(ភ្នំពេញ)៖ អ្នកជំនាញផ្នែកអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងថា កម្ពុជា ជាប្រទេសដែលមានអារ្យធម៌យ៉ាងសម្បូណ៍បែប និងចាស់ជាងគេ នៅក្នុងតំបន់ អាស៊ីអាគ្នេយ៍យើងនេះ។ ហេតុនេះ បើនិយាយអំពីព្រះមហាក្សត្រ ប្រោសព្រះរាជទានគោរមងា ជូនដល់ឥស្សរជនដែលមានស្នាដៃក្នុងការបម្រើជាតិ មាតុភូមិ គឺមានតំាងពីសម័យបុរាណមកម៉្លេះ ពិសេសសម័យអង្គរ។
ម្យ៉ាងទៀត ចំពោះការប្រោសរាជទានគោរមងានេះទៀតសោត គឺក្នុងន័យបញ្ជាក់អំពីឧត្ដមភាពរបស់ឥស្សរជនកំពូលៗ ដើម្បីជាកិច្ចតបស្នងនូវគុណបំណាច់ស្នាដៃ ការពារ និងកសាងជាតិ ដើម្បីទុកឲ្យកូនចៅជំនាន់ក្រោយៗយកគំរូតាម។
លោក រត្ន័ សណ្ដាប់ បានបន្ដថា បើយោងទៅលើសិលាចារឹកយើងឃើញឈ្មោះ ទេពសំខាន់ៗ ក្នុងព្រហ្មញ្ញសាសនា ព្រះបរមនាមព្រះមហាក្សត្រ និងឋានន្ដរនាមឥស្សរជនសំខាន់ៗ ពិសេសក្នុងវិស័យកងទ័ពនេះឯង រហូតបង្ហាញ នៅតាមចម្លាក់ប្រាសាទអង្គរ បាយ័ន បន្ទាយឆ្មា និងប្រាសាទដទៃទៀតជាច្រើន។ ដោយហេតុថា ចំពោះការកសាងប្រាសាទរបស់បុព្វបុរសខ្មែរ គឺដើម្បីឧទ្ទិសដល់សាសនា និងបុព្វការីជននេះឯង។
ក្នុងន័យនេះ ជាទូទៅ អំពីរចនាសម្ព័ន្ធក្នុងកងទ័ពមានបួនប្រភេទ ជាអាទ៍៖ ទ័ពថ្មើរជើង ទ័ពសេះ ទ័ពដំរី និងទ័ពរទេះ។ ក្នុងនោះចំពោះឥស្សរជនមានភារកិច្ច ទទួលខុសត្រូវជាអាទិ៍៖ សេនាបតី, តម្រួច, តម្រួចពល, ខ្លោញពល, ខ្លោញមុខ និងសញ្ចកជាដើម។
ជាក់ស្ដែង សិលាចារឹក K.391 ចុះកាលបរិច្ឆេទឆ្នាំ១០៨២ បានរៀបរាប់ថា«សេនាបតីកណ្ដាលពល ជយេន្ទ្រវរម៌្ម» មានតួនាទីសំខាន់ផ្នែកទ័ព និងកិច្ចការផ្សេងៗទៀត។
ជាចុងក្រោយ លោក រត្ន័ សណ្ដាប់ ក៏បានបញ្ជាក់ផងដែរថា ចំពោះព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ប្រោសព្រះរាជទានគោរមងា ឯកឧត្ដម ទៀ បាញ់ ជាសម្ដេចពិជ័យសេនា ទៀ បាញ់ គឺពិតជាឆ្លុះបញ្ចំាងអំពីក្បួនច្បាប់ប្រពៃណីខ្មែរ តំាងពីដើមរៀងមក ពិសេសសម័យមហាអង្គរដ៏រុងរឿងនៃយើង។ ចំពោះគោរមងា «សម្ដេចពិជ័យសេនា» ជាសេនាជ័យ កងទ័ពដ៏វិសេសវិសាលក្នុងការប្រល័យខ្មំាងឲ្យវិនាស។
បើដូចនេះចំពោះបរមងានេះ នឹងក្លាយជាបុព្វការី ជនខ្មែរ ក្នុងការបន្ដពីបុព្វការីជនមុនៗ ដូចជាសញ្ចក ជាមេទ័ពព្រះបាទជ័យវរ្ម័នទី៧ អ្នកតាឃ្លំាងមឿង តេជោមាស ស្ថិតក្នុងអារ្យធម៌ខ្មែរតរៀងទៅ៕