(ព្រះសីហនុ)៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ និងរហូតមកដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧នេះ ព័ត៌មានផ្អើលចាប់ក្មេងៗ វះយកគ្រឿងក្នុងនៅខេត្តព្រះសីហនុ តាមបណ្ដាញសង្គម Facebook បាននឹងកំពុងចែកចាយតគ្នាពេញទឹកពេញដី រហូតមានការចាប់ខ្លួនជនដែលចាប់ក្មេងៗ វះយកគ្រឿងក្នុងនេះទៀតផង។
ឆ្លើយតបនឹងព័ត៌មានមិនពិត ដែលនាំឲ្យប៉ះពាល់ដល់សន្ដិសុខសង្គម និងប្រទេសជាតិខាងលើនេះ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានចេញមកច្រានចោលទាំងស្រុង និងបញ្ជាក់ការពិតដល់សាធារណជនទាំងអស់ ដើម្បីកុំឲ្យបន្ដយល់ច្រឡំ និងសូមបញ្ឈប់ការចែកចាយព័ត៌មានបែបនេះបន្ដទៀត។
ជុំវិញករណីភ្ញាក់ផ្អើលបំពុលបរិយាកាសខាងលើនេះ លោកឧត្តមសេនីយ៍ស្នងការ បានអះអាងថា កាលពីម្សិលមិញគណនី Facebook មួយឈ្មោះ «ពៅ វីរៈបុត្រ» បានចុះផ្សាយនៅព័ត៌មានមិនពិតថា មានគេដើរចាប់ក្មេងវះពោះយកគ្រឿងក្នុងនៅខេត្តព្រះសីហនុ ដោយបង្ហាញរូបក្មេងត្រូវគេចង និងរូបជនសង្ស័យម្នាក់ ត្រូវគេចាប់ចងដៃទៅក្រោយ ដែលធ្វើឲ្យមានការចែករំលែកព័ត៌មានពីម្នាក់ទៅម្នាក់ យ៉ាងច្រើននាក់។
ចំពោះករណីនេះក្រោយទទួលបានភ្លាម លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាឲ្យកម្លាំងជំនាញ និងកម្លាំងមូលដ្ឋានចុះទៅស្រាវជ្រាវជាបន្ទាន់ ដោយរកឃើញថា ជនម្នាក់ដែលត្រូវបានគេចាប់ចងដៃទៅក្រោយនេះ ក្រោយពីការសួរនាំទៅ គាត់គឺជាអ្នកបោសសំរាម និងទុកដាក់សំរាម នៅផ្សារវាលរេញ ហើយជាមនុស្សចូលចិត្តផឹកស្រា។
លោកបានបញ្ជាក់យ៉ាងដូច្នេះថា «បុរសខាងលើនេះ ជាមនុស្សស្នាក់នៅខាងក្រោយផ្សារវាលរេញ គ្មានសាច់ញាតិ ផ្ទះសំបែងត្រឹមត្រូវទេ ហើយក៏មិនវិកលចរិក(ឆ្កួត)នោះទេ គ្រាន់ជាមនុស្សផឹកស្រាច្រើនវង្វេង ភាគច្រើនអ្នកនៅផ្សារតែងឃើញបុរសនោះ យួរសំរាមចេញពីក្នុងផ្សារនឹង ចាំទទួលសម្រាប់បោះចូលធុង រថយន្តរបស់ស៊ីន ទ្រីដែលដាក់នៅមុខផ្សារវាលរេញ ជារៀងរាល់ល្ងាច គ្រាន់បានកំរ៉ៃពីផ្សារ ពីអាជីវករទិញស្រាហួបនៅទីនោះ ជាមនុស្សផឹកមិឡូឡាទេ ហើយកម្រដើរឆ្ងាយណាស់ ដូចនេះសូមមហាជនជ្រាប»។
នៅពេលរសៀលថ្ងៃម្សិលមិញ បុរសរូបនេះដែលគ្មានផ្ទះសំបែង គ្មានសាច់ញាតិ ពោលស្នាក់នៅក្រោយផ្សារវាលរេញ បានធ្វើដំណើរទៅដល់ក្រុងព្រះសីហនុ ដោយស្រវឹងវង្វេងវង្វាន់ស្មារតី ហើយបានយកពូថៅទៅចេញកាប់ក្មេងៗ និងមនុស្សធំ រហូតប្រជាពលរដ្ឋបាននាំគា្នទៅចាប់ចង ហើយរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានរបស់លោក ចុះទៅសួរនាំ និងយកមកកាន់ប៉ុស្ដិ៍នគរបាល។
ពេលមកដល់ប៉ុស្ដិ៍សួរនាំក៏មិនឆ្លើយ តែក្រោយការស្រាវជ្រាវក៏រកឃើញទីកន្លែងធ្វើការ និងស្នាក់នៅក្រោយផ្សារវាលរេញ ក៏បានឲ្យងូតទឹក និងស្លៀកពាក់ ជិះរថយន្ដតាក់ស៊ី ឲ្យត្រឡប់ទៅវិញ ដូច្នេះគឺជាព័ត៌មានមិនពិត។ ជាមួយគ្នានេះលោកឧត្តមសេនីយ៍ស្នងការ ក៏បានឲ្យមន្ដ្រីរបស់លោក ឆ្លើយតបខមិនចូលទៅកាន់គណនី Facebook ដែលបានបង្ហោះនោះហើយ ប៉ុន្ដែមិនឆ្លើយតប ព្រមទាំងប្លុកចោលទៀតផង។
ការមិនឆ្លើយតបយ៉ាងដូច្នេះលោកឧត្តមសេនីយ៍ ជួន ណារិន្ទ បានព្រមានថា នឹងដាក់ពាក្យបណ្ដឹងជាផ្លូវការ ចាត់វិធានការតាមផ្លូវច្បាប់ ក្នុងនាមជាសមត្ថកិច្ចដោយបុគ្គលរូបនេះ មិនចេញមកបំភ្លឺការពិត។
លោកឧត្តមសេនីយ៍ស្នងការ ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទូទៅកុំមានការភ័ន្ដច្រឡំ ពីករណីចាប់ក្មេងវះយកគ្រឿងក្នុងបែបនេះតទៅទៀត គឺវាមិនពិត ហើយធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សន្ដិសុខសង្គមតែម្ដង៕