(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧នេះថា បន្ទាប់ពីធ្វើការស្រាវជ្រាវមួយរយៈ រហូតដល់ពេលនេះ មិនមានករណីចាប់ក្មេងណាមួយកើតឡើងនៅក្នុងប្រទេសកម្ពុជានោះទេ ហើយថា ក្រសួងមហាផ្ទៃកំពុងសង្ស័យថា មានក្រុមចាត់តាំងណាមួយកំពុងធ្វើការផ្សព្វផ្សាយភូតកុហកកាន់តែច្រើន អំពីករណីចាប់ក្មេង ដែលធ្វើឱ្យមានភាពវឹកវរ នៅក្នុងប្រទេសកម្ពុជា។
ការអះអាងរបស់អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានធ្វើឡើងបន្ទាប់ពី មានការព្យាយាមផ្សព្វផ្សាយ ជាបន្តបន្ទាប់នូវករណីចាប់ក្មេង នៅលើបណ្តាញសង្គម Facebook ដោយពួកគេអះអាងថា បានកើតឡើងនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែបន្ទាប់ស្រាវជ្រាវរួច គឺពុំមានករណីបែបនេះ កើតឡើងនោះទេ។
លោក ខៀវ សុភ័គ បានបញ្ជាក់ឱ្យដឹងថា ក្រសួងមហាផ្ទៃ ពេលនេះក៏កំពុងបើកការស៊ើបអង្កេតចំពោះក្រុមចាត់តាំងទាំងនោះ ដោយសារតែការផ្សព្វផ្សាយ របស់ពួកគេបែបនេះ គឺមានចេតនាធ្វើឱ្យមហាជន និងប្រជាពលរដ្ឋយល់ច្រឡំថា ក្រសួងមានសមត្ថកិច្ចរបស់កម្ពុជា អសមត្ថភាពក្នុងការដោះស្រាយ ករណីនេះ។
លោក ខៀវ សុភ័គ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ជាក់ស្តែងដូចជាករណីព្រឹកមិញ នៅកំពង់សោម ដែលមានការបង្ហោះថា មានការវះពោះក្មេងដល់ជាក់ស្តែង អត់មានទេ ហើយករណីនេះ ដូចទៅនឹងករណីទូទៅអញ្ចឹងអត់មានអីជាក់ស្តែងទេ ដូច្នេះប្រហែលជាអាចមានការណែនាំ មានមេដើម្បីបើកយុទ្ធនាការហ្នឹង បំផុសផ្សាយ អំពីសភាពការណ៍នេះ ដើម្បីបង្ហាញអំពីអសមត្ថភាពរបស់សមត្ថកិច្ច»។
ទោះជាយ៉ាងណា បើតាម លោក ខៀវ សុភ័គ រហូតដល់ពេលនេះ ក្រសួងមហាផ្ទៃ និងសមត្ថកិច្ចកម្ពុជា មិនទាន់កំណត់អត្តសញ្ញាណនៃក្រុមនេះថា ជាក្រុមនយោបាយ នៅក្នុងប្រទេស ឬក្រៅប្រទេស នៅឡើយទេ។ ប៉ុន្តែលោកអំពាវនាវឱ្យ សាធារណជន ជាពិសេសអ្នកលេង Facebook កុំឱ្យចូលរួមផ្សព្វផ្សាយនូវដំណឹងមិនពិតនោះ ដែលជាការចូលរួមប្រព្រឹត្តបទល្មើសដោយមិនដឹងខ្លួន។
លោកបានបន្តទៀតថា «កន្លងទៅ យើងស្រាវជ្រាវទៅ វាអត់មានអីសោះ។ យើងនឹងធ្វើការបន្តទៀត ប៉ុន្តែក្នុងន័យនេះ យើងសូមជំរាបជូនម្ចាស់ Account ទាំងអស់នឹងត្រូវប្រឈមមុខនឹងច្បាប់ បើសិនជា មានការផ្សព្វផ្សាយ ករណីមិនពិតចំពោះរឿងនេះតទៅទៀត»។
ទោះជាយ៉ាងណា លោក ខៀវ សុភ័គ បានស្នើថា បើសិនជា មានករណីចាប់ក្មេងពិតប្រាកដមែននោះ ត្រូវរាយការណ៍ជាបន្ទាន់ទៅសមត្ថកិច្ច ដូចដែលបានប្រកាសដោយក្រសួងមហាផ្ទៃ នាពេលកន្លងមក។ «បើមានករណីបាត់ក្មេង សូមរាយការណ៍បន្ទាន់មកសមត្ថកិច្ចទូរស័ព្ទ២ខ្សែលេខ 031 201 2345 , 031 601 2345។
សូមបញ្ជាក់ថា រយៈពេល២ថ្ងៃមកនេះ មានការផ្សព្វផ្សាយតាមរយៈបណ្តាញសង្គម Facebook កាន់តែច្រើនថា មានករណីចាប់ក្មេងនៅខេត្តព្រះសីហនុ ស្វាយរៀង និងប៉ៃលិន ប៉ុន្តែបន្ទាប់ពីធ្វើការស្រាវជ្រាវលើ៣ករណីខាងលើនេះ សមត្ថកិច្ចបានប្រកាសថា ករណីនេះគឺជាការភាន់ច្រឡំប៉ុណ្ណោះ មិនមានករណីចាប់ក្មេង វះគ្រលៀន ដូចទៅនឹងការផ្សព្វផ្សាយឡើយ៕