(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងដែនដី បានផ្ញើសាររំលែកមរណទុក្ខយ៉ាងក្រៀមក្រំ ជូនចំពោះលោកបណ្ឌិត ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី និងក្រុមគ្រួសារ ក្រោយសពឧបាសិកា ប៉ិល សុខា ដែលត្រូវជាម្ដាយបានទទួលមរណភាពនៅវេលាម៉ោង៩៖១៨នាទីព្រឹក ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ ក្នុងជន្មាយុ៧៤ឆ្នាំ ដោយរោគាពាធ។
ជាមួយគ្នានេះ លោកបណ្ឌិត ប៉ែន សុផល និងក្រុមគ្រួសារ ក៏បានអំពាវនាវគោរពអញ្ជើញដល់ប្រជាពុទ្ធបរិស័ទ បងប្អូនប្រជាពលរដ្ឋ ញាតិមិត្តជិតឆ្ងាយ ក៏ដូចជាមន្រ្តីរាជការ ចូលរួមក្នុងពិធីបុណ្យសពឧបាសិកា ប៉ិល សុខា ផងដែរ ដែលកំពុងតម្កល់នៅគេហដ្ឋាននៃសព ស្ថិតនៅផ្ទះលេខ១០ ផ្លូវលេខ១០៨ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ (ជាប់ផ្សាររាត្រីមាត់ទន្លេ)។
ពិធីបុណ្យសពឧបាសិកា ប៉ិល សុខា នឹងត្រូវបន្តដល់ព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧ ស្អែកនេះ ហើយនឹងដង្ហែទៅបញ្ចុះនៅវត្តអង្គទួលក្រពើ ស្ថិតនៅតាមបណ្ដោយផ្លូវទំនប់កប់ស្រូវ ស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ (បើទៅពីស្ពានព្រែកព្នៅ វត្តអង្គទួលក្រពើនៅខាងស្ដាំដៃ)។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមអំពាវនាវដល់ប្រជាពុទ្ធបរិស័ទ បងប្អូនប្រជាពលរដ្ឋ ញាតិមិត្តជិតឆ្ងាយ ក៏ដូចជាមន្រ្តីរាជការ សូមអញ្ជើញចូលរួមក្នុងពិធីបុណ្យសពនៅថ្ងៃសៅរ៍នេះ និងនៅថ្ងៃអាទិត្យស្អែក ដើម្បីឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធសពឧបាសិកា ប៉ិល សុខា និងដើម្បីចូលចាប់មគ្គផលរៀងៗខ្លួន។ ម្យ៉ាងទៀត ក៏សូមថ្លែងអំណរគុណជូនចំពោះបងប្អូនប្រជាពលរដ្ឋ ញាតិមិត្ត លោក-លោកស្រីទាំងអស់គ្នា ដែលបានចូលរួមក្នុងពិធីបុណ្យសព តាំងពីចាប់ផ្ដើមមកផងដែរ។
សូមជម្រាបថា គ្រួសារសពឧបាសិកា ប៉ិល សុខា ក៏នឹងរៀបចំពិធីបុណ្យគម្រប់៧ថ្ងៃជាបន្តទៀត ហើយក៏សូមគោរពអញ្ជើញប្រជាពុទ្ធបរិស័ទ បងប្អូនប្រជាពលរដ្ឋ ញាតិមិត្តជិតឆ្ងាយ និងមន្រ្តីរាជការទាំងអស់ ចូលរួមក្នុងពិធីបុណ្យឲ្យបានកុះករផងដែរ៕