(ភ្នំពេញ)៖ វិសោធនកម្មច្បាប់គណបក្សនយោបាយថ្មី បានចូលជាធរមានហើយ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ កន្លងទៅនេះ ដែលប្រកាសឱ្យប្រើប្រាស់ដោយ ប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ។
ក្រោមច្បាប់ថ្មីនេះ គណបក្សនយោបាយដែលប្រើប្រាស់ឈ្មោះ ឬរូបរបស់រូបវន្តបុគ្គល ជាសញ្ញាសម្គាល់ ឬរូបគណបក្សនោះ ត្រូវតែធ្វើការផ្លាស់ប្តូរនៅក្នុងអំឡុងពេល៩០ថ្ងៃ បើមិនដូច្នោះទេ គណបក្សទាំងនោះ នឹងប្រឈមនឹងមុខច្បាប់។
មាត្រា៤៨ថ្មី (ស្ទួន) បានចែងថា៖ «ចំពោះគណបក្សនយោបាយណាដែលមានឈ្មោះ ឬសញ្ញាសម្គាល់គណបក្សជាឈ្មោះ ឬរូបភាពរបស់រូបវន្តបុគ្គល ត្រូវធ្វើការផ្លាស់ប្តូរឈ្មោះ ឬសញ្ញាសម្គាល់ឱ្យស្របតាមបទបញ្ញត្តិនៃច្បាប់នេះ ក្នុងរយៈពេល៩០ថ្ងៃ យ៉ាងយូរ គិតចាប់ពីថ្ងៃដែលច្បាប់នេះចូលជាធរមាន»។
តាមបញ្ញត្តិនៃច្បាប់ថ្មីនេះ គណបក្សដែលប្រឈមនឹងការផ្លាស់ប្តូររូបសញ្ញានោះ គឺគណបក្សហ្វ៊ុនប៉ិច ដែលប្រើប្រាស់រូបរបស់សម្តេចក្រុមព្រះ។ ចំណែគណបក្សដែលប្រឈមនឹងការផ្លាស់ប្តូរឈ្មោះនោះ គឺគណបក្សសមរង្ស៊ី ដែលបានប្រើប្រាស់រូប លោក សម រង្ស៊ី អតីតប្រធានគណបក្សនេះ។
លោក ញ៉េប ប៊ុនជិន អនុប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច បានថ្លែងប្រាប់ Fresh News ឱ្យដឹងថា គណបក្សរបស់លោក នឹងសម្របតាមច្បាប់ថ្មីនេះ ប៉ុន្តែថា គណបក្សនឹងផ្លាស់ប្តូររូបសម្តេចក្រុមព្រះចេញ នៅពេលដែលមានការជូនដំណឹងណាមួយពីក្រសួងមហាផ្ទៃ។
ដោយឡែក សម្រាប់គណបក្សសមរង្ស៊ី លោក ទាវ វណ្ណុល ប្រធានស្តីទីគណបក្សនេះ ក៏បានបញ្ជាក់ដែរថា គណបក្សរបស់លោក កំពុងត្រៀមប្រកាសឈ្មោះថ្មីមួយ ក្រោយច្បាប់នេះចូលជាធរមាន។ ការប្រកាសនឹងធ្វើឡើងបន្ទាប់ពី គណបក្សរបស់លោក បានឃើញដោយផ្ទាល់ នូវសេចក្តីប្រកាសដែលថាច្បាប់នយោបាយថ្មីនេះចូលជាធរមាន៕