(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានបញ្ចេញនូវប្រតិកម្មធ្ងន់ៗ និងព្រមានខ្លាំងថា នឹងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះភាពមិនប្រក្រតីរបស់ លោក សំ ជឿន ចៅសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ មកពីគណបក្សសង្រ្គោះជាតិ រដ្ឋបាលសង្កាត់បណ្ដោះអាសន្នរបស់លោក បាននិងកំពុងបំពានរំលោភលើច្បាប់ នៃលិខិតបទដ្ឋានគតិយុត្តនានា ក្នុងការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់ ដោយបានដាក់ហិបមូលនិធិប្រមូលលុយពីប្រជាពលរដ្ឋ។
លោក ជា ពិសី បានបញ្ជាក់ថា ក្នុងនាមជាអាជ្ញាធរមូលដ្ឋាន គឺជាម្ដាយ ជាឪពុក គួរណាស់ត្រូវតែខិតខំបម្រើដោយស្មោះត្រង់ តាមសំណូមពរ និងតម្រូវការរបស់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត ដោយមិនគួរប្រព្រឹត្តនូវទង្វើអ្វីខុសឆ្គង ដើម្បីតែផលប្រយោជន៍បក្សពួក និងផ្ទាល់ខ្លួនឡើយ។
ការបញ្ចេញប្រតិកម្មខ្លាំងៗបែបនេះ បានធ្វើឡើងបន្ទាប់ពី លោក ជា ពិសី បានឃើញការ «Like Comment និងShare» តៗគ្នា ពីសំណាក់ប្រជាពលរដ្ឋ នៅលើបណ្ដាញសង្គម «Facebook» ដោយខ្លះសរសេរថា «តាំងពីដើមមកមិនដែលមានធុងមូលនិធិសង្កាត់ សម្រាប់យកទៅចំណាយផ្សេងៗនោះទេ តែនេះជាជំនួញនយោបាយ គេដាក់មូលនិធិសម្រាប់យកលុយទៅជួយបក្សគេតែប៉ុណ្ណោះ (ឱ ! CNRP អើយ!) ហេតុអ្វីបានជាយកសាលាសង្កាត់ទៅធ្វើអាជីវកម្មរកលុយសម្រាប់បម្រើឲ្យផលប្រយោជន៍បក្សខ្លួនអញ្ជឹងបែបនេះនោះ???»។
ចំណែកអ្នកលេង Facebook ខ្លះទៀត សរសេរទៀតថា «ចៅសង្កាត់មកពីគណបក្សសង្គ្រោះជាតិ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ បានដាក់ហិបប្រមូលលុយពីប្រជាជន នៅទីស្នាក់ការបណ្ដោះអាសន្ន រដ្ឋបាលសង្កាត់ ដោយផ្ទុយទៅនិងច្បាប់ អាជ្ញាធរមានតែជួយបម្រើប្រជាជន តែចៅសង្កាត់រូបនេះ ប្រើប្រាស់គោលការណ៍ យកធុងប្រមូលលុយ អាកររាស្ត្រ ហុតឈាមស្រស់ៗ ឯណាទៅ ៥០០០០០ដុល្លារ???»។
Facebook ខ្លះក៏បានស្នើឲ្យលោកអភិបាលខណ្ឌ ជួយពិនិត្យចំពោះករណីនេះ ដើម្បីលុបបំបាត់ទម្លាប់អាក្រក់ដែលបង្កើតឡើងដោយចៅសង្កាត់មកពីគណបក្សសង្រ្គោះជាតិ។
លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានសរសេរបង្ហោះសារនៅលើ Facebook ផ្លូវការរបស់លោក ដោយមានខ្លឹមសារយ៉ាងដូច្នេះថា៖
«បងប្អូនប្រជាពលរដ្ឋ សូមពិចារណា !!!
រយៈពេលប៉ុន្មានថ្ងៃនេះ យើងសង្កេតឃើញថា អ្នកប្រើប្រាស់លើបណ្ដាញសង្គមហ៊្វេសប៊ុក និងប្រជាពលរដ្ឋមួយចំនួន បានប្រតិកម្ម និងលើកឡើងអំពី ភាពមិនប្រក្រតីមួយ ដែលបានកើតឡើងនៅទីស្នាក់ការបណ្ដោះអាសន្ន រដ្ឋបាល សង្កាត់ទួលសង្កែទី២ ខណ្ឌប្ញស្សីកែវ ដោយ លោក សំ ជឿន ចៅសង្កាត់ទួលសង្កែទី២ ទើបនឹងជាប់ឆ្នោតថ្មី មកពី គណបក្សសង្គ្រោះជាតិ បានដាក់ហិបមូលនិធិប្រមូលលុយពី ប្រជាពលរដ្ឋ នៅក្នុងទីស្នាក់រដ្ឋបាលសង្កាត់ តើទង្វើបែបនេះ ពួកគាត់កំពុងរំលោភលើច្បាប់ លិខិតបទដ្ឋានគតិយុត្តនានា នៃការគ្រប់គ្រង រដ្ឋបាលឃុំ សង្កាត់ ដែរឬទេ ? សូមបងប្អូនប្រជាពលរដ្ឋ ពិចារណា ។
ក្នុងនាមជាអាជ្ញាធរមូលដ្ឋាន ជាម្ដាយ ជាឪពុក របស់ប្រជាពលរដ្ឋ ត្រូវតែខិតខំបម្រើដោយស្មោះត្រង់ តាមសំណូមពរ តំរូវការ របស់ ពលរដ្ឋជាម្ចាស់ឆ្នោត កុំប្រព្រឹត្តនូវទង្វើអ្វី ខុសឆ្គងលើពួកគាត់ ដើម្បីតែផលប្រយោជន៍បក្សពួកនិង ផ្ទាល់ខ្លួន»៕