(កំពង់ធំ)៖ ករណីផ្អើលថា មានជនជាតិយួនចាប់ក្មេងវះយកគ្រឿងក្នុង ទាំងកណ្ដាលថ្ងៃត្រង់ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ នៅស្រុកបារាយណ៍ ខេត្តកំពង់ធំនោះ នាពេលនេះ ត្រូវបានដឹងការពិតពីប្រភពបំផុសបំផុលបំពុលបរិយាកាសសង្គម ដោយគ្មានមូលដ្ឋានច្បាស់លាស់នេះ គឺចេញពីគណនី Facbook មួយមានឈ្មោះថា «Nay Sineng» ដែលត្រូវបានគេស្គាល់ជាទូទៅថា ជាសកម្មជនរបស់គណបក្សសង្គ្រោះជាតិមួយរូប ប៉ុន្តែជាក់ស្ដែង ជនសង្ស័យមិនមែនជាជនជាតិយួនដើរវះយកគ្រឿងក្នុងនោះទេ ពោលពួកគេគឺជាមុខសញ្ញាលួចម៉ូតូ។

លោកឧត្តមសេនីយ៍ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានឲ្យដឹងថា នៅលើគណនី Facbook របស់ខ្លួន ឈ្មោះ «Nay Sineng» បានសរសេរពាក្យពេចន៍យ៉ាងដូច្នេះថា «ស្រុកបារាយណ៍ រសៀលថ្ងៃទី២៨.០៧.២០១៧. នៅរសៀលនេះ មានករណីជនជាតិយួន ៣នាក់ ចាប់កូនក្មេងវះយកក្រលៀន និងភ្នែក ត្រូវបានប្រជាជនចាប់បានចំនួន ២នាក់ និងរត់រួច ១នាក់។ ករណីនេះកើតឡើងនៅភូមិអណ្ដូងពោ ឃុំគ្រើល ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ សូមបងប្អូនមានការប្រុងប្រយ័ត្នអោយបានខ្ពស់ ចំពោះកូនរបស់ពួកយើង ពីព្រោះពួកនេះសាហាវណាស់»។

ឆ្លើយតបនឹងការបង្ហោះផ្សាយបំភ័ន្តការពិតគ្មានមូលដ្ឋានច្បាស់លាស់ ពីសំណាក់សកម្មជនគណបក្សប្រឆាំងរូបនេះ លោកឧត្តមសេនីយ៍ អ៊ុក កុសល បានបកស្រាយថា ឆ្លងកាត់ការស្រាវជ្រាវតាមជំនាញ ជនសង្ស័យទាំង២នាក់ ដែលកម្លាំងសមត្ថកិច្ចចាប់បាននោះ មិនមែនជាជនជាតិយួនដើរវះយកគ្រឿងក្នុងក្មេងៗឡើយ ពោលពួកគេគឺជាមុខសញ្ញាលួចម៉ូតូទៅវិញទេ ក្នុង២នាក់នោះ មានម្នាក់គឺត្រូវបានតុលាការចេញដីកាបង្គាប់ឲ្យចាប់ខ្លួនទៀតផង ដែលពួកគេមានឈ្មោះ មុត សុផាត អាយុ៣៥ឆ្នាំ មានទីលំនៅភូមិមាសឈរ ឃុំចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង និងម្នាក់ឈ្មោះ ច័ន្ទ រដ្ឋ អាយុ២៥ឆ្នាំ មានទីលំនៅភូមិឃុំជាមួយគ្នា។

លោកបន្តថា មុខសញ្ញាទាំងនេះ បានជិះម៉ូតូមកស្នាក់នៅក្នុងវត្តគ្រើល ហើយត្រូវបានព្រះសង្ឃរាយការណ៍​មកកម្លាំងនគរបាលប៉ុស្តិ៍អណ្តូងពោធិ៍ ស្រុកបារាយណ៍​។​ ក្រោយមក កម្លាំងនគរបាលប៉ុស្តិ៍បានទៅសាកសួរ​ជនទាំង៣​នេះ ក៏បានរត់ចោលម៉ូតូ។ ពេលនោះហើយ ទើបកម្លាំងសមត្ថកិច្ចប៉ុស្តិ៍បានដេញតាម ដោយមានប្រជាពលរដ្ឋជួយដេញមួយចំនួនផង។​

ពេលចាប់បានហើយ ប្រជាពលរដ្ឋបានប្រមូលគ្នាមកជាបន្តបន្ទាប់​ ហើយវាយដំច្រំធាក់លើជនសង្ស័យបណ្តាលឲ្យរងរបួសជាទម្ងន់ ដោយចោទថា ជាមុខសញ្ញាប្រព្រឹត្តបទល្មើសផ្សេងៗ ពិសេសគឺចេះតែស្រែកតៗគ្នាថា «ចាប់ក្មេងៗ»។​ ភ្លាមៗនោះ​ លោកស្នងការ​ ស្នងការរងទទួលផែនព្រហ្មទណ្ឌ​ អធិការ-អធិការរងនគរបាល​ និងកម្លាំងនគរបាល បានអន្តរាគមន៍រំដោះជនសង្ស័យបាន ហើយដឹកទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ​ និងបន្តយកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ធំ។

ករណីនេះ​ កម្លាំងសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវបន្ត​ ប៉ុន្តែពុំមានករណីចាប់ក្មេងនោះទេ​ ហើយមុខសញ្ញានេះ ក៏មិនទាន់បានប្រព្រឹត្តបទល្មើសអ្វីដែរ​ គឺស្ថិតក្នុងការសង្ស័យ​នៅឡើយ ដោយពេលកម្លាំងនគរបាលទៅសាកសួរ​ តែពួកគេបែររត់គេច។

ឆ្លើយតបនឹងព័ត៌មានដែលធ្វើឲ្យចលាចល និងភ្ញាក់ផ្អើលពេញទឹកពេញដីខាងលើនេះ ទាំងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ លោក អ៊ិត សុធា​ និងស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ អ៊ុក កុសល បានច្រានចោល និងអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ជាពិសេសអ្នកនៅស្រុកបារាយណ៍ ត្រូវរក្សាភាពស្ងប់ស្ងាត់ ខណៈដែលសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវទៅលើជនសង្ស័យទាំង២នាក់។

ជាមួយគ្នានេះ ព្រះរាជអាជ្ញាខេត្តលោក អ៊ិត សុធា ក៏បានអះអាងដែរថា ជនសង្ស័យទាំង២នាក់នេះ ជាមុខសញ្ញាលួចម៉ូតូ មិនមែនជាករណីចាប់ក្មេងវះយកគ្រឿងក្នុង ដូចជាប្រជាពលរដ្ឋផ្អើលតាមការបំភ័ន្តក្នុងគណនី Facebook ឈ្មោះ Nay Sineng នោះឡើយ ហើយបច្ចុប្បន្នស្ថិតក្រោមការសួរនាំរបស់សមត្ថកិច្ចជំនាញ៕