(ភ្នំពេញ)៖ ដើម្បីជាការលើកទឹកចិត្តដល់សិស្សានុសិស្សថ្នាក់ទី១២ ដែលទើបត្រៀមប្រឡងបាក់ឌុប នៅថ្ងៃទី២១ សីហាខាងមុខនេះ, លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ ដោយរួមដំណើរដោយលោកអភិបាលរងខណ្ឌ នាយក នាយករងរដ្ឋបាល បានជួបសំណេះសំណាល និងផ្តល់ចំណេះដឹងបទពិសោធន៍ខ្លះៗ ដើម្បីជាជំនួយស្មារតីដល់សិស្សានុសិស្សក្នុងថ្ងៃប្រឡង ។
លោកអភិបាលខណ្ឌ បានចាត់ទុកជំនួបនេះ ជាការលើកទឹកចិត្ត និងស្នើដល់សិស្សានុសិស្សទាំងអស់ឲ្យបន្តការសិក្សា របស់ខ្លួនបន្តទៀត នៅពេលប្រកាសលទ្ធផល ប្រឡងបាក់ឌុប នៅពេលឆាប់ៗខាងមុខនេះ ដើម្បីចាប់យកអាជីពដែលខ្លួនស្រឡាញ់ពេញចិត្ត និងសង្ឃឹមថា អាចសាងអនាគតរបស់ខ្លួនបានល្អប្រសើរ។ នេះជាការលើកឡើងរបស់លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ ក្នុងពិធីសំណេះសំណាលជាមួយប្អូនៗ សិស្សវិទ្យាល័យព្រែកថ្មី ប្រមាណ៩០នាក់ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧។
លោក ចេង មុនីរ៉ា បង្ហាញក្ដីសង្ឃឹមថា «ធនធានមនុស្សចេញពីប្អូនៗ សូមប្អូនៗកុំភ្លេចថា ប្រទេសជាតិយើង គឺមានភាគហ៊ុនរបស់ប្អូនៗ ប្រទេសជាតិយើងកំពុងរង់ចាំយើង ក្នុងការចូលរួមកសាងអភិវឌ្ឍន៍ប្រទេស និងកសាងសង្គម ហើយសង្គមរីកចម្រើនទៅបាននោះ អាស្រ័យលើប្អូនៗទាំងអស់គ្នា ដែលយើងជ្រកក្រោមសន្តិភាពដូចសព្វថ្ងៃនេះ»។
លោកអភិបាលខណ្ឌ បានលើកឡើងទៀតថា ក្នុងនាមអាជ្ញាធរ លោកនឹងបន្តជួយតទៅទៀត ក្នុងការលើកទឹកចិត្តដល់ប្អូនៗ និងក្មួយៗ ទៅតាមលទ្ធភាពជាក់ស្តែង ដោយលោកស្នើឲ្យដល់ក្មួយៗទាំងអស់ ខិតខំបន្តការសិក្សារៀនសូត្រតទៅទៀត ដើម្បីយកចំណេះដឹងទាំងអស់នេះ មកបម្រើការងារក្នុងភូមិឋានរបស់ខ្លួនវិញ។
យុវជនខណ្ឌ សង្កាត់ គឺសុទ្ធតែជាអ្នកគាំទ្រដល់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ដែលធ្វើឲ្យប្រទេសជាតិមានការរីកចម្រើន ជាក់ស្តែងក្នុងសង្កាត់ព្រែកថ្មី ទាំងមូលមានការអភិវឌ្ឍន៍ រីកចម្រើនលើគ្រប់វិស័យ ដូចជាការស្ថាបនាស្ពានតាខ្មៅ ឆ្លង ទន្លបាសាក់ ដែលមិនធ្លាប់មានពីមុនមក ដើម្បីបម្រើការធ្វើដំណើរ ដោយមិនបាច់ឆ្លងទូកដូចពីមុន និងសព្វថ្ងៃនេះ កំពុងធ្វើការស្ថាបនាពង្រីកផ្លូវកៅស៊ូលេខ១១០ទៀត ចាប់ពីព្រំប្រទល់សង្កាត់ព្រែកប្រា រហូតដល់ព្រំប្រទល់ស្រុកកៀនស្វាយ។
ជាមួយគ្នានេះ លោក ចេង មុនីរ៉ា ក៏បានជូនពរដល់ប្អូនៗ សូមឲ្យប្រឡងបានជាប់និទ្ទេសល្អៗ ទាំងអស់គ្នា។
ក្នុងឱកាសនោះ លោកអភិបាល ក៏បានឧបត្ថម្ភថវិកាដល់វិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន ព្រែកថ្មី ចំនួន៤០ម៉ឺនរៀល និងឧបត្ដម្ភដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សាមួយចំនួនទៀតផងដែរ៕