(ភ្នំពេញ)៖ ប្រធានស្តីទីគណបក្សសមរង្ស៊ី លោក ទាវ វណ្ណុល បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងនៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧នេះថា គណបក្សសមរង្ស៊ី កំពុងត្រៀមប្រកាសឈ្មោះថ្មីមួយ បន្ទាប់ពីវិសោធនកម្មច្បាប់នយោបាយថ្មីចូលជាធរមាន។ ប៉ុន្តែលោកថា ឈ្មោះថ្មីនោះ នឹងមិនត្រូវបានប្រកាសទេ បើគណបក្សលោក មិនបានឃើញនូវសេចក្តីប្រកាសណាមួយ អំពីការចូលជាធរមានរបស់ច្បាប់នេះ។
បើទោះជាឈ្មោះថ្មីនេះ ត្រូវបានរៀបចំដើម្បីឱ្យស្របតាមច្បាប់គណបក្សនយោបាយថ្មីក៏ដោយ ក៏លោក ទាវ វណ្ណុល បានបដិសេធ មិនបង្ហើបប្រាប់ Fresh News ថាឈ្មោះថ្មីរបស់ គណបក្សសមរង្ស៊ី នាពេលនេះ ត្រូវដាក់ថាយ៉ាងម៉េចនៅឡើយទេ ខណៈដែលអ្នកសារព័ត៌មាន ជជីកសួរជាច្រើនដង។
សូមបញ្ជាក់ថា បើតាម លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានឱ្យដឹងថា វិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយថ្មី បានចូលជាធរមាន កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ ម្សិលមិញនេះ ដែលប្រកាសឱ្យប្រើប្រាស់ដោយ ប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា។
សេចក្តីស្នើវិសោធនកម្ម ច្បាប់ស្តីពីគណបក្សនយោបាយ ត្រូវបានផ្តួចផ្តើមឡើងជាថ្មី ដោយក្រុមតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា។
ច្បាប់ថ្មីនេះត្រូវបានកែប្រែចំនួន ៥មាត្រា ក្នុងនោះមាត្រា ៦ថ្មី(ពីរ) មាត្រា១១(ថ្មី) មាត្រា៤៤ថ្មី(ពីរ) មាត្រា៤៥ថ្មី(ស្ទួន) និងមាត្រា៤៨ថ្មី (សួន) ជាដើម។ មាត្រា៦ ថ្មី(ពីរ) បានកំណត់ថា គណបក្សនយោបាយមិនត្រូវឃុបឃិត ឬប្រើប្រាស់សារជាសំឡេង រូបភាពឯកសារជា លាយលក្ខណ៍អក្សរ ឬសកម្មភាព របស់ទណ្ឌិតជាប់ទោសបទឧក្រិដ្ឋ ឬពីបទមជ្ឈឹម ដើម្បីជាផលប្រយោជន៍នយោបាយខ្លួនឡើយ។
ដោយឡែក មាត្រា៤៨ថ្មី (សួន) ក៏បានកំណត់មិនអនុញ្ញាតឱ្យ គណបក្សនយោបាយណា មានឈ្មោះ ឬរូបរបស់រូបវ័ន្តបុគ្គលផងដែរ៕