក្សារយៈពេល២ឆ្នាំ សម្រាប់ឆ្នាំ២០១៧-២០១៨។
តាមសេចក្ដីជូនដំណឹង ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧នេះ បញ្ជាក់ថា វគ្គសិក្សានេះ ត្រូវសិក្សាជាភាសាអង់គ្លេស ចែកជា២ផ្នែកគឺ ថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ និងរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ ចាប់ទទួលពាក្យរហូតដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ នៅបន្ទប់៣១៧A ជាន់ទី៣ ពីថ្ងៃច័ន្ទដល់ថ្ងៃសៅរ៍។
លោកបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានលើកឡើងថា ចំពោះក្របខណ្ឌតាមវិស័យ កម្មវិធី «បណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្រ្តប្រែប្រួលអាកាសធាតុ» នេះនឹងឆ្លើយតបទៅនឹងការអនុវត្តផែនការយុទ្ធសាស្រ្ត ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ (CCCSP) ផែនការយុទ្ធសាស្រ្តជាតិ ស្តីពីការអភិវឌ្ឍន៍បៃតង ឆ្នាំ២០១៣-២០៣០ ផែនការសកម្មភាពប្រែប្រួលអាកាសធាតុ (CCAP) លើគ្រប់វិស័យ និងអនុសញ្ញាសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) និងអនុសញ្ញានានាដែលពាក់ព័ន្ធនឹង ការឆ្លើយតបនឹងសកម្មភាពប្រែប្រួលអាកាសធាតុ។
សាកលវិទ្យាធិការ បន្ថែមថា សាកលវិទ្យាល័យភូមិន្ទភ្នំពេញសង្ឃឹមយ៉ាងមុតមាំថា កម្មវិធីបណ្តុះបណ្តាលនេះ នឹងផ្តល់ឱកាសដ៏ល្អប្រពៃ ដល់ និស្សិត មន្ត្រីរាជការ អ្នកស្រាវជ្រាវ បុគ្គលិកអង្គការមិនមែនរដ្ឋាភិបាល និងវិស័យឯកជន ដើម្បីបន្តការសិក្សាលើជំនាញប្រែប្រួលអាកាសធាតុ និងក្រេបយកចំណេះដឹង និងជំនាញបច្ចេកទេស ទៅបម្រើការក្នុងក្រសួង ស្ថាប័នរបស់ខ្លួន ឲ្យមានប្រសិទ្ធភាព ប្រសិទ្ធិផលកាន់តែខ្ពស់ ក្នុងកិច្ចការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងហានិភ័យគ្រោះមហន្តរាយផ្សេងៗ និងឲ្យប្រជាពលរដ្ឋមានកម្រិតជីវភាពរស់នៅល្អប្រសើរ ដូចប្រទេសជឿនលឿនលើពិភពលោក ស្របតាមគោលនយោបាយជាតិ និងគោលដៅអភិវឌ្ឍន៍ សហវត្សរ៍របស់រាជរដ្ឋាភិបាលកម្ពុជា៕