(ភ្នំពេញ)៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០១៧ នឹងត្រូវរៀបចំឡើង នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ខាងមុខនេះ, ដើម្បីជាការជំនួយស្មារតី ដល់សិស្សានុសិស្សដែល ត្រៀមការប្រឡងដ៏សំខាន់នេះ អង្គភាព Fresh News សូមលើកយកនូវបទបញ្ញតិមួយចំនួន ដែលក្រសួងអប់រំ យុវជន និងកីឡា បានកំណត់មកជម្រាបជូនដូចខាងក្រោម៖
១៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៧ ប្រព្រឹត្តទៅនៅថ្ងៃទី២១-២២ ខែសីហា ឆ្នាំ២០១៧។
២៖ សម្រាប់ឆ្នាំ២០១៧ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៧នេះ គឺគ្មានការប្រឡងលើកទី២ ទេ ។
៣៖ ដើម្បីមានសិទ្ធិចូលប្រឡង បេក្ខជនត្រូវយកមកជាមួយ នូវប័ណ្ណសម្គាល់ខ្លួន សម្រាប់បេក្ខជនចំណេះទូទៅ និងបំពេញវិជ្ជា និងសលាកបត្រឯកត្តជន សម្រាប់បេក្ខជនស្វៃរិនចំណេះទូទៅ និងបំពេញវិជ្ជា។
៤៖ ប្រសិនបើបេក្ខជនបាត់ប័ណ្ណសម្គាល់ខ្លួន ឬសលាកបត្រឯកត្តជន ត្រូវ៖ មុនកាលបរិច្ឆេទប្រឡង បេក្ខជនចំណេះទូទៅ និងបំពេញវិជ្ជា ត្រូវទាក់ទងជាមួយគណៈគ្រប់គ្រងសាលា រីឯបេក្ខជនស្វៃរិន ត្រូវទាក់ទងជាមួយមន្ទីរអប់រំ យុវជន និងកីឡា ឲ្យបានឆាប់បំផុត ដើម្បីស្នើសុំប័ណ្ណសម្គាល់ខ្លួន សលាកបត្រឯកត្តជនថ្មី ឬលិខិតបញ្ជាក់។ ក្នុងពេលដំណើរការសំណេរ បេក្ខជនត្រូវទាក់ទង ប្រធានមណ្ឌល ដើម្បីស្នើសុំលិខិតអនុញ្ញាតឲ្យចូលប្រឡង។
៥៖ បញ្ជីឈ្មោះបេក្ខជន លេខតុ លេខបន្ទប់ និងបទបញ្ញត្តិផ្សេងៗទាក់ទងនឹងការប្រឡង នឹងបិទផ្សព្វផ្សាយ តាមមណ្ឌលប្រឡង ចាប់ពីម៉ោង៩ព្រឹក ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧។
៦៖ សម្ភារៈដែលត្រូវបាន អនុញ្ញាតឲ្យបេក្ខជនយកចូល ក្នុងបន្ទប់ប្រឡង ដូចជា ប៊ិកពណ៌ខៀវ ខ្មៅដៃ បន្ទាត់ ដែកឈាន រ៉ាបព័រទ័រ។
៧៖ បេក្ខជនមិនអាចប្រើម៉ាស៊ីនគិតលេខ ក្នុងពេលប្រឡងបានទេ។ ហេតុផលមិនអនុញ្ញាតឲ្យ ប្រើម៉ាស៊ីនគិតលេខ គឺដើម្បីធានានូវសមភាព និងយុត្តិធម៌សម្រាប់បេក្ខជនទាំងអស់។ ការរៀបចំនូវវិញ្ញាសានីមួយៗបានគិតគូរយ៉ាងល្អិតល្អន់ ផ្អែកទៅតាមពេលវេលាដែលបានកំណត់។ ម៉ាស៊ីនគិតលេខ មានច្រើនប្រភេទរាប់មិនអស់ មានមុខងារប្រើប្រាស់តិច ឬច្រើនទៅតាមតម្លៃខ្ពស់ ឬទាប ដែលពុំមានសមធម៌ និងយុត្តិធម៌សម្រាប់បេក្ខជនទាំងអស់។ ការគិតលេខដោយខួរក្បាល នឹងបង្កើនភាពរស់រវើក ធ្វើឲ្យមានការចងចាំបានល្អ។
៨៖ បេក្ខជនណាដែលមានសៀវភៅឯកសារ ឬសំណៅឯកសារសរសេររូបមន្តលើបន្ទាត់ ឬក្រដាសសដោយ ដែកចារ ការចម្លងរូបមន្ត ឬមេរៀននៅលើតុទុកជាមុន ការសរសេរលើបាតដៃ លើភ្លៅ លើទ្រនាប់ជើងលើកន្សែងជូតមុខ។ល។ ក្នុងបន្ទប់ប្រឡងបេក្ខជននោះ នឹងបានពិន្ទុសូន្យចំពោះវិញ្ញាសានោះ និងត្រូវបញ្ឈប់មិនឲ្យប្រឡងបន្តទៅទៀត ក្នុងសម័យប្រឡងនេះ។
៩៖ បេក្ខជនណាដែល អើតមើលសន្លឹកកិច្ចការអ្នកដទៃបេក្ខជននោះ នឹងបានពិន្ទុសូន្យចំពោះវិញ្ញាសានោះ និងត្រូវបញ្ឈប់មិនឲ្យប្រឡងបន្តទៅទៀតក្នុងសម័យប្រឡងនេះ។
១០៖ ចំពោះបេក្ខជនដែលឲ្យគេប្រឡងជំនួស ត្រូវបានកំណត់ឲ្យធ្លាក់ និងផ្អាកមិនឲ្យប្រឡងពីរឆ្នាំបន្តបន្ទាប់។ ដោយឡែក បេក្ខជនដែលប្រឡងជំនួសគេ នឹងត្រូវបញ្ជូនទៅស្ថាប័នមានសមត្ថកិច្ច ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់ជាធរមាន។
១១៖ បេក្ខជនណាដែលចម្លងសំណៅកិច្ចការពីអ្នកដទៃ ឬយកកិច្ចការអ្នកដទៃមកដាក់នៅកន្លែងដែលខ្លួន អង្គុយបេក្ខជននោះនឹងបានពិន្ទុសូន្យ ចំពោះវិញ្ញាសានោះ និងត្រូវបញ្ឈប់មិនឲ្យប្រឡងបន្តទៅទៀត ក្នុងសម័យប្រឡងនេះ។
១២៖ វិញ្ញាសាប្រឡងនៃមុខវិជ្ជាជម្រើស សម្រាប់ការប្រឡងបាក់ឌុបឆ្នាំនេះ៖ ថ្នាក់វិទ្យាសាស្ត្រ គឺប្រវត្តិវិទ្យា និងថ្នាក់វិទ្យាសាស្ត្រសង្គម គឺផែនដី និងបរិស្ថានវិទ្យា
១៣៖ ពិន្ទុត្រូវបានកំណត់ឲ្យជាប់ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ គឺ ២៣៩ពិន្ទុ។ ក្រសួងពន្យល់ថា របបពិន្ទុប្រឡងអតិបរមា៥០០ពិន្ទុ ប៉ុន្តែដោយមុខវិជ្ជាភាសាបរទេស ជាវិញ្ញាសាតាមស្ម័គ្រ ដូច្នេះពិន្ទុប្រឡងជាប់គឺ ៥០០ ដក២៥ រួចចែកនឹង២ ស្មើនឹង២៣៧.៥ពិន្ទុ យកត្រឹម ២៣៧ពិន្ទុ ជាប់។
សូមជម្រាបថា ការប្រឡងបាក់ឌុបឆ្នាំនេះ នឹងត្រូវប្រកាសលទ្ធផល នៅតាមមណ្ឌលប្រឡងនីមួយៗ នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ សម្រាប់មណ្ឌលប្រឡង នៅរាជរាធានីភ្នំពេញ និងខេត្ដកណ្ដាល និងនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ សម្រាប់មណ្ឌលប្រឡងនៅខេត្តផ្សេងៗទៀត៕