(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់ សម្ដេចអគ្គមហាពញាចក្រ ហេង សំរិន លើកទី១ បានបើកការប្រកួតជាផ្លូវការហើយ នៅថ្ងៃទី២៩ ខែកក្កដានេះ ក្រោមអធិបតីភាពលោក វង សូត រដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងដ៏ខ្ពងខ្ពស់របស់សម្ដេចមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិកម្ពុជា រួមទាំងគណៈកម្ម ថ្នាក់ដឹកនាំ និងក្រុមកីឡាករទាំង ១៨ក្រុមផងដែរ ។
ថ្លែងក្នុងពិធីបើក លោក វង សូត បានសម្ដែងការគាំទ្រយ៉ាងខ្លាំង ចំពោះការរៀបចំពានរង្វាន់ សម្ដេចអគ្គមហាពញាចក្រ ហេង សំរិន ដែលនឹងផ្ដល់ឱកាសឲ្យយុវជន និងកីឡាករមិនអាជីព បានបញ្ចេញនូវសមត្ថភាព និងលេងកីឡា ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព និងទទួលបាននូវសុខភាពល្អ ។ មិនតែប៉ុណ្ណោះ លោករដ្ឋមន្ដ្រី ថែមទាំងបានប្រកាសដំឡើងនូវប្រាក់រង្វាន់ លើប្រាក់រង្វាន់ ដែលត្រូវផ្ដល់ជូនដោយគណៈកម្មការរៀបចំការប្រកួតទៀតផង ។
ចំពោះប្រាក់រង្វាន់ជ័យលាភីត្រូវបានដំឡើង រួមមានលេខ១ ឡើងពី ២៤លានរៀល ទៅ ២៥លានរៀល ខណៈលេខ២ ឡើងពី ១២លានរៀល ទៅ ២០លាន និងលេខ៣ ឡើងពី ៦លានរៀល ទៅ ១៥លានរៀល ហើយក៏មានប្រាក់រង្វាន់កីឡាករល្អ អ្នកចាទីល្អ និងក្រុមលេងល្អជាងគេផងដែរ ។ មិនតែប៉ុណ្ណោះ លោករដ្ឋមន្ដ្រី បានសន្យាឧបត្ថម្ភថវិកា ២០លានរៀល សម្រាប់គណៈកម្មការក្នុងការរៀបចំ និងបង្កើតកម្មវិធីជប់លាង ក្រោយបញ្ចប់ការប្រកួតទាំងស្រុងទៀតផង ។
លោករដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា ការសម្រេចបន្ថែមនូវប្រាក់រង្វាន់ខាងលើ ដោយសារលោកចង់លើកទឹកចិត្តដល់ក្រុមចូលរួមនីមួយៗ ក៏ដូចជារួមចំណែកអភិវឌ្ឍន៍ដល់វិស័យកីឡាបាល់ទាត់កម្ពុជា ។ លោកសង្កត់ធ្ងន់ថា «ថ្វីត្បិតនេះជាការប្រកួតកម្រិតមិនអាជីព ប៉ុន្ដែធនធានកីឡាករអាជីពមួយចំនួន ក៏កើតចេញពីក្រុមមិនអាជីពដែរ ។ ដូច្នេះខ្ញុំសូមគាំទ្រ និងលើកទឹកចិត្តឲ្យកីឡាករមិនអាជីពទាំងអស់ ខិតខំប្រឹង ដើម្បីសម្រេចគោលដៅខ្លួន ប្រសិនបើពួកគេចង់ក្លាយជាកីឡាករអាជីពនាពេលអនាគត» ។
ជាមួយគ្នានោះ លោក ថុល នាង ទីប្រឹក្សារបស់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន និងជាប្រធានមន្ទីរការងារខេត្តកណ្ដាល ដែលផ្ដួចផ្ដើមបង្កើតព្រឹត្តិការណ៍ខាងលើ បានបញ្ជាក់ជាថ្មីថា ពាននេះ មាន ១៨ក្រុមចូលរួម ហើយបែងចែកជា ៣ពូលក្នុងមួយពូលមាន ៦ក្រុម ដើម្បីធ្វើការប្រកួតសន្សំពិន្ទុវិលជុំ ។ បន្ទាប់មកក្រុមលេខ១ និងលេខ២ មានពិន្ទុខ្ពស់ជាងគេក្នុងពូលនីមួយៗ ត្រូវឡើងវគ្គ ៨ក្រុមចុងក្រោយ ។ រីឯ ២ក្រុមទៀត គឺជ្រើសចេញពីក្រុមលេខ៣ ដែលធ្វើបានល្អជាងគេ ក្នុងចំណោមពូលទាំង ៣ ។ ចំពោះការប្រកួត គឺធ្វើឡើងនៅកីឡដ្ឋានស្ដាតចាស់តែមួយគត់៕