(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ បានផ្ញើលិខិតជូន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ដោយសម្តែងនូវអំណរគុណប្រកបដោយការដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសារលិខិតរបស់សម្តេចទាំងទ្វេ ក្នុងឱកាសដែលនាយឧត្តមសេនីយ៍ ទៀ បាញ់ ទទួលបាននូវគោរមងារជា «សម្តេចពិជ័យសេនា» ដែលជាការប្រោសប្រទាន ដ៏ឧត្តុងឧត្តម នៃព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
លិខិតរបស់សម្តេចពិជ័យសេនា ទៀ បាញ់ បានសរសេរថា «ខ្ញុំ និងភរិយា សូមអនុញ្ញាតសម្តែងនូវអំណរគុណប្រកបដោយការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឺទ្ធបណ្ឌិត ដែលបានផ្ញើនូវសារលិខិតអំណរសាទរដ៏កក់ក្តៅបំផុត ក្នុងឱកាសដែលរូបខ្ញុំបានទទួលនូវ គោរមងារ សម្តេចពិជ័យសេនា ទៀ បាញ់ ដែលជាការប្រោសប្រទានដ៏ឧត្តុង្គឧត្តម នៃព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ ដើម្បីឲ្យសក្តិសមទៅនឹងព្រះរាជគោរមងារដ៏វិសេសវិសាលនេះ ខ្ញុំសូមសន្យាថា នឹងខិតខំបំពេញគ្រប់ភារកិច្ច បម្រើ ជាតិ សាសនា ព្រះមហាក្សត្រ និងប្រជាជន ព្រមទាំងកងយោធពលខេមភូមិន្ទ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់»។
ខាងក្រោមនេះជាសារលិខិតរបស់ សម្តេចពិជ័យសេនា ទៀ បាញ់ ផ្ញើជូនសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត៖