(ភ្នំពេញ)៖ ក្រុមការងារពិព័ណ៌អន្ទាក់ សហការជាមួយនឹងអង្គការ wildlife Aliance បានរៀបចំការតាំងពិព័ណ៌ រូបថតស្តីពី «ជីវិតសត្វព្រៃនៅក្នុងប្រទេសកម្ពុជា» ក្រោមប្រធានបទ «អន្ទាក់» នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧នេះ នៅសង្កាត់បឹងកេងកង រាជធានីភ្នំពេញ។ ពិព័ណ៌នេះ មានការចូលរួមពីស្ថានទូតនានានៅប្រទេសកម្ពុជា អង្គការ សង្គមស៊ីវិល សិល្បករសិល្បការិនី និងអ្នកធ្វើការ ពាក់ព័ន្ធ នឹងសត្វព្រៃចូលរួមយ៉ាងច្រើនកុះករ។
ពិព័ណ៌រូបថត«សត្វព្រៃ» បានចូលរួមចំណែកផ្សព្វផ្សាយ ការទប់ស្កាត់បទល្មើសជួញដូរសត្វព្រៃខុសច្បាប់នៅកម្ពុជា និងបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ ទៅដល់សាធារណជន ឲ្យចូលរួមថែរក្សា ការពារសត្វព្រៃ ឲ្យស្ថិតនៅគង់វង្ស យូរអង្វែងបន្តទៀត។
ព្រឹត្តិការណ៏អន្ទាក់នេះ ត្រូវបានចូលរួមចំរុះរវាងតារាសិល្បៈកម្ពុជា ហើយនិងអង្គការអភិរក្សសត្វព្រៃនានាក្នុងប្រទេសកម្ពុជាដូចជា៖ (អង្គការWildlife Alliance អង្គការ WWF អង្គការWildlife Conservation Society អង្គការConservation International អង្គការFauna and Flora International អង្គការBirdlife International Cambodia អង្គការFree the Bears)។ គោលបំណងនៃព្រឹត្តិការណ៏អន្ទាក់ នេះគឺដើម្បីបង្កើនការយលល់ដឹងទៅដល់អ្នកដែលចូលចិត្តបរិភោគសាច់សត្វព្រៃនៅកម្ពុជាអោយ បានយល់ពីផលប៉ះពាល់នៃការទិញ និងការបរិភោគសាច់សត្វព្រៃនេះ។
កម្មវិធីពិព័ណ៌រូបថតនេះ រៀបចំឡើងក្នុងគោលបំណងបង្ហាញដល់មហាជន ឲ្យបានយល់ដឹងពីការរស់នៅរបស់សត្វព្រៃការ ថយចុះ និងការប្រឈមមុខបាត់បង់វត្តមាន របស់សត្វព្រៃ ក្នុងប្រទេសកម្ពុជា ដោយសារការបរបាញ់ និងការដាក់ អន្ទាក់ខុសច្បាប់ គ្រប់ប្រភេទ របស់ព្រានព្រៃ។ បន្ថែមពីលើនេះ កម្មវិធីពិព័ណ៌នេះ ក៏មានគោលដៅសំខាន់ ដើម្បីចូល រួមការពារសត្វព្រៃ និងប្រឆាំងការជួញដូរសត្វព្រៃជាដើម។
រូបថតជាច្រើនសន្លឹក ដែលបានដាក់បង្ហាញ នៅក្នុងកម្មវិធីនេះ បានបូកបញ្ចូលពីសិល្បៈ នៃការតុបតែងខ្លួនរបស់ ជនល្បីៗ១០រូប ដោយតម្រូវឲ្យពួកគាត់ ជាប់អន្ទាក់ពិតៗរបស់ព្រានព្រៃដូចជា អង្គប់ ការព្យួរជើងឡើងទៅលើ និង ការចាប់ដាក់ក្នុងទ្រុងជាដើម ដើម្បីឲ្យគាត់បានដឹងពីភាពឈឺចាប់ របស់សត្វព្រៃ និងពេលត្រូវបានប្រមាញ់ ដោយ ព្រានព្រៃ។
ក្រៅពីការដាក់តាំងបង្ហាញនេះ ក៏មានការទស្សនាខ្សែភាពយន្តខ្លីស្តីពី «ជីវិតពិតរបស់អ្នកល្បាតព្រៃ ក្នុងប្រទេស កម្ពុជា និងការទស្សនាពីការសម្តែងសិល្បៈជាច្រើនទៀតផងដែរ។
កន្លងមក សកម្មភាពជួញដូរសត្វព្រៃខុសច្បាប់ ភាគច្រើនកើតឡើងនៅតាមបណ្តាខេត្តជាប់ព្រំដែនមួយចំនួន រួមមាន ខេត្តស្ទឹងត្រែង ក្រចេះ និងមណ្ឌលគីរី និងរតនគីរី និងនៅខេត្តកណ្តាល ហើយក៏មាននៅតាមបណ្តាហាង មួយចំនួន ក្នុងរាជធានីភ្នំពេញ បានដាក់លក់សត្វព្រៃជាហូរហែរ តែមិនបានបើកជំហរនោះទេ។ ទោះបីមានការទប់ស្កាត់ពី ក្រុម សមត្ថកិច្ចយ៉ាងណាក្តី ប៉ុន្តែ សកម្មភាពល្មើសច្បាប់នេះ នៅតែមិនអាចទប់ស្កាត់បាន នៅឡើយទេ រហូតមកដល់ ពេលនេះ។
ដោយមើលឃើញបែបនេះ ក្រុមការងារពិព័ណ៌អន្ទាក់ សហការជាមួយនឹងអង្គការ wildlife Aliance បានរៀបចំ កម្មវិធីពិព័ណ៌នេះឡើង ដោយបែងចែកជា២លើក ដោយលើកទី១ រៀបចំធ្វើ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧នេះ នៅហាងកាហ្វេ Felix Cafe និងលើកទី២ រៀបចំធ្វើនៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧ នៅផ្សារទំនើបអ៉ីអនម៉ល ដោយអនុញ្ញាតឲ្យមហាជនចួលរួមទស្សនាដោយសេរី។
គួរបញ្ជាក់ថា សត្វព្រៃនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ត្រូវបានថយចុះលឿនជាងគេបើធៀបទៅនឹងកន្លែង ផ្សេងទៀតនៅលើពិភពលោក។ ការសិក្សាថ្មីមួយបានបង្ហាញថាថនិកសត្វដែលមានរាងកាយធំៗទាំងអស់នៅក្នុងតំបន់នេះបានបាត់បង់ច្រើនជាង 80% នៃជួរភូមិសាស្រ្តរបស់ខ្លួនចាប់តាំងពីឆ្នាំ១៩០០។ រមាសនិងគោព្រៃបានផុតពូជពីក្នុងប្រទេសកម្ពុជា ខណៈពេលដែលសត្វខ្លាមិនត្រូវបានបានគេកត់ត្រាទុកទេតាំងពីឆ្នាំ២០០៧មកម៉្លេះ។
របាយការណ៍ខាងលើ បានមើលឃើញថា កត្តាចម្បងមួយនៃវិបត្តិសត្វផុតពូជនេះគឺការប្រម៉ាញ់ ខុសច្បាប់ទៅលើ សត្វព្រៃ មួយផ្នែកធំតាមរយៈការប្រើប្រាស់អន្ទាក់ដែលមានលក្ខណៈសាមញ្ញ និងមានតម្លៃថោកប៉ុន្តែវាមាន ប្រសិទ្ធិភាព មិនគួរឱ្យជឿថា វាគឺជាឃាតករ។
ជារៀងរាល់ឆ្នាំ អន្ទាក់រាប់លាន ដែលត្រូវបានកំណត់ទូទាំងព្រៃ នៃតំបន់អាស៊ីត្រូពិច ដែលបានរៀបចំ ដោយក្រុម ឧក្រិដ្ឋជនគោលដៅរបស់ពួកគេ គឺសាច់សត្វព្រៃ ហើយបន្ទាប់មក សាច់សត្វព្រៃ ដែលបានពីការដាក់អន្ទាក់ត្រូវ បានលក់ទៅឱ្យឈ្មួញកណ្តាល។
អន្ទាក់ទាំងនេះ បានបង្កប់ខ្លួនយ៉ាងស្ងៀមស្ងាត់ នៅក្នុងព្រៃត្រូពិចនៃតំបន់ព្រៃធម្មជាតិ ជាអកុសលរបស់សត្វណា មួយគ្មានសំណាង ហើយសត្វនោះបានដើរទៅចូលអន្ទាក់ ជាការពិតណាស់សត្វនោះ នឹងត្រូវបានស្លាប់ នៅក្នុង អន្ទាក់៕