(ភ្នំពេញ)៖ តាមរយៈទំព័រ Facebook នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា គណបក្សប្រជាជន ដែលក្លាយជាគណបក្សនយោបាយដ៏រឹងមាំនៅពេលនេះ ក៏ព្រោះតែគណបក្សប្រជាជនកម្ពុជា មានប្រមុខដឹកនាំបក្សរឹងមាំ។
សម្តេចបានថ្លែងបញ្ជាក់ថា នៅពេលដែលមានមេដឹកនាំរឹងមាំ គណបក្សក៏រឹងមាំ ហើយប្រទេសដែលមានមេដឹកនាំ រឹងមាំ ក៏ជាប្រទេសដែលមានសុខសន្តិភាពរឹងមាំដែរ។
សម្តេចតេជោ ហ៊ុន សែន បានសរសេរបញ្ជាក់យ៉ាងដូច្នេះថា៖ គណបក្សប្រជាជនរឹងមាំ ព្រោះយើងមានប្រមុខដឹកនាំបក្សរឹងមាំ។ ប្រទេសជាតិដែលមានសុខសន្តិភាពរឹងមាំ ព្រោះយើងមាន សម្តេចតេជោ ហ៊ុន សែន ដែលជាប្រមុខដឹកនាំរាជរដ្ឋាភិបាលរឹងមាំ»។
សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវជាថ្មីម្តងទៀត ឲ្យប្រជាពលរដ្ឋបន្តបោះឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជា ហើយថា ការបោះឆ្នោតគណបក្សប្រជាជនកម្ពុជា ដើម្បីដឹកនាំប្រទេសជាតិឲ្យមានសុខសន្តិភាព និងកាន់តែរីកចម្រើនលឿនទៅមុខ៕