(កណ្តាល)៖ ថ្វីត្បិតតែមានពាក្យបណ្តឹងមួយ ដែលមានស្នាមមេដៃប្រជាពលរដ្ឋជាច្រើនគ្រួសារ នៅក្នុងឃុំព្រែកទន្លាប់ បានប្តឹងអតីតមេឃុំព្រែកទន្លាប់ លោក ងី សារី ថារំលោភយកដីប្រឡាយ និងទំនប់ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ហើយបិទផ្លូវមិនឲ្យអ្នកស្រុកធ្វើដំណើរចូលទៅអាស្រ័យផល ក្នុងបឹងអតីតឡូត៍លេខ៦ ដែលគេបង្ហោះក្នុងបណ្តាញសង្គម Facebook កាលពីដើមខែកក្កដាកន្លងទៅ រហូតមកដល់ពេលនេះ នៅតែមានផ្ទុះការតវ៉ាពីសំណាក់ប្រជាពលរដ្ឋ នៅឃុំព្រែកទន្លាប់ រាប់រយគ្រួសារដែលប្រឆាំងនឹងបណ្តឹងនោះ ដោយអះអាងថា ពាក្យបណ្ដឹងនោះមិនពិតនោះឡើយ។
ក្រៅពីការមិនទទួលស្គាល់ពាក្យបណ្ដឹងនោះហើយ ប្រជាពលរដ្ឋរាប់រយគ្រួសារ ក៏បានចេញមុខមកបដិសេធថា ស្នាមមេដៃនោះមិនមែនជាខ្លួនរបស់ឡើយ ដោយអ្នកខ្លះកំពុងព្រួយបារម្ភខ្លាចមានឈ្មោះ និងស្នាមមេដៃរបស់ខ្លួនទៀតផង។
លោកពូ ឈិន ឈឿត រស់នៅភូមិព្រែកបាក់ ឃុំព្រែកទន្លាប់ ស្រុកលើកដែក បាននិយាយថា គាត់មករកអុសនៅទីនេះជារៀងរាល់ថ្ងៃ កន្លែងនេះកាលពីមុនមិនអាចចូលកង់រួចនោះទេ ពេលគាត់មករកអុសម្តងៗ គឺត្រូវលីបាច់អុសយកទៅផ្ទះដើរដោយថ្មើរជើង ប៉ុន្តែពេលនេះ មានការអភិវឌ្ឍន៍ មានផ្លូវអាចឲ្យគាត់ជិះកង់រុករកអុសបានដល់ទីតាំង ហើយដឹកយកមកផ្ទះដោយមិនពិបាកដូចមុន។
គាត់បន្តថា តាំងពីដើមមកដល់ពេលនេះ គឺមិនដែលមានអ្នកណាហាមឃាត់ប្រជាពលរដ្ឋ មិនឲ្យចូលទៅបេះត្រកួន ព្រលិត រកអុសនិង នេសាទត្រី នោះទេ ហើយផ្លូវនេះ លោកអតីតមេឃុំឈ្មោះ ងី សារី ជាអ្នកអភិវឌ្ឍន៍ គឺគាត់បើកជាទូទៅសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរតែម្តង ហើយគាត់ក៏បានសំណូមពរដល់លោក ងី សារី អតីតមេឃុំព្រែកទន្លាប់ បច្ចុប្បន្នប្តូរមកជាជំទប់ទី២នោះ ឲ្យជួយធ្វើផ្លូវនេះបានកាន់តែស្អាតបន្ថែមទៀត ទោះបីមានជនមួយចំនួនចេះតែថានោះក៏ដោយ។
ដោយឡែកអតីតមេភូមិព្រែកបាក់ បច្ចុប្បន្នជាប្រជាពលរដ្ឋ នៅក្នុងភូមិព្រែកបាក់ បាននិយាយថា កន្លងមកឃើញថាមានសកម្មភាពផ្តិតមេដៃប្តឹង អំពីការអភិវឌ្ឍន៍របស់លោក ងី សារី អតីតមេឃុំព្រែកទន្លាប់ បច្ចុប្បន្នគាត់ជាជំទប់ទី២ នៃឃុំព្រែកទន្លាប់។ ដូច្នេះលោកសូមបកស្រាយឲ្យបានច្បាស់ អំពីចំណុចដែលគាត់អភិវឌ្ឍន៍ទំនប់នេះ ព្រោះបច្ចុប្បន្នប្រជាពលរដ្ឋមួយចំនួនប្តឹងលោកថា បានអភិវឌ្ឍន៍យកទំនប់ជាកម្មសិទ្ធរបស់គាត់ ដូច្នេះលោកសូមបំភ្លឺថា ដីនេះគឺជាដីរបស់លោកស្រី ផាន់ សាវឿន ខាងកើត ខាងលិច ខាងជើង ក៏ជាដីរបស់លោកស្រី ផាន់ សាវឿន ដែរ រឿងអីដែលលោក ងី សារី មកធ្វើការអភិវឌ្ឍន៍យកទំនប់នេះបាន? គឺមិនអាចយកបាននោះទេ លុះត្រាតែមានការឯកភាពពីម្ចាស់ដី ចំពោះបញ្ហាទំនប់នេះ គឺពីដើមកុំថាតែមនុស្សដើរ គ្រាន់តែសត្វឆ្កែដើរមិនបានផង ឥឡូវគាត់ធ្វើរហូតដល់ជិះឡាន ជិះម៉ូតូបានដើរបាន តើបងប្អូនប្រជាពលរដ្ឋនោះ នៅចង់បានអីទៀត?
ពាក់ព័ន្ធនឹងការផ្តល់បទសម្ភាសន៍របស់ លោកតា ហម យឿន បានអះអាងថា លោក ងី សារី ទិញដី គឺបានឲ្យលុយគាត់តែ១ហិកតាទេ ឯ១ហិកតាទៀត គឺគាត់ក្រវ៉ាត់យក លោកអតីតមេភូមិព្រែកដាច់រូបនោះ ក៏បានបកស្រាយយ៉ាងច្បាស់ផងដែរថា រឿងនេះវាមិនមែនជាការពិតនោះទេ គឺជាការមួលបង្កាច់លោក ងី សារី ទាំងស្រុង ហើយបើលោកតា ហម យឿន និយាយបែបនេះ សូមឲ្យលោកតាមកចង្អុលថា តើកន្លែងណាជាដីរបស់គាត់ ហើយលោក ងី សារី បានក្រវ៉ាត់ដល់ដី របស់លោកតាហើយឬនៅ? ដែលគាត់ហ៊ានអះអាងដូច្នេះ ព្រោះលោកជាអ្នកវាស់វែង ជាអ្នកដើរទិញដីមិនមែន លោក ងី សារី ជាអ្នកដើរទិញដើរវាស់វែងនោះទេ។ លោក ក៏បានសំណូមពរដល់ លោក ងី សារី មេត្តាជួយស្តារ និងអភិវឌ្ឍន៍ផ្លូវនេះឲ្យកាន់តែល្អបន្ថែមទៀត។
អ្នកមីង ថាយ ថេង នៅភូមិព្រែកបាក់ ឃុំព្រែកទន្លាប់ អះអាងថា បច្ចុប្បន្នអ្នកមីងបានផ្លូវល្អ ងាយស្រួលធ្វើដំណើរ ជិះកង់ បើកម៉ូតូ ដែលកាលពីមុនផ្លូវនេះ សូម្បីតែដើរក៏មិនរួចដែរ ឥឡូវបានផ្លូវស្រួលដោយសារ លោកអតីតមេឃុំ បានអភិវឌ្ឍន៍ ហើយអ្នកមីងមកជាមួយប្រជាពលរដ្ឋផ្សេងទៀតថ្ងៃនេះ គឺដើម្បីចង់ដឹងរឿងដែលគេចោទ លោកអតីតមេឃុំ ងី សារី ថារំលោភយកដីធ្លីរបស់ប្រជាពលរដ្ឋ តែតាមដែលអ្នកមីងដឹង គឺលោក ងី សារី មិនដែលបានរំលោភយកដីធ្លីអ្នកណានោះទេ ព្រោះដីផ្លូវនេះមិនមែនជាដីរបស់លោកផង ហើយលោកបានជួយអភិវឌ្ឍន៍ ដើម្បីឲ្យប្រជាពលរដ្ឋប្រើប្រាស់ទាំងអស់គ្នាទៀត។
ពាក់ព័ន្ធនឹងពាក្យបណ្តឹងនេះ លោក ងី សារី អតីតមេឃុំព្រែកទន្លាប់ បច្ចុប្បន្នជាជំទប់ទី២ បានប្រាប់តាមទូរស័ព្ទឲ្យដឹងថា ករណីនេះលោកនឹងប្តឹងមេក្លោង ពីព្រោះការប្តឹងចោទប្រកាន់នោះ ខុសការពិតទាំស្រុង ព្រោះដីនោះមិនមែនដីរបស់លោកទេ ម្យ៉ាងទៀតចោទថា លោកបិទផ្លូវក៏មិនពិតដែរ លោកថាបើចង់ដឹងការពិត សូមទៅមើលដល់ចំណុចដីដោយផ្ទាល់ចុះ៕