(មណ្ឌលគិរី)៖ បុរសជនជាតិភ្នងម្នាក់ នៅស្រុកកោះញែក ត្រូវបានខ្មាន់កាំភ្លើងមិនស្គាល់មុខ ធ្វើការបាញ់ប្រហារ ដោយអាវុធ AK មួយគ្រាប់ ធ្លាយក្បាលតែពេលនេះ ជនរងគ្រោះនៅមានជីវិតនៅឡើយ។
ហេតុការណ៍នេះ កើតឡើងនៅយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ កើតឡើងនៅចំណុចផ្ទះចាំស្រែអូរណំ ស្ថិតក្នុភូមិក្លងឡែ ឃុំសុខសាន្ត ស្រុកកោះញែក ខេត្តមណ្ឌលគិរី។
មន្ដ្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ម្រើម ឌី អាយុ៣៧ឆ្នាំ ត្រូវបានខ្មាន់កាំភ្លើងបាញ់ដោយអាវុធ AK ត្រូវពីថ្ងាសខាងឆ្វេង ធ្លាយក្បាលគ្រាប់ មកចុងភ្នែកខាងស្តាំ រងរបួសធ្ងន់ ហើយត្រូវបានក្រុមគ្រួសារ និងនគរបាលបញ្ជូនមកសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យស្រុកកោះញែក ហើយដោយសារសភាពធ្ងន់ធ្ងរពេក ក្រុមគ្រូពេទ្យបានបញ្ជូនមកមន្ទីតពេទ្យខេត្ត ហើយក៏ត្រូវបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យរាជធានីភ្នំពេញ។
អំពើបាញ់ប្រហារដ៍សាហាវបែបនេះ សមត្ថកិច្ចពុំទាន់ហ៊ានអះអាងថា មកពីមូលហេតុអ្វីឲ្យពិតប្រាកដនោះឡើយ តែករណីមួយនេះ ត្រូវបានប្រភពបានធ្លាយចេញពីអ្នកស្រុកអ្នកភូមិនៅទីនោះ ខ្សឹបខ្សៀវគ្នា បុរសរងគ្រោះនោះចេះ អំពើអាបធ្មប់។
ទោះបីយ៉ាងណា លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧នេះ បានបញ្ជាឲ្យកងកម្លាំងប្រដាប់អាវុធ និងសមត្ថកិច្ចពាក់ព័ន្ធ នៅក្នុងខេត្តត្រូវ តែចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវឲ្យដល់កន្លែងកើតហេតុ ដើម្បីឈានទៅរកចាប់ជនបង្ក យកមកផ្ដន្ទាទោសតាមច្បាប់ឲ្យខាងតែបាន។
លោក សូរ សុវណ្ណ ស្នងការរងខេត្តមណ្ឌលគិរី ដោយមានការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ អ៊ុក សំណាង កំពុងដឹកនាំកម្លាំងចុះទៅស្រាវជ្រាវនៅទីតាំងកើតហេតុទាំងយប់ ហើយនៅមុននេះបន្តិច លោក សូរ សុវណ្ណ បានប្រាប់ថា អត្តសញ្ញាណរបស់ខ្មាន់កាំភ្លើង សមត្ថកិច្ចកំពុងធ្វើការកំណត់មុខសញ្ញាបានខ្លះៗហើយ ដោយកំពុងធ្វើការស្រាវជ្រាវបន្ដទៀត៕